អន្តរជាតិ
ប្រធានាធិបតី​ឡាវ ស្នើ​ផ្តល់​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​ខ្លួន​ក្នុង​គម្រោង​ផ្លូវដែក​ជាមួយ​ចិន​
08, Apr 2019 , 11:19 pm        
រូបភាព
រូបថត៖ Vientiane Times
រូបថត៖ Vientiane Times
ដោយ:
​ប្រធានាធិបតី​ឡាវ លោក Bounnhang Vorachit បានស្នើ​ឲ្យ​ផ្តល់​ការងារ​បន្ថែម​ដល់​ពលករ​ឡាវ ក្នុង​គម្រោង​ផ្លូវដែក​ជាមួយ​ចិន​។ ការអំពាវនាវ​នេះ ធ្វើឡើង​អំឡុងពេល​ទស្សនកិច្ចរ​បស់​លោក​នៅ​ការដ្ឋាន​ផ្លូវដែក​នេះ​ក្នុង​ទីក្រុង វៀងចន្ទន៍ កាលពី​ទី​៥ ខែមេសា​។​

 
​គម្រោង​ផ្លូវដែក​ឡាវ​-​ចិន​ប្រវែង ៤១៤​គីឡូម៉ែត្រ​នេះ លាតសន្ធឹង​តាម​បណ្តោយ​ភាគ​ខាងលិច​ប្រទេស​ឡាវ ចាប់ពី​ក្រុង Boten របស់​ឡាវ​ទៅកាន់​ក្រុង Mohan របស់​ចិន​។ ផ្លូវដែក​នេះ ឆ្លងកាត់​ខេត្ត Oudomxay, លួង ព្រះ​បាង និង​បញ្ចប់​នៅ​រដ្ឋធានី វៀងចន្ទន៍​។ យោងតាម​របាយការណ៍​នៃ​គម្រោង​នេះ បច្ចុប្បន្ននេះ មនុស្ស​ប្រមាណ ១៦ ០០០​នាក់ បំពេញការងារ​ក្នុង​គម្រោង​សាងសង់​ផ្លូវដែក​នេះ ហើយ​៤៥០០​នាក់ ជា​ជនជាតិ​ឡាវ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Vientiane Times លោក​ប្រធានាធិបតី​ឡាវ Bounnhang Vorachit គូសបញ្ជាក់ថា លោក​ចង់ឃើញ​ពលរដ្ឋ​ឡាវ​ច្រើន​បន្ថែមទៀត​ចូលមក​ធ្វើការ​ក្នុង​គម្រោង​នេះ ខណៈ​គម្រោង​នេះ​ត្រូវការ​ពលករ​ជាច្រើន​នាក់​ផ្សេងទៀត ខណៈ​ពលរដ្ឋ​ឡាវ​មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​នេះ​បាន​។ 
 
​បើតាម​ប្រភព​ដដែល មេដឹកនាំ​រូបនេះ លើកឡើង​ទៀតថា កាលណា​គម្រោង​ផ្លូវដែក​នេះ​បញ្ចប់​ការសាងសង់​ហើយ​នោះ អ្នក​ដែល​គ្រប់គ្រង​និង​បើក​ប្រតិបត្តិការ​ផ្លូវដែក​នេះ​នា​ថ្ងៃ​អនាគត គឺជា​ពលករ​ឡាវ​ជំនាន់​ក្រោយ​ដែល​ធ្វើការ​ក្នុង​គម្រោង​នេះ​។ 
 
​ផ្លូវដែក នឹងមិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ខាង​រដ្ឋាភិបាល​ចិន និង​ឡាវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវ​ធានា​ឲ្យ​បាន​ថា ប្រជាជន​ឡាវ​និង​ចិន​អាច​ធ្វើការ​ជាមួយគ្នា​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Bounnhang ដោយ​បន្ថែមទៀតថា គម្រោង​ផ្លូវដែក​នេះ គឺជា​ចំណុច​ចាប់ផ្តើម​មួយ​ក្នុង​សករាជ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ឡាវ និង​ចិន​។​
 
​សូមបញ្ជាក់ថា គម្រោង​ផ្លូវដែក​តម្លៃ ៥,៩៨៦​ពាន់​លាន​ដុល្លារ​នេះ ស្ថិតក្នុង​គម្រោង​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវាត់ (BRI) ដែល​បាន​ដាក់ចេញ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​។ ផ្លូវដែក​នេះ គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ លុយ​ច្រើនជាង ១,៩៣​ពាន់​លាន​ដុល្លារ​ហើយ ត្រូវបាន​វិនិយោគ​ក្នុង​គម្រោង​នេះ​។ ការសាងសង់​ផ្នែក​ផ្លូវថ្នល់​ប្រមាណ​៨៧​ភាគរយ ត្រូវបានធ្វើ​រួចរាល់ ៥៤​ភាគរយ ផ្នែក​ផ្លូវ​ក្រោម​ដី​ត្រូវបាន​បញ្ចប់​ការសាងសង់ និង​ប្រមាណ ៤៣​ភាគរយ​នៃ​ផ្នែក​ស្ពាន​ត្រូវបានធ្វើ​រួចរាល់​ផងដែរ​។ ពី​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ  ផ្លូវដែក​នេះ​នឹង​រត់​ឆ្លងកាត់​ប្រទេស​ថៃ ម៉ាឡេស៊ី និង​បញ្ចប់​នៅឯ​ប្រទេស​សិង្ហ​បុរី​៕
 

Tag:
 ឡាវ​
  ចិន​
  គម្រោង​ផ្លូវដែក​
  Bounnhang Vorachit
© រក្សាសិទ្ធិដោយ thmeythmey.com