អន្តរជាតិ
ថៃ ត្រៀម​ចាយ​ជាង​៤​លាន​ដុល្លារ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
10, Apr 2019 , 2:34 pm        
រូបភាព
រូប៖ AFP
រូប៖ AFP
ដោយ:
​គណៈរដ្ឋមន្ត្រី​ថៃ  បានអនុម័ត​កញ្ចប់​ថ​វិកា​១៤៨​លាន​បាត​(៤,៦៥​លាន​ដុល្លារ​) សម្រាប់​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​កសិកម្ម​ថៃ នៅ​ថ្ងៃទី​៩ មេសា​។

 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ លោក Grisada Boonrach  បាន​គូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ដាក់បញ្ចូល​បញ្ហា​នេះ​ទៅក្នុង​របៀបវារៈ​ជាតិ និង​អនុម័ត​កញ្ចប់​ថវិកា​ស​ម្រា​ប់​អនុវត្ត​វិធានការ​ចាំបាច់​ក្នុង​គោលដៅ​ទប់ស្កាត់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post កញ្ចប់​ថវិកា​នេះ នឹងត្រូវ​បែងចែក​ជា​បី​ដំណាក់កាល​ក្នុង​កញ្ចប់​ថវិកាជាតិ​ប្រចាំឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២១​។ សម្រាប់​ឆ្នាំ​២០១៩ ចំណាយ​៥៣,៦​លាន​បាត (១,៦៨​លាន​ដុល្លារ​)​។ សម្រាប់​ឆ្នាំ​២០២០ ចំណាយ​៥២,៤​លាន​បាត (១,៦៤​លាន​ដុល្លារ​)​។ សម្រាប់​ឆ្នាំ​២០២១ ចំណាយ​៤២,៥​លាន​បាត (១,៣​លាន​ដុល្លារ​)​។ 
 
​កញ្ចប់​ថវិកា​ទាំង​ជាង​៤​លាន​ដុល្លារ​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្ត​វិធានការ​សម្រាប់​តាមដាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ធ្វើ​ឡ​ដុត​កម្ទេច​ជ្រូក​ដែល​ងាប់​ដោយសារ​ជំងឺ​នេះ​។ ទាក់ទិន​នឹង​គម្រោង​ធ្វើ​ឡ លោក​រដ្ឋមន្ត្រី​កសិកម្ម​ថៃ Grisada បាន​ពន្យល់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅតែ​អាច​ឆ្លង​រាលដាល​បាន ប្រសិនបើ​សត្វ​ជ្រូក​ដែល​ឆ្លង​ជំងឺ​នេះ​ត្រូវគេ​យកទៅ​កប់​ក្នុង​ដី​នោះ​។ ដូច្នេះ​វា​នឹងមាន​សុវត្ថិភាព​ជាង​មុន ប្រសិនបើ​ដុត​ជ្រូក​ដែល​ងាប់​ដោយសារ​ជំងឺ​ប្រភេទ​នេះ​នៅក្នុង​ឡ​ពិសេស​នោះ​។ 
 
​បើតាម​ប្រភពព័ត៌មាន​ដដែល លោក Grisada លើកឡើង​ទៀតថា ក្រសួងកសិកម្ម បានសម្រេច​ចិត្ត​ដាក់​ស្នើ​វិធានការ​ទាំងនេះ ក្រោយពី​ជំងឺ​នេះ​ឆ្លង​រាលដាល​ទៅដល់​ប្រទេស​ចំនួន​១៨​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៨​មក ក្នុងនោះ​រួមមាន ១០​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ៤​ប្រទេស​នៅ​អាហ្វ្រិក និង​៤​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​។​
 
​មកទល់នឹង​ពេលនេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើតឡើង​១១៣​ករណី​ក្នុង​ខេត្ត​ចំនួន​២៨​នៅ​ប្រទេស​ចិន ២២១​ករណី​ក្នុង​ខេត្ត​ចំនួន​១៧​នៅ​វៀតណាម និង​មួយ​ករណី​នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Grisada ដោយ​បន្ថែមថា ចាប់តាំងពី​វីរុស​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​បណ្តា​ប្រទេសជិតខាង​ថៃ​មក ក្រសួងកសិកម្ម​មានកា​រ​ព្រួយបារម្ភ​ថា វីរុស​នេះ នឹង​ឆ្លង​រាល​ដល់​ចូលទៅ​ក្នុងប្រទេស​ថៃ ដែលជា​មូលហេតុ​នាំ​ឲ្យ​ក្រសួង​ស្នើសុំ​ថវិកា​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​បែបនេះ​។ 
 
​យោងតាម​ក្រសួងកសិកម្ម​ថៃ ប្រទេស​ថៃ មាន​កសិករ​ចិញ្ចឹម​ជ្រូក​ជាង ២១​ម៉ឺន​នាក់​៕
 

Tag:
 ថៃ​
  ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com