ជាតិ
លោក ហ៊ុន ម៉ា​នី នឹក​អង្គរ​សង្ក្រាន្ត តែ​សប្បាយចិត្ត​ពេល​សង្ក្រាន្ត​រីកសាយ​ភាយ​ពេញ​ប្រទេស​
09, Apr 2019 , 5:10 pm        
រូបភាព
រូបថតពីហ្វេសប៊ុក​_ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រូបថតពីហ្វេសប៊ុក​_ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ដោយ: ថ្មីៗ
​មិនមាន​«​អង្គរ​សង្ក្រាន្ត​»​ទៀត​ទេ តែមាន​សង្ក្រាន្ត​តាម​ខេត្ត ជាពិសេស​សង្ក្រាន្ត​តាម​សាលារៀន​។ លោក ហ៊ុន ម៉ា​នី សប្បាយចិត្ត នៅពេលដែល​ឃើញ​ពិធី​សង្ក្រាន្ត​ត្រូវបាន​រៀបចំ​យ៉ាង​ទូលំទូលាយ ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​ពលរដ្ឋ​ខ្មែរ​។​

 
​ក្រោយពី​ដឹកនាំ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​៦​ឆ្នាំ​ជាប់​គ្នា ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣​មក ក្នុង​រយៈពេល​នៃ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៩​នេះ លោក ហ៊ុន ម៉ា​នី នឹង​បំពេញ​តាម​ការសន្យា​ជាមួយ​គ្រួសារ ដោយ​នាំ​ពួកគេ​ទៅ​កម្សាន្ត​នៅ​បរទេស​ម្តង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុន ម៉ា​នី ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ក្នុងពេល​កន្លងមក ដើម្បី​បញ្ជាក់ថា វា​នឹង​ពុំមាន​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០១៩​នេះឡើយ ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​សាខា​អង្គការ​នេះ​នៅតាម​បណ្តា​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅតាម​ខេត្ត​វិញ​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកដឹកនាំ​ពិធី​អង្គរ​សង្ក្រាន្ត​មួយរូប បានផ្តល់​ការជឿជាក់​ទៅលើ​ការរៀបចំ ពិធី​សង្ក្រាន្ត​នៅតាម​បណ្តា​ខេត្ត ដែល​អាច​ផ្តល់​ពេលវេលា​សប្បាយរីករាយ​ដល់​ប្រជាជន​នៅ​ទី​នោះបាន​។​
 
«​តាមចិត្ត គឺ [​ខ្ញុំ​]​នឹក​អង្គរ​សង្ក្រាន្ត​ណាស់​។ តែ​ក្នុងពេល​ជាមួយគ្នា ក៏មាន​ការ​សាទរ​ចំពោះ​សង្ក្រាន្ត​តាម​ខេត្ត​ដែលមាន​ការលូតលាស់​ជាប្រចាំ​។ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព និង​ការលះបង់​របស់​អ្នករៀបចំ ដើម្បី​ស្នាមញញឹម និង​ភាព​រីករាយ​របស់​ប្រជាជន​យើង​ក្នុងពេល​ចូលឆ្នាំ​ប្រពៃណីជាតិ​»​។​
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នឹង​ត្រឡប់មកវិញ​ក្នុង​ឆ្នាំ​ខាងមុខ​។​
 
​គួររំឭកថា នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កម្ពុជា​បានរៀបចំ​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ចំនួន​ពីរ​នៅក្នុង​ឆ្នាំ​២០១៥ គឺ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​ចំនួន​មនុស្ស​២០១៥​នាក់ និង​ការធ្វើ​នំអន្សម​យក្ស​ទំងន់ ៤,០៤​តោន​។ ក្រៅពីនោះ ក៏មាន​ការផលិត​វត្ថុ​អត្តសញ្ញាណ​ខ្មែរ​ទំហំ​យក្ស​ជាច្រើន​ទៀត ដូចជា ចាប៉ី​យក្ស អង្រុត​យក្ស មួក​ស្លឹកត្នោត​យក្ស សំបុក​ពងមាន់​យក្ស​ជាដើម​។​
 
​ព្រឹត្តិការណ៍​នេះ​ក៏បាន​ជួយ​ជំរុញ​កំណើន​ទេសចរ និង​ការផ្សព្វផ្សាយ​វប្បធម៌ និង​វត្ថុ​សិល្បៈ​ខ្មែរ​បុរាណ​ដល់​យុវជន​ជំនាន់​ក្រោយ​យ៉ាង​ផុសផុល​ផងដែរ​៕

Tag:
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com