ជាតិ
ចិន បន្ថយ​ការទម្លាក់​ទឹក​ចេញពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ជី​ង​ហុង​រយៈពេល​៧​ថ្ងៃ​
09, Apr 2019 , 12:29 pm        
រូបភាព
ទន្លេមេគង្គនៅប៉ាក់បេងក្នុងប្រទេសឡាវ
ទន្លេមេគង្គនៅប៉ាក់បេងក្នុងប្រទេសឡាវ
​ក្រសួង​ធនធានទឹក​នៃ​ប្រទេស​ចិន​បាន​ជូនដំណឹង​មក​គណៈកម្មការ​ទន្លេមេគង្គ (MRC)​អំពី​ការកាត់បន្ថយ​ការបញ្ចេញ​ទឹក​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី ជី​ង​ហុង ក្នុង​ខេត្ត​យូ​ណាន​នៅក្នុង​អំឡុង​ពាក់កណ្តាល​ខែមេសា​នេះ​។ គណៈកម្មការ​ទន្លេមេគង្គ​បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​បញ្ជាក់ថា ការកាត់បន្ថយ​ការបញ្ចេញ​ទឹក​ពី​ស្ថានីយ៍ ជី​ង​ហុង​នេះ នឹងមិន​បង្កឱ្យមាន​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់​ដល់​ប្រទេស​ផ្នែក​ទន្លេមេគង្គ​ក្រោម​នោះឡើយ​។​

 
​ចាប់ពី​ថ្ងៃទី​១១ ខែមេសា​ទៅ ការបញ្ចេញ​ទឹក​នៅ​ស្ថានីយ៍​វា​រី​អគ្គិសនី​ជី​ង​ហុង​ក្នុង​ខេត្ត​យូ​ណាន នឹងត្រូវ​បន្ថយ​ពី​កម្រិត​២០០០​ទៅ​៣០០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី មក​ត្រឹម​១៥០០​ទៅ​១៦០០​ម៉ែត្រគូប​ក្នុង​វិនាទី​វិញ​។ ការបង្កើន​កម្រិត​បញ្ចេ​ញ​ទឹក​ឲ្យ​ដល់​កម្រិត​ដើម​វិញ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា​ទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​របស់​ប្រទេស​ចិន ដែល​បាន​ជូន​ព័ត៌មាន​នេះ​មក​គណៈកម្មការ​ទន្លេមេគង្គ​។​
 
​ការបន្ថយ​បរិមាណ​ទឹក​ដែល​ត្រូវ​បញ្ចេញ​នេះ គឺ​ដើម្បី​សម្រប​តាម​ពិធីបុណ្យ​ប្រពៃណី​ជះ​ទឹក​របស់​ជនភាគតិច​តៃ ដែល​រស់នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​-​ឡាន​ឆាង​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក​របស់​ចិន​។​
 
​លោក អាន ពេជ្រ ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ បានចាត់ទុក​ការជូនដំណឹង​ជាមុន​របស់​ចិន​នេះ ជា​រឿង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស និង​សហគមន៍​ដែល​រស់​នៅតាម​ណ្ដោ​យ​មេគង្គ និង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម បាន​ត្រៀមខ្លួន​សម្រាប់​ហានិភ័យ​ដែល​អាច​កើតឡើង ក៏ដូចជា​ការបង្កើន​ការផលិត​សម្រាប់​ការត្រៀម​បម្រុង​ទុក​ផងដែរ​»​។​
 
​យោងតាម​ការព្យាករណ៍ កម្រិត​កម្ពស់​ទឹក​របស់ MRC កម្ពស់​ទឹក​នៅ​ស្ថានីយ៍​ឈៀង​សែន​របស់​ថៃ អាច​នឹង​ថយចុះ​ពី​០,៧​ម៉ែត្រ​ទៅមួយ​ម៉ែត្រ​ចាប់​ថ្ងៃទី​១២​ដល់ទី​២១ ខែមេសា​ដោយសារ​ការកាត់បន្ថយ​បរិមាណ​ទឹក​ដែល​ត្រូវ​បញ្ចេញ​ពី​វា​រី​អគ្គិសនី​ជីន​ហុង​។ ទោះជា​យ៉ាងណា ការប្រែប្រួល​បរិមាណ​ទឹក​ទៅដល់​ទន្លេមេគង្គ​ក្រោម ទំនងជា​មិន​បង្ក​ផលប៉ះពាល់​ដល់​ទន្លេ ឬ​មនុស្ស​ឡើយ​ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​៣០ ខែមេសា​នេះ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ MRC កម្ពស់​ទឹក​នៅ​ស្ថានីយ៍​ខ្លះ​ដូចជា លួង ប្រា​បាង​របស់​ឡាវ និង​ក្រចេះ​របស់​កម្ពុជា នឹង​ថយចុះ​ក្នុង​កម្រិត​០,៥​ម៉ែត្រ​ទៅ​១,៥​ម៉ែត្រ​ពីថ្ងៃ​ទី​១៣ ដល់ទី​៣០​ខែមេសា​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ វា​នឹង​មិនមាន​សញ្ញា​នៃ​ការព្រួយបារម្ភ​អ្វី​ឡើយ​អំពី​ការ​ស្រក​ចុះ​នៃ​កម្ពស់​ទឹក​នេះ​។​
 
​បើ​ផ្អែកលើ​បាតុភូត​ដែល​កើត​ឡើ​ដោយសារ​វា​រី​អគ្គិសនី បរិមាណ​ទឹក​ដែល​ហូរ​ចុះ​ពី​តំបន់​មេគង្គ​ផ្នែក​ខាងលើ​ក្នុងប្រទេស​ចិន​ទៅ​ផ្នែក​ខាងក្រោម មាន​ប្រមាណ​២០​ភាគរយ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែវិច្ឆិកា ដល់​ខែឧសភា​។ ប្រភពទឹក​សំខាន់​របស់​ផ្ទៃ​ទន្លេមេគង្គ​ក្រោម គឺ​ទឹក​ហូរ​ចូល​ពី​ទន្លេតូចៗ និង​បរិមាណ​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្ដីប្រកាស​ដដែល​៕

Tag:
 ចិន​
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com