ជាតិ
សង្គមជាតិ
សរសេរ​ខ្មែរ​ខុស នឹង​កែ​មក​ត្រូវ​វិញ ដោយ​ប្រើ​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដែល​ទើប​បង្កើត​
09, Apr 2019 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​បង្កើត​កម្មវិធី​ថ្មី​សន្លាង​មួយ ដើម្បី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់ និង​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ និង​លើកស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​មាន​ភាពទូលំទូលាយ​។ ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ព្រឿង ប្រណិត ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​នេះ​មាន​សារៈសំខាន់​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ក្នុងការ​សរសេរ​អក្សរ​ខ្មែរ​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​នៅក្នុង​សង្គម​។


 
​កម្ម​វី​ធី​នេះ​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​ជា Web app ដោយ​មិនបាច់ Download គ្រាន់តែ​ត្រូវមាន​អ៊ីនធឺណិត ប្រើ​ជា​បច្ចេកវិជ្ជា Big Data ដំណើរ​ការពឹង​ផ្អែកលើ​ទិន្នន័យ​ពាក្យ​ខ្មែរ ដែល​ចាប់ពី​គេហទំព័រ​នានា ដោយ​ស្វ័យប្រវត្តិ​។ បច្ចុប្បន្ន កម្ម​វី​ធី​នេះ បានដាក់​ដំណើរការ​ហើយ ដោយ​ការកែ​ពាក្យ​នីមួយៗ​គឺ​សុទ្ធតែ​យោងទៅតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ ជាក់ស្តែង​កម្មវិធី​នេះ​គឺ​សម្រាប់​កែ​តែ​ពាក្យ​ណា​ដែល​ខុស​ប៉ុណ្ណោះ ចំណែក​ខ្លឹមសារ និង​ការប្រើប្រាស់​វេយ្យាករណ៍​ពុំមាន​ការកែសម្រួល​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​។  
 
​កិច្ចការងារ​បង្កើត​ក​ម្ម​វិធី​នេះ ជា​គំនិត​ផ្គួ​ច​ផ្តើម​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​រួម​ជាមួយ​អ្នកជំនាញ​ផ្នែក​អក្ខរ​សាស្ត្រ​ខ្មែរ និង​អ្នកជំនាញ​ផ្នែក​បច្ចេកវិជ្ជា​ទំនើប​។ លោក ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ជឿជាក់ថា​កម្មវិធី​នេះ នឹង​អាចជួយ​សម្រួល​ដល់​កិច្ចការ​ការងារ​របស់​អ្នកសារព័ត៌មាន​ឲ្យ​មាន​ភាពងាយស្រួល និង​ជៀសវាង​ការប្រើប្រាស់​ខុស​។ សម្រាប់​នៅ​ថ្ងៃ​អនាគត ក្រុមការងារ​របស់លោក​ក៏​នឹង​បង្កើតជា App ដែល​អាច​ប្រើ​ជា App offline ដែលមាន​មុខងារ​ស្រដៀង​នឹង  App វចនានុក្រម​ខ្មែរ​ផងដែរ​។ 
 
​លោក ដា​ញ់ ហុង អ្នកសរសេរ​កូដកម្ម​វិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​ឌីជីថល បាន​កត់សម្គាល់ថា ពលរដ្ឋ​ខ្មែរខ្លះ មិនទាន់​ឯកភាពគ្នា ក្នុងការប្រើប្រាស់​ភាសា​ខ្មែរ​​នៅឡើយ​ទេ​។ លោក​បាន​បញ្ជាក់ថា កម្មវិធី​នេះ នឹង​កែតម្រូវ​ពាក្យ​ដែល​សរសេរ​ខុស​ឲ្យ​មកជា​ត្រូវ​វិញ តាមរយៈ​ការ​វាយ​អក្សរ​លើ​តារាង​នៅក្នុង​កម្មវិធី Khmerwriters.com​។ 
 
​ចំណែក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត​និង​សីលធម៌​កម្ពុជា បាន​និយាយថា ការប្រើប្រាស់​ភាសា​ខ្មែរ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​តាម​អន​ឡាញ​មានការ​កើនឡើង​ខ្លាំង ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ទំនាក់ទំនង​ក្នុង​បណ្តាញ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក ឬ​អ៊ី​ម៉ែ​ល នៅ​មិនទាន់មាន​វិសាលភាពនោះទេ។ ​
 
«​ខ្ញុំ​សង្កេតឃើញថា មាន​ក្រុមហ៊ុន​ឯកជន​នានា​ជ្រើសរើស​បុគ្គលិក គឺ​សុទ្ធតែ​ឲ្យ​ប្រើ​ឯកសារ​បំពេញការងារ និង​សម្ភាស​ជា​ភាសាបរទេស ដូច្នេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​ទទួលបាន​ការងារ​នោះ​ណាស់​។  ម្ចាស់​ក្រុមហ៊ុន​នោះ​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ភាសា​ខ្មែរ​របស់​ខ្លួនឯង​»»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ា ច័ន្ទ​រឿន​។
 
​ដើម្បី​ឲ្យ​ភាសា​ខ្មែរ​មាន​វឌ្ឍនភាព លោក ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់មក​ប្រើប្រាស់​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន និង​ត្រួតពិនិត្យ​ពាក្យពេចន៍​ឲ្យ​បាន​ត្រឹមត្រូវ​៕ 
 

Tag:
 សមាគម​អ្នកនិពន្ធ​ខ្មែរ​
 ​អក្ខរាវិរុទ្ធ​ខ្មែរ​
 ​ប្រព័ន្ធ​ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com