ជាតិ
សៀវភៅ​និយាយ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្រាស់​ជាង​៧០០​ទំព័រ ត្រូវបាន​ផ្សព្វផ្សាយ​
06, Apr 2019 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀវភៅ​ស្តីពី​ប្រវត្តិ​ជីវិត ការតស៊ូ គ្រួសារ និង​កិច្ចការ​នយោបាយ​ប្រទេស របស់​សម្តេច ហ៊ុន សែន និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ដែល​កើតមាន​នៅក្នុង​ប្រទេស​ជាង​៤០​ឆ្នាំ​មកនេះ ត្រូវបាន​ចេញផ្សាយ​ជា​លើក​ទី​៣​ហើយ ដោយមាន​រហូតដល់​ទៅ​ជាង​៧០០​ទំព័រ​។​


 
​សៀវភៅ​នេះ​មា​នន​ចំណងជើង​ថា​``​ហ៊ុន សែន - នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​»​បានចេញ​ផ្សាយ​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៩ មាន​ចំនួន​៣​ម៉ឺន​ច្បាប់​។​
 
​លោក ឆាយ សុផល អ្នក​ចងក្រង​សៀវភៅ​នេះ​បាន​រៀបរាប់ថា ដោយមាន​ស្ថានភាព​វិ​វត្ត​ថ្មីៗ​ជាច្រើន ទើប​លោក​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​នេះ​ចាប់ពី​ឆ្នាំ​២០១៧​មក​។  លោក​បាន​សម្រួល​ខ្លះ​នៅ​ផ្នែក​មុនៗ និង​បន្ថែម​ខ្លឹមសារ​ជាច្រើន​ដែល​កើត​មាននៅ​ចន្លោះ​ឆ្នាំ​២០១៦ មក​ត្រឹម​ខែមីនា ឆ្នាំ​២០១៩ រួមទាំង​ខ្លឹមសារ​ដែល​លោក​បាន​សម្ភាស​សម្តេចនាយក​រដ្ឋមន្ត្រី​ផង ពិសេស​ទាក់ទិន​នឹង​ចំណូលចិត្ត របស់​ប្រមុខ​រដ្ឋាភិបាល​។ នេះ​បើតាម លោក ឆាយ សុផល​ដែល​បន្ត​បញ្ជាក់ទៀតថា សៀវភៅ​នេះ មិន​ផ្តោត​តែ​ពី​ប្រវត្តិ​សម្តេច ហ៊ុន សែន​នោះទេ តែ​ក៏បាន​បង្ហាញ​ពី​នយោបាយ​ជាតិ និង​អន្តរជាតិ​ប្រទាក់ក្រឡា​គ្នា​នឹង​កម្ពុជា​ដែរ ហើយ​វា​ពិតជា មាន​ប្រយោជន៍​ណាស់ ដើម្បី​ជា​ជំនួយស្មារតី​ក្នុងការ​ស្វែងយល់​ខ្លះៗ​ពី​ប្រទេស​កម្ពុជា​ចាប់​ពីមុន​ឆ្នាំ​១៩៧០ រហូតមក​ត្រឹម​ខែមីនា ឆ្នាំ​២០១៩​។​
 
​សៀវភៅ​នេះ បានចេញ​ផ្សាយ​លើក​ទី​១ មាន​ជាង​៣០០​ទំព័រ បោះពុម្ព​នៅ​ចុងឆ្នាំ​២០១១​។ ចេញផ្សាយ​លើក​ទី​២ មាន​ជាង​៤០០​ទំព័រ បោះពុម្ព​នៅ​ដើមឆ្នាំ​២០១៦ និង​លើក​ទី​៣​នេះ មាន​ដល់​ទៅ​ជាង​៧០០​ទំព័រ ចេញផ្សាយ​នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៩​។​
 
​សូមជម្រាបថា មកដល់ពេលនេះ លោក ឆាយ សុផល បាន​ចងក្រង​សៀវភៅ​ចំនួន​១០​ចំណងជើង​ហើយ​។ ថ្មីៗ​នេះ លោក​ក៏បាន​បើក​«​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​»​ដោយ​ដាក់តាំង​រូបថត និង​ឃ្លី​វីដេអូ​ស្តីពី​ប្រវត្តិ​ព្រឹត្តិការណ៍​ខ្លះៗ​នៅក្នុង​ប្រទេស​កម្ពុជា ចំនួន​៦​ជំនាន់ ពោលគឺ​គិត​ចាប់​ពីមុន​ឆ្នាំ​១៩៧០ មកដល់​ប្ចុ​ប្បន្ន​។ មជ្ឈមណ្ឌល​រូបថត​កម្ពុជា ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២៣​ម៉ឺន​ដុល្លារ ត្រូវបាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ ដែល​ស្ថិតនៅក្នុង​បុរី​មហា​សែន​សុខ ខណ្ឌ​សែន​សុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com