ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លៀសហាល៦រសជាតិដ៏ល្បីនៅកំពង់ចាម ១កំប៉ុង ៦ពាន់រៀល
× កំពង់ចាម៖ លៀសហាល នៅតែជាអាហារដ៏ពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា។ នៅទីរួមខេត្តកំពង់ចាម ម្ដុំផ្លូវភ្លោះជាកន្លែងលក់លៀសហាលដ៏ល្បីមួយ ដែលមានអតិថិជនចោមរោមទិញឥតដាច់។ អ្នកស្រី សា វ៉ាត ជាអ្នកលក់មួយរូប ក្នុងចំណោមអ្នកលក់ជាច្រើនទៀតនៅទីនោះ។អ្នកលក់លៀសរូបនេះ ឲ្យដឹងថាក្នុងមួយថ្ងៃ គាត់អាចលក់លៀសហាលបានពី១៥០ ទៅ២០០កំប៉ុង និងអាចបានប្រាក់ចំណេញខ្ទង់១០ម៉ឺនរៀល។ បើតាមអ្នកលក់ដដែល លៀសមួយកំប៉ុងៗ មានតម្លៃពី២ពាន់រៀល ទៅ៦ពាន់រៀល ទៅតាមប្រភេទលៀស។ អ្នកស្រី សា វ៉ាត បញ្ជាក់៖ «តម្លៃវាខុសៗគ្នា។ លៀសទន្លេតូចៗ ១កំប៉ុង ២ពាន់រៀល។ លៀសគៀនជ្រៃ១កំប៉ុង ៣ ទៅ៤ពាន់រៀសតាមទំហំ និងលៀសទន្លេធំៗ តម្លៃ៦ពាន់រៀល ១កំប៉ុង»។
លៀសរបស់អ្នកស្រី វ៉ាត មាន៣ប្រភេទ គឺលៀសឆាអំពិលទុំ, លៀសប្រឡាក់អំបិលម្ទេស, លៀសប្រឡាក់អំបិលម្រេច។ ដោយសារមានច្រើនប្រភេទ និងរសជាតិច្រើន តាមតម្រូវការនោះ ទីនេះបានទាក់ទាញអតិថិជនឲ្យចេញចូលជាហូរហែ ចាប់ពីពីម៉ោង១០ព្រឹកតទៅ។ អ្នកស្រី សា វ៉ាត ដែលលក់លៀសហាលនេះប្រមាណ៣០ឆ្នាំមកហើយនោះ បញ្ជាក់ដូច្នេះ៖«មិនត្រឹមតែមានការចាប់អារម្មណ៍ពីអតិថិជនធម្មតានោះទេ សូម្បីតែតារា ដែលឆ្លងកាត់តំបន់នេះ ក៏ឈប់ទិញលៀសហាលខ្ញុំដែរ។ ដាច់ខ្លាំងពីម៉ោង១០ព្រឹកទៅ ហើយពេលខ្លះអត់បានបាយទឹកទេ ដាច់ពេក»។
ជារៀលរាល់ថ្ងៃ អ្នកស្រី សា វ៉ាត ត្រូវក្រោកនៅម៉ោង៥ព្រឹក លាងសម្អាតលៀសដែលបានត្រាំទឹកឲ្យចេញដីតាំងពីល្ងាច និងរើសលៀសណាមិនល្អចេញ។ បន្ទាប់មកអ្នកស្រីយកលៀសទាំងនោះ ទៅប្រឡាក់គ្រឿងដែលបានត្រៀមជាស្រេច ទៅតាមរសជាតិនីមួយៗ។។ ទោះបីរបរនេះ កាកកប់ក្ដី ក៏មានថ្ងៃខ្លះ អ្នកស្រី សា វ៉ាត ក៏បង់ខាតដែរ បើអាកាសធាតុមិនអំណោយផល។ បច្ចុប្បន្នអ្នកស្រី សា វ៉ាត លក់លៀសហាល២កន្លែង។ មួយនៅម្ដុំផ្លូវភ្លោះ ជាប់អគារវឌ្ឍនៈ និងមួយកន្លែងទៀត នៅជិតសាលាទួលថ្មជាប់អាងហែលទឹក ក្រុងកំពង់ចាម៕
Tag:
លៀសហាល
មុខរបរ
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com