អន្តរជាតិ
បុរស​វៀតណាម ផលិត​បំពង់​បឺត​ពី​ស្មៅ​តាម​ដង​ទន្លេមេគង្គ ជំនួស​សម្ភារ​ប្លា​ស្ទិ​ក​
08, Apr 2019 , 11:32 am        
រូបភាព
រូបភាព៖ VN express
រូបភាព៖ VN express
ដោយ:
​ខណៈ​ពិភពលោក យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​នៃ​សំរាម​ប្លា​ស្ទិ​ក មនុស្ស​ជាច្រើន ចាប់ផ្តើម​និយាយថា «​ទេ​» ចំពោះ​បំពង់​ប្លា​ស្ទិ​ក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មនុស្ស​នៅ​ទូទាំង​ពិភពលោក​បន្ត​ច្នៃប្រឌិត​សម្ភារ​មិន​ប៉ះពាល់​បរិស្ថាន​ជាពិសេស​បំពង់​បឺត​។ សហគ្រិន​វ័យក្មេង​ជនជាតិ​វៀតណាម​ម្នាក់ បាន​ផលិត​បំពង់​បឺត​ដោយ​ប្រើប្រាស់​ស្មៅ​ព្រៃ​។

 
​បុរស​វៀតណាម​ឈ្មោះ Tran Minh Tien ជា​ម្ចាស់​ក្រុមហ៊ុន Ống Hút Cỏ ដែល​ផលិត​បំពង់​បឺត​ចំនួន​ពីរ​ប្រភេទ ដោយ​ប្រើ​ស្មៅ​ម្យ៉ាង​ដែលមាន​ដុះ​ក្នុងព្រៃ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។  យោងតាម​វីដេអូ​មួយ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​សារព័ត៌មាន Vietnam Express ទង​ស្មៅ​ប្រភេទ​នេះ​មាន​ប្រហោង​នៅ​ខាងក្នុង ដែលមាន​រាង​ដូច​ទៅនឹង​បំពង់​បឺត​។ 
 
​ក្នុង​វីដេអូ​នេះដែរ លោក Tran Minh Tien ក៏បាន​ពន្យល់​ពី​ដំណើរ​ការផលិត​បំពង់​បឺត ដោយ​ប្រើប្រាស់​ស្មៅ​ប្រភេទ​នេះ​ផងដែរ​។ សម្រាប់​ជំហាន​ដំបូង ពួកគេ​ប្រមែប្រមូល​ទង​ស្មៅ​នេះ និង​សម្អាត ហើយ​កាត់​ឲ្យ​ស្មើនឹង​ប្រវែង ២០​សង់ទីម៉ែត្រ​សម្រាប់​បំពង់​នីមួយៗ​។  
 
​បន្ទាប់មកទៀត បំពង់​បឺត ទាំងនេះ​ត្រូវ​យកទៅ​សម្អាត​ជាថ្មី​ម្តងទៀត ហើយ​ម្តងនេះ គឺ​សម្អាត​នៅ​ផ្នែក​ប្រហោង​ខាង​ក្នុងនៃ​បំពង់​បឹ​ត ដើម្បី​ធានា​ពី​សុវត្ថិភាព​អនាម័យ​។ ក្រោយពី​សម្អាត​រួចរាល់ បំពង់​បឺត​ទាំងនោះ ត្រូវ​ចង​ជា​បាច់​ដោយ​ប្រើប្រាស់​ស្លឹកចេក​។ 
 
​អ្វីដែល​ពិសេស​នោះ បំពង់​បឺត​នេះ មាន​ពីរ​ប្រភេទ​៖ ស្រស់ និង​ស្ងួត​។ បំពង់​បឺ​ង​ស្រស់ អាច​រក្សាទុក​ក្នុង​ទូទឹកកក និង​មាន​សុពលភាព​២​សប្តាហ៍​។ ចំណែក​បំពង់​បឺត​ស្ងួត​វិញ ត្រូវដាក់​ហាល​ក្រោម​កម្តៅ​ព្រះអាទិត្យ​សម្រាប់​រយៈពេល​២ ទៅ ៣​ថ្ងៃ ហើយ​ដាក់​ដុត​ក្នុង​ឡ​។ សម្រាប់​បំពង់​បឺត​ប្រភេទ​នេះ វា​អាចមាន​សុពលភាព​យូរ ដែល​អាច​ឈានដល់ ៦​ខែ​ឯណោះ ប្រសិនបើ​ស្តុក​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ត្រឹមត្រូវ​។​
 
​សូមបញ្ជាក់ថា ចំពោះ​តម្លៃ​វិញ បំពង់​បឺ​ង​ប្រភេទ​ស្ងួត​មួយ​ដើម មានតម្លៃ ៤,៣ សេន​(​ដុល្លារ​) ឬ​ស្មើនឹង ១៧០​លុយ​រៀល​ខ្មែរ រីឯ​បំពង់​បឺត​ប្រភេទ​ស្រស់​មួយ​ដើម មានតម្លៃ ២,៦​សេន​(​ដុល្លារ​) ឬ​ស្មើនឹង ១០៤​លុយ​រៀល​ខ្មែរ​៕
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​សារព័ត៌មាន Vietnam Express៖
 

Tag:
 ​វៀតណាម​
  បរិស្ថាន​
  បា្ល​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com