ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជៀស​ផុតពី​បញ្ហា​ស្ទះ​សរសៃឈាម ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
10, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​សុទ្ធតែ​អាច​ប្រឈមមុខ​នឹង​បញ្ហា​ស្ទះ​សរសៃឈាម​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ រួមបញ្ចូល​ទាំង​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ បញ្ហា​ស្ទះ​សរសៃឈាម​ជា​ញឹកញយ​បណ្ដាលមកពី​របៀប​នៃ​ការរស់នៅ​មិន​ត្រឹមត្រូវ ដោយសារ​កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។ ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើតឡើង​នៅក្នុង​សរសៃឈាម​ដែល​បណ្ដាល​ឲ្យ​សរសៃឈាម​រួម​តូច​កកស្ទះ​។ បញ្ហា​នេះ គឺអាច​បង្ក​ជា​ជំងឺ​ស្ទះ​សរសៃឈាម​ដែល​នឹង​កាត់បន្ថយ​លំ​ហូរឈាម​នៅក្នុង​សរសៃឈាម​អាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ ក៏​ព្រោះ​អ្នក​អាច​សម្អាត​សរសៃឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​របៀបរបប​នៃ​ការរស់នៅ និង​របប​អាហារ​ប្រចាំថ្ងៃ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​សម្អាត​សរសៃឈាម​ទប់ស្កាត់​ការស្ទះ ៖

១. ផ្លែ​ទម្លាប់​
 
​សារធាតុ polyphenols និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​ដែលមាន​ក្នុង​ផ្លែ​ទម្លាប់​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ និង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ​ទប់ស្កាត់​បញ្ហា​ស្ទះ​សរសៃឈាម​។ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ផងដែរ​។​
 
២. ផ្លែ​បឺ​រ​
 
​ទោះបីជា ផ្លែ​បឺ​រ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​អាចជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាពប្រសើរឡើង ដោយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម​អាចជួយ​បំបាត់​ការស្ទះ​ក្នុង​សរសៃឈាម​។ ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់ថ្ងៃ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​បញ្ហា​ស្ទះ​សរសៃឈាម​។​
 
៣. ផ្កា​ខាត់ណា​ខៀវ ឬ​ប្រូ​ខូ​លី​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ទប់ស្កាត់​ការកកស្ទះ​នៃ​សរសៃឈាម​។ ផ្កា​ខាត់ណា​ខៀវ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​បង្ក​ហានិភ័យ​នៃ​បញ្ហា​បេះដូង​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៤. ប្រេង​អូ​លីវ​
 
​មិនមែន​ខ្លាញ់​គ្រប់​ប្រភេទ​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ហើយ​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​សរសៃឈាម​។​
 
៥. តែ​បៃតង​
 
​តែ​បៃ​ង ជួយ​រារាំង​ការ​ស្រូប​យកជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅពេល​វា​ត្រូវបាន​រំលាយ​។ ការទទួល​ទាន​តែ​បៃតង​យ៉ាងហោចណាស់ ២ ពែង​ជាប្រចាំ គឺ​សម្អាត​សរសៃឈាម​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។​

៦. ខ្ទឹមស​
 
​ខ្ទឹម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​នាំ​ឲ្យ​មានការ​ស្ទះ​ក្នុង​សរសៃឈាម​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ខ្ទឹមស ១  ឬ ២​កំពឹស រៀងរាល់​ព្រឹក​នៅពេល​ពោះ​ទទេ ឬ​រួមបញ្ចូល​វា​ទៅក្នុង​អាហារ​ផ្សេងៗ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com