អន្តរជាតិ
អូស្ត្រាលី គ្រោង​ដាំ​ឈើ​មួយ​ពាន់​លាន​ដើម​ដើម្បី​ប្រយុទ្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ
09, Apr 2019 , 8:59 pm        
រូបភាព
ដោយ:
​អូស្ត្រាលី បានដាក់​គោលដៅ​ដ៏​មាន​មហិច្ឆតា​មួយ ដើម្បី​ដាំ​ឈើ​ចំនួន​មួយ​ពាន់​លាន​ដើម ត្រឹម​ឆ្នាំ​២០៥០​។ ផែនការ​នេះ មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បង្កើន​សម្រស់​ធម្មជាតិរ​បស់​ប្រទេស​។​

 
​ជា​ផ្នែក​មួយ​នៃ​គម្រោង​ឧស្សាហកម្ម​ព្រៃឈើ​ជាតិ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បានប្រកាស​លុបបំបាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​១៨០​លាន​តោន​ពី​បរិស្ថាន​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០៣០​។ កិច្ចប្រឹងប្រែង​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​អូស្ត្រាលី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Morrison គូសបញ្ជាក់ថា គំនិត​ផ្តួ​ច​ផ្តើម​ឈ្មោះថា The Regional Forestry Hub  នឹង​ជួយ​បង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​បន្ថែមទៀត​ដល់​ប្រជាជន​អូស្ត្រាលី ដែល​បង្កើន​ចំណូល​ប្រមាណ​១៦​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ចជាតិ​។ 
 
​សម្រាប់​ដំណាក់កាល​ដំបូង ទីតាំង​ដាំ​ឈើ​ចំនួន​បួន នឹងត្រូវ​ធ្វើឡើង​ក្នុង​រដ្ឋ New South Wales, រដ្ឋ Tasmania, រដ្ឋ Western Australia និង​តាម​បណ្តោយ​ព្រំដែន​រដ្ឋ South Australia និង Victoria ។ សូមបញ្ជាក់ថា អូស្ត្រាលី គឺជា​ប្រទេស​មាន​ព្រៃឈើ​ធំ​បំផុត​លំដាប់​ទី​៧​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​១៧​ភាគរយ​នៃ​ផ្ទៃដី​សរុប​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​អូស្ត្រាលី​ឆ្នាំ​២០១៨៕
 

© រក្សាសិទ្ធិដោយ thmeythmey.com