ជាតិ
សេដ្ឋកិច្ច
មន្ត្រីជំនាញ៖ ជំងឺប៉េស្តជ្រូកបានឆ្លងរាលដាលចំនួន៣ភូមិទៀត នៅខេត្តរតនគិរី រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលពីភូមិសោមកានិញ ដល់ភូមិចំនួន៣ទៀត គឺ ភូមិសោមត្រក ភូមិសោមគល់ និងភូមិតេន ដែលស្ថិតនៅក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មន្ត្រីជំនាញកំពុងដោះស្រាយបញ្ហានេះ។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។
លោក តាន់ ផាន់ណារ៉ា បាននិយាយថា មូលហេតុដែលបណ្ដាលឲ្យមានការរីករាលដាលនេះ គឺមកពីពលរដ្ឋនៅភូមិសោមកានិញ ចិញ្ចឹមជ្រូកដោយមិនបានដាក់ក្នុងទ្រុងនោះទេ ខណៈភូមិក្បែរនោះក៏មិនដាក់ទ្រុងជ្រូកដែរ ទើបបណ្ដាលឲ្យឆ្លងជំងឺពីមួយទៅមួយបែបនេះ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋនៅតំបន់នោះមិនបានដឹងថា ជ្រូកមានផ្ទុកជំងឺប៉េស្តអាហ្វ្រិកឡើយ ព្រោះជំងឺនេះគ្មានរោគសញ្ញាជាក់លាក នោះទេ ។ ក្រៅពីមិនដឹងពីជំងឺហើយ ពួកគាត់ក៏បានកាប់ជ្រូកដែលងាប់នោះចែកគ្នាធ្វើម្ហូបទៀតផង។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិលើកទី១ ការរៀបចំផែនការត្រៀមបង្ការ និងឆ្លើយតបនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីថ្ងៃទី៨ មេសា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វរូបនេះ បាននិយាយដូច្នេះថា៖« បើតាមអ្វីដែលខ្ញុំចុះទៅកាលពីចុងសប្ដាហ៍ ខ្ញុំអាចសន្និដ្ឋានបានថា មាន៣ភូមិទៀត ដែលកំពុងតែឆ្លងរីករាលដាល។ ប៉ុន្តែក្នុង៣ភូមិនោះមានតែមួយភូមិទេ គឺភូមិតេនដែលមានសត្វជ្រូកច្រើន ប្រមាណ ២០០ ទៅ ៣០០ ក្បាល តែភូមិពីរទៀតមិនច្រើនទេ»។
បន្ថែមពីនេះលោក ផាន់ណារ៉ា ក៏អំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមព្រំដែនជាប់ប្រទេសវៀតណាមដូចជា ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី កុំជួញដូរសត្វជ្រូក ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួង ដែលកំពុងធ្វើការនៅតំបន់ផ្ទុះជំងឺនេះ បានប្រមូលទិញជ្រូកពីប្រជាពលរដ្ឋមកដុតកម្ទេចចោល ព្រមទាំងបិទមិនឲ្យមានការចរាចរសត្វនៅតំបន់នោះផងដែរ។
លោកស្រី គ្រីស្ទីណា អ៊ុសជែរ ប្រធានក្រុមបច្ចេកទេសមជ្ឈមណ្ឌលអាសន្ន សម្រាប់ជំងឺសត្វឆ្លងព្រំដែននៃអង្គការ FAO បាននិយាយថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមានភាពធន់ទៅនឹងកម្ដៅ ចាប់ពី៧០ អង្សា ក្នុងរយៈពេល ៣០នាទី។ ដូច្នេះបើប្រជាពលរដ្ឋនៅក្នុងតំបន់ដែលផ្ទុះជំងឺនោះ យកកាកសំណល់ផ្ទះបាយធ្វើជាចំណីជ្រូកហើយ ពួកគេចំអិនមិនបានត្រឹមត្រូវនោះ គឺមេរោគនៅមានជីវិត ហើយនឹងឆ្លងទៅកាន់ជ្រូក។ បើតាមលោកស្រី គ្រីស្ទីណា ករណីខ្លះទៀតមេរោគនេះ ក៏ទំជាប់លើសម្លៀកបំពាក់មនុស្ស ហើយនៅពេលម្ចាស់ជ្រូកចូលទៅកន្លែងចិញ្ចឹមជ្រូក វាក៏អាចបណ្ដាលឲ្យឆ្លងទៅកាន់ជ្រូកផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជា បានលើកឡើងពីការព្រួយបារម្មណ៍ចំពោះការនាំចូលជ្រូកពីប្រទេសជិតខាងដោយសេរី នាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ខណៈមន្ត្រី និងអ្នកពាក់ព័ន្ធត្រូវឈប់សម្រាកនាឱកាសនោះ។ លោកបានស្នើឲ្យមន្ត្រីជំនាញពង្រឹងការត្រួតពិនិត្យឲ្យបានតឹងរឹង ក្នុងពីធីបុណ្យចូលឆ្នាំនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានស្នើឲ្យប្រជាពលរដ្ឋរាយការណ៍ឲ្យក្រសួង និងមន្ទីរភ្លាមៗ ក្នុងករណីមានជ្រូកងាប់ ដើម្បីមានលទ្ធភាពទប់ស្កាត់ទាន់ពេលវេលា៕
Tag:
ជំងឺប៉េស្តជ្រូក
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com