អន្តរជាតិ
តើ​មនុស្ស​សម័យ​នៅ​សម័យបុរាណ​ដុសធ្មេញ​ដែរឬទេ​?
06, Apr 2019 , 9:59 pm        
រូបភាព
​ពេល​ងើប និង​មុន​ចូល​ដំណេក សកម្មភាព​ចម្បង​របស់​មនុ​ស្សគឺ ដុសធ្មេញ​។ វា​បាន​ក្លាយជា​រឿង​ចំ​បាច់​មួយ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់គ្នា​។ គ្រូពេទ្យ​ធ្មេញ និង​មាតាបិតា​តែង​រំលឹក​ក្មេងៗ​ឲ្យ​ដុសធ្មេញ​ឲ្យ​បាន​ញឹកញាប់​។ តើ​ទម្លាប់​មួយ​នេះ​ចាប់ផ្តើម​តាំងពី​ពេលណា​មក​? ហើយ​ដោយសារ​មូលហេតុ​អ្វី​?

 
​យោងតាម​ការបកស្រាយ​ស្ថាប័ន​ជំនាញ​ផ្នែក​ធ្មេញ Bensonhurst Dental អាមេរិក ច្រាស​ដុសធ្មេញ​បុរាណ​ដំបូង​ត្រូវបាន​គេ​សន្មត​មាន​ដើមកំណើត​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប និង​តំបន់​អាណាចក្រ​បុរាណ​មេ​សូ​ប៉ូ​តា​មី តាំងពី​ប្រមាណ​ជាង​៣០០០​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​ឯណោះ​។ គេ​ប្រើប្រាស់​សរសៃ​ដើមឈើ​ម្យ៉ាង រាងដូចជា​អំបោះ​ធំៗ ហៅថា Frayed Twigs ។​
 
​វា​អាច​កាត់​សម្អាត និង​កាត់បន្ថយ​ក្លិន​មាត់​បាន​ខ្លះ​ដែរ​។ នៅ​អំឡុង​ឆ្នាំ​១៦០០​មុន​គ្រឹ​ស្ត​សករាជ ចិន​ប្រើប្រាស់​កំណាត់ឈើ​ម្យ៉ាង មាន​ក្លិនក្រអូប​បែប​អា​រ៉ូ​មា​ធម្មជាតិ​មក​ទំពារ​។ ចុះ​មនុស្ស​កាលពី​សម័យ​បុរេប្រវត្តិ​មក តើ​ពួក​ប្រើប្រាស់​អ្វី​ទៀត​?
 
​បើតាម​ការពិនិត្យ​រប​ស់​អ្នកជំនាញ ដែល​សិក្សា​ទៅលើ​ធ្មេញ​ដែល​សេសសល់​ជាប់​នឹង​ឆ្អឹង គេ​សន្មត​ថា មនុស្ស​សម័យ​នោះ​មិនសូវ​បាន​ដុសធ្មេញ​នោះទេ​។ ហេតុផល​មួយចំនួន​ត្រូវបាន​គេ​លើកឡើង​ដែល​ក្នុងនោះ​ភាគច្រើន​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​របប​អាហារ​ហូបចុក​។​
 
​កាលពី​បុរាណ អាហារ​ដែល​ផ្អាប់​ទុក​យូរ ឬ​ប្រភេទ​អាហារ​ដែល​ចម្អិន​ភ្លាមៗ​ឆាប់ៗ ដូចជា​មី​កំប៉ុង មិនទាន់​ត្រូវបាន​គេ​ផលិតឡើង​នោះទេ​។ ដូចនេះ មនុស្ស​តែង​ហូប​អាហារ​បែប​ធម្មជាតិ បាយ បន្លែ ផ្លែឈើ​ស្រស់ៗ​។ អាហារ​ដែល​គ្មាន​សារធាតុ​គីមី​បន្លែ​ម​ទាំងនេះ មិន​បង្ក​ឲ្យ​មាន​បញ្ហា​ពុក​ធ្មេញ​នោះទេ​។​
 
​ដោយឡែក​ទៅវិញ វា​សម្បូរ​ទៅដោយ​សារធាតុ​វីតាមីន និង​សារធាតុចិញ្ចឹម​ដែល​ជួយ​ទៅ​ជំរុញ​សុខភាព​របស់​ធ្មេញ និង​អញ្ចាញ​ទៅវិញ​ទេ​។ មួយវិញទៀត មនុស្ស​កាលពី​សម័យ​នោះ​ឧស្សាហ៍​បរិភោគ​អាហារ​បន្លែ​ដែល​ពោរពេញ​ទៅដោយ​សារធាតុ​សរសៃរ​ហ្វៃ​បឺ (Fiber) ធម្មជាតិ​។ សរសៃ​នេះ​ជួយ​ការរំលាយ​អាហារ ហើយ​ក៏មាន​មុខងារ​ក្នុងការ​សម្អាត​ធ្មេញ​ដូច​សរសៃអំបោះ​ដែរ​។ 
 
​ពេលបច្ចុប្បន្ន​វិញ អាហារ​ភាគច្រើន​ពោរពេញ​ទៅដោយ​សារធាតុ​គីមី​ដែល​គេ​ដាក់​បន្ថែម​ក្នុង​ផលិតផល​។ អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្លាំង និង​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​អំបិល និង​ខ្លាញ់​ច្រើន​ក៏​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ធ្មេញ​មនុស្ស​សព្វថ្ងៃ​ងាយ​រងគ្រោះ​។ ការជក់បារី​ដែល​ពេញ​ទៅដោយ​សារធាតុ​គីមី​គ្រោះថ្នាក់​ក៏​ធ្វើ​ឲ្យ​ធ្មេញ​ឆាប់​ខូចខាត​បន្ថែមទៀត​។ 
 
​និយាយ​ជារួម មនុស្ស​ចាប់ផ្តើម​ដុសធ្មេញ​គឺ​ដោយសារ​របៀប​រស់នៅរ​បស់​មនុ​ស្សបាន​ផ្លាស់ប្តូរ​។ ការហូបចុក​របស់​យើង និង​ប្រភេទ​អាហារ​​បាន​ផ្លាស់ប្តូរ​ដូចគ្នា​។ អស់​ជាច្រើន​រយ​ឆ្នាំ​មក វា​បាន​ក្លាយជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​មើលរំលង​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com