ជាតិ
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ស្នើ​សាធារណជន​ឲ្យ​លើកតម្កើង​ម្ចាស់​ស្នាដៃ និង​ឈប់​គាំទ្រ​ជន​លួច​ចម្លង​
06, Apr 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ មហាជន និង​អ្នកសារព័ត៌មាន គឺជា​ភ្នែក​ច្រមុះ​របស់​ក្រសួង ក្នុងការ​ទប់ស្កាត់​បុគ្គ​ល​បំពាន​ច្បាប់​កម្មសិទ្ធិបញ្ញា និង​សិទ្ធិ​ប្រហាក់ប្រហែល រួមទាំង​ជន​ដែល​និពន្ធ​បទ​ចម្រៀង​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​។ មហាជន​មិនគួរ​លើកតម្កើង​ជន​ទាំងនោះ តែ​បែរមក​ឈប់​គាំទ្រ​ស្នាដៃ​របស់​ពួកគេ យូរ​ទៅ​បុគ្គល​ទាំងនោះ​នឹង​ខ្មាស​ខ្លួនឯង​។ នេះ​យោងតាម​ប្រសាសន៍​របស់លោក​ស្រី ភឿង ស​កុ​ណា  ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋសភា ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ទី​៧ ជាមួយ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​


 
​លោកស្រី  ភឿង ស​កុ​ណា  រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លើកទឹកចិត្ត​ដល់​មហាជន និង​អ្នកសារព័ត៌មាន ឱ្យ​រួមគ្នា​ជាមួយ​ក្រសួង​វប្បធម៌​ក្នុងការ​លើកកម្ពស់​ការ​គោរព​ច្បាប់​កម្មសិទ្ធិបញ្ញា​និង​សិទ្ធិ​ប្រហាក់ប្រហែល រួមទាំង​លើកតម្កើង​វប្បធម៌​ជាតិ តាមរយៈ​ស្នាដៃ​តែង​និពន្ធ​។ ការណ៍​នោះ​អាចធ្វើ​ទៅបាន ដោយ​ក្រសួង​មាន​វិធានការ​ទប់ស្កាត់​មិនឱ្យ​ចេញផ្សាយ​ស្នាដៃ​ដែល​បំពាន​ច្បាប់ និង​មិនមាន​សីលធម៌ ហើយ​មហាជន​និង​សារព័ត៌មាន​មិន​ចែក​ផ្សាយ​បន្ត រួមទាំង​មិន​ប្រើប្រាស់​ជន​នោះ​។ 
 
​លោកស្រី​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ដូច្នេះ​៖« មហាជន​ក៏​ជា​ភ្នែក​ច្រមុះ អ្នកកាសែត​ក៏​ជា​ភ្នែក​ច្រមុះ​ដែរ ក្នុងការ​ទ្រទ្រង់​វប្បធម៌​។ កុំ​លើក​តម្លៃ​អ្នក​ដែល​លួច​ស្នាដៃ និង​អ្នកនិពន្ធ​ដែល​មិនបាន​ផ្ដល់​គុណ​តម្លៃ​ដល់​វប្បធម៌​ជាតិ​។ ត្រូវយក​គំរូ​អ្នក​ដែល​គោរព​ច្បាប់ គោរព​ក្រមសីលធម៌ ឱ្យ​ក្លាយជា​គំរូ​របស់​សង្គម​។ ក្រសួង​មាន​វិធានការ​ទប់ស្កាត់​មិនឱ្យ​ចេញផ្សាយ ហើយ​អ្នក​ទាំងអស់គ្នា​មិន​ចែក​ផ្សាយ​បន្ត មិន​ហៅ​អ្នក​នោះមក​ធ្វើការ យូរ​ទៅ​គេ​រាង​ឯង​»​។ 


 
​កន្លងមក​មាន​ផលិតកម្ម និង​បុគ្គល​ឯកជន​មិនតិច​ឡើយ បាន​យក​ស្នាដៃ​កម្មសិទ្ធិបញ្ញា និង​ស្នាដៃ​ជា​សម្បត្តិ​របស់​ក្រសួង​វប្បធម៌ ទៅប្រើ​ប្រាស់​ក្នុងន័យ​ធ្វើ​អាជីវកម្ម ដែល​បំពាន​ច្បាប់ និង​ត្រូវ​ក្រសួង​ហៅ​ទៅ​អប់រំ​ណែនាំ​។ ថ្មីៗ​នេះ ក៏មាន​រឿងចម្រូងចម្រាស ឈានដល់​ការចាត់វិធានការ ករណី​បទ​ចម្រៀង​មរតក​ដើម​របស់លោក គ​ង្គ ប៊ុន​ឈឿន ដែល​ត្រូវ​ក្រុមហ៊ុន​មួយ យកទៅ​កាឡៃ​។ ទោះជា​យ៉ាងណា​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ប្រហាក់ប្រហែល មាន​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ តែ​បុគ្គល​មួយចំនួន​នៅតែ​បំពាន​។​
 
​ទាក់ទិន​នឹង​ស្នាដៃ​បទ​ចម្រៀង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​យ៉ាងច្បាស់​ថា កន្លងមក​ក្រសួង​មិន​តម្រូវឱ្យ​យក​ស្នាដៃ​ទៅ​ឆ្លង​ក្រសួង​ឡើយ ក្នុង​ហេតុផល​ផ្ដល់​សិទ្ធិ​និង​សេរីភាព​ដល់​អ្នកនិពន្ធ​។ តែ​អ្នកនិពន្ធ ក៏ត្រូវ​ផ្ដល់​តម្លៃ​ដល់​ស្នាដៃ​របស់ខ្លួន ឱ្យទៅជា​គំរូ​ល្អ​សម្រាប់​មហាជន​ដែរ​។  ក្នុងករណី​ចម្រៀង​មិនមាន​ក្រមសីលធម៌ និង​ធ្វើឱ្យប៉ះពាល់​តម្លៃ​វប្បធម៌​ជាតិ ក្រសួង​ក៏បាន​ប្រើ​វិធាន​ការអប់រំ​ណែនាំ​ច្រើន​ដែរ​។ 
 
​ដោយ​មើលឃើញថា ច្បាប់​កាលពី​ឆ្នាំ​២០០៣ នៅមាន​ភាពខ្វះខាត ក្រសួង​បានរៀបចំ​ធ្វើ​ពង្រាង​វិសោធនកម្ម​ច្បាប់ ស្ដីពី​ច្បាប់​បេតិកភណ្ឌ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០ ដល់​២០២៣ ដោយមាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួមគ្នា​ពិភាក្សា​៕
 

Tag:
 ក្រសួង​វប្បធម៌​
 ​សន្និសីទ​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com