ជាតិ
បោះឆ្នោត​មូលដ្ឋាន​នៅ​ជប៉ុន​៖ បេក្ខជន​ឃោសនា​នៅតាម​ផ្សារ កីឡដ្ឋាន និង​ទីកន្លែង​កម្សាន្ត​នានា​
06, Apr 2019 , 11:03 pm        
រូបភាព
​ថ្ងៃទី​៧ ខែមេសា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​អភិបាល និង​សមាជិកសភា ខេត្ត ក្រុង មួយចំនួន​នៅ​ប្រទេស​ជប៉ុន​។ ក្រោម​ការរៀបចំ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រសួងការបរទេស​ជប៉ុន ប្រតិភូ​កម្ពុជា​ដែលមាន​តំណាង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អង្គការ​ខុមហ្វ្រែល និក​ហ្វិ​ច និង​សារព័ត៌មាន ThmeyThmey បាន​ទៅ​សង្កេត​ការ​យុទ្ធនា​ការឃោសនា​ចុងក្រោយ​របស់​បេក្ខជន​នៅ​ក្រុង Yokohama ខេត្ត Kanagawa ដែលមាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ​។​




នៅក្រៅ​បរិវេណ​នៃ​កីឡដ្ឋាន Yokohama DeNA BayStars ដែល​មនុស្ស​ជាច្រើន​ប្រមូល​ម្តុំ​គ្នា​ដើម្បី​មើល​ការប្រកួត​បេ​ស្ប​ល​ដ៏​សំខាន់​ប្រចាំថ្ងៃ​សៅរ៍ បេក្ខជន​ពីររូប​ដែល​ប្រជែង​តំណែង​អភិបាលខេត្ត Kanagawa បាន​ប្រឹងប្រែង​ឃោសនា​រក​សំឡេង​រៀងៗ​ខ្លួន​។​



លោក Yuji Kuroiwa អាយុ​៦៤​ឆ្នាំ ដែល​ឡើងជា​អភិបាលខេត្ត Kanagawa តាំងពី​ឆ្នាំ​២០១១​មក​នោះ ព្យាយាម​រក្សា​តំណែង​តំណែង​សម្រាប់​អណ​ត្តិ​ទី​៣​របស់ខ្លួន​។ ដោយ​គូប្រជែង​តែ​ម្នាក់​គត់​របស់លោក គឺ​លោកស្រី Kishi Makiko អាយុ​៦៣​ឆ្នាំ ដែលជា​សកម្ម​ម្នាក់​ខាង​គាំពារ​សិទ្ធិ​កុមារ​។ អ្នកស្រី Makiko បោះទីតាំង​ឃោសនា​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​លោក Kuroiwa​។

​សារ​ឃោសនា​ដ៏​សំខាន់​របស់លោក Kuroiwa គឺ​ការបន្ត​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​ចាស់ៗ ខណៈ​លោកស្រី Makiko លើកឡើង​ពី​សេវា​សុខភាព​ដោយ​ឥត​បង់ថ្លៃ​សម្រាប់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​។ បេក្ខជន​ទាំងពីរ និង​ក្រុមការងារ​ក្នុង​អង្គភាព​នយោបាយ​របស់​ខ្លួន បាន​ដើរ​ចែក​ខិត​បណ្ណ​ដល់​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​អ្នកខ្លះ​លើក​ទទួលយក រីឯ​អ្នក​ខ្លះទៀត​ធ្វើ​ព្រងើយកន្តើយ​។​



អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Kuroiwa បាន​ហៅ​ពលរដ្ឋ​ទៅ​ថត​ជាមួយ​ខ្លួន​ក្រោយ​ផ្ទាំង​រូប Instagram ដោយ​ស្រែកថា «​ហាហា​» តំណាង​ឲ្យ​ភាព​រីករាយ​ប្រសិនបើ​លោក​បន្ត​ជាប់ឆ្នោត​ធ្វើជា​អភិបាលខេត្ត Kanagawa រីឯ​លោកស្រី Makiko ឃោសនា​ពីលើ​ដំបូល​រថ​យន្ត មុននឹង​ចុះទៅ​គំនាប់​អ្នកគាំទ្រ​របស់ខ្លួន​។​



​បន្ទាប់ពី​សង្កេតមើល​ការឃោសនា​បេក្ខជន​អភិបាលខេត្ត​ទាំងពីរ ក្រុម​ប្រតិភូ​កម្ពុជា បាន​បន្តទៅ​មើល​ការឃោសនា​បេក្ខជន​សភា​ថ្នាក់​ខេត្ត ក្រុង នៅ​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Cial Tsurumi នៅ​ខណ្ឌ Tsurumi ក្រុង Yokohama ផ្ទាល់​។

​បេក្ខជន​ប្រមាណ​៥​រូប បាន​ពង្រាយ​ដាច់ពីគ្នា​នៅមុខ​បរិវេណ​ផ្សារ​ដើម្បី​ផ្តល់​សារ​នយោបាយ និង​ចែក​ខិ​ត្ត​បណ្ណ​។ ក្នុងចំណោម​បេក្ខជន​ទាំងនោះ មាន​ខ្លះ​ប្រជែង​យក​កៅអី​សភា​ថ្នាក់​ខេត្ត ក្រុង និង​ខណ្ឌ Tsurumi ផ្ទាល់​។ ខិ​ត្ត​ប​ណ្ឌ​ដែល​ចែកចាយ មានការ​កំណត់​ច្បាស់លាស់​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​មូលដ្ឋាន តាមរយៈ​បោះ​តែមប្រិ៍​ពីលើ ។​



នៅ​ទីនោះ​ផងដែរ ពលរដ្ឋ​មួយចំនួន​បាន​ទៅ​បោះឆ្នោត​មុន​កំណត់ ដែល​នេះ​ជាគោលការណ៍​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន​ក្នុងការ​ជំរុញ​ឲ្យ​មាន​អត្រា​ការចូលរួម​បោះឆ្នោត​កាន់តែច្រើន ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ភារកិច្ច​នៅ​ចំ​ថ្ងៃ​កំណត់​ផ្លូវការ​។​



ដោយឡែក​នៅពេល​ល្ងាច ក្រុម​ប្រតិភូ​កម្ពុជា បាន​ទៅ​មើល​ការជួបជុំ​របស់​ក្រុម​បេក្ខជន​ដែលមាន​និន្នាការ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់​នាយករដ្ឋមន្ត្រី Shinzo Abe​។ បេក្ខជន​៤​រូប​ជួប​ក្រុម​អ្នកគាំទ្រ​ប្រមាណ​២០០​នាក់​នៅ​បរិវេណ​វត្តមាន​កន្លែង ដោយមាន​វត្តមាន​លើកទឹកចិត្ត​ផងដែរ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រប​ស់ LDP​។​



​សូមបញ្ជាក់ថា ការបោះឆ្នោត​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន មិនមែន​ដំណើរ​នៅ​គ្រប់​ខេត្ត​ក្រុង​នោះឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo បេក្ខជន​សរុប​៣០៦២​នាក់​ប្រជែង​សម្រាប់​អាសនៈ​សភា​ខេត្ត​ចំនួន​៤១ ខណៈ​បេក្ខជន​១៣៩៦​នាក់​ប្រជែង​អាសនៈ​សភា​ក្រុង ខណ្ឌ​ចំនួន​១៧​។ ជាមួយគ្នានេះ ក៏មាន​ការប្រកួតប្រជែង​ដំណែង​អភិបាលខេត្ត​ចំនួន​១១ និង​ក្រុង​ចំនួន​៦​ផងដែរ​៕





































Tag:
 បោះឆ្នោតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com