ជាតិ
សង្គមជាតិ
ឧកញ៉ា គិត ធាង និង នាង យិន ម៉ា​ណា ស្ទះដង្ហើម​ដូចគ្នា ហើយ​បាន​ទៅ​សម្រាក​នៅ​ពេទ្យរុស្ស៊ី​ទាំងពីរ​
09, Apr 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​រ៉ក់ (Rock) ដែល​ត្រូវបាន​បិទ​ចោល ដោយសារ​លួច​នាំចូល​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ចេញពី​ពន្ធនាគារ​ភ្នំពេញ (PJ) ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​)​។ នាង យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា ដែល​បាន​បើករថយន្ត​បុក​កញ្ញា ឌុំ រី​ដា និស្សិត​ឆ្នាំ​ទី​៤ ឲ្យ​ស្លាប់ ក៏​សុំ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះដែរ ដោយមាន​ហេតុផល​ដូច​ឧកញ៉ា គិត ធាង ថា​មាន​ជំងឺ​។ 


 
​លោក នុត សវ​នា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ថា ឧកញ៉ា គិត ធាង មាន​ជំងឺ​សួត និង ស្ទះផ្លូវ​ដង្ហែ​ម​។ លោក បន្តថា នាង យិន ម៉ា​ណា ក៏មាន​បញ្ហា​ផ្លូវដង្ហើម​ដែរ ហើយ​នាង ថែមទាំង​រាករូស​និង​មើលទៅ​ល្ហិតល្ហៃ​ទៀតផង​។ 
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​អ្នក​ទាំងពីរ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​ដោយសារតែ​ពួកគេ​មាន​ជំងឺ មិនមែន​ដោ​សារ​តែ​ពួកគេ ជា​អ្នកមាន ហើយ​បាន​ចេញពី​ពន្ធនាគារ​តាមចិត្ត ដូច​ការចោទប្រកាន់រ​បស់​មនុស្ស​មួយចំនួន​ឡើយ​។ លោក បកស្រាយ​ថា «​អ្នកមាន អ្នកក្រ ឈឺ​ដូច​តែ​គ្នា​ហ្នឹង​។ ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ម៉េច បើ​គេ​ឈឺ មានតែ​យកទៅ​សង្គ្រោះ​។ ចង់ទុក​គេ​ឲ្យ​ស្លាប់​ឬក៏​យ៉ាងម៉េច​? អ្នក​ថា​ចេះតែ​ថា ឯ​អ្នកធ្វើ​ចាំតែ​ខុស​។ ប្រាប់​ទៅ​អ្នក​រិះគន់​និង​អ្នក​សើចចំអក​ហ្នឹង​ឲ្យ​ទៅ​សួរ​ពេទ្យ​ខ្លួនឯង​ទៅ គឺ​ដឹង​ហើយ​ថា ពួកគេ​ឈឺ​ឬ​មិន​ឈឺ​»​។​
 
​ឧកញ៉ា គិត ធាង ត្រូវបាន​ចោទ​ពី «​បទ​ចាត់ចែង សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត​»​។ សមត្ថកិច្ច បាន​ទៅ​ឃាត់ខ្លួន​លោក​ដល់​ភូមិគ្រឹះ​តែម្តង កាលពី​ថ្ងៃទី​១១ ខែមីនា ហើយក៏​បញ្ជូនទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ​។ 
 
​រីឯ នាង យិន ម៉ា​ណា ត្រូវបាន​ចោទ​ពី «​បទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រ​យ​ត្ន័​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​»​។ សមត្ថកិច្ច យក​នាង​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​២៩​ខែមីនា​។ គ្រួសារ​របស់​នាង បាន​បង់ប្រាក់​៧​ម៉ឺន​ដុល្លារ​ជូន​គ្រួសារ​របស់​កញ្ញា ឌុំ រី​ដា​៕  
 

Tag:
 គិត ធាង​
  យិន ម៉ា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com