ជាតិ
ចិន នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា និង​កីឡា​នៅ​កម្ពុជា
10, Apr 2019 , 7:39 pm        
រូបភាព
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម រូមជាមួយ អ្នកវិនិយោគនៅក្នុងខេត្តសានស៊ី នៃប្រទេសចិន ( រូបបានពីក្រសួងពាណិជ្ជកម្ម)
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម រូមជាមួយ អ្នកវិនិយោគនៅក្នុងខេត្តសានស៊ី នៃប្រទេសចិន ( រូបបានពីក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ អ្នកវិនិយោគ​មកពី​ប្រទេស​ចិន នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា និង​កីឡា​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ​។ 

 
​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នោះ​លោក វ៉ាង លី​ពីង (Wang Liping) ប្រធាន​ក្រុមហ៊ុន GuangBo Group បាន​សន្យា​ពិនិត្យ​លទ្ធភាព​ពង្រីក​ការវិនិយោគ​មក​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ ដើម្បី​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ។ ជាពិសេស​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​
 
​ឆ្លើយតប​គោលបំណង​របស់​ក្រុមហ៊ុន​ចិន​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយថា រាជរដ្ឋាភិបាល​បាន​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ តាមរយៈ​ការកាត់បន្ថយ​សកម្មភាព​ការិយាធិបតេយ្យ ,​ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ,​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ,​ការ​ចងក្រង និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មីៗ សំដៅ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
 
​ក្នុងជំនួប​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​៩​មេសា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​និយាយ​ដូច្នេះ​៖ «​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១៩ កំពុង​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ផ្តល់ឱ្យ​វិនិយោគិន បើក​រោងចក្រ ដើម្បី​ទទួលបាន​ការលើកលែង​ពន្ធលើប្រាក់ចំណេញ​៩​ឆ្នាំ អាច​គ្រប់គ្រង​ភាគហ៊ុន ១០០​ភាគ     រយ​។ លើសពីនេះ​អាច​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន អាមេរិក និង​សហគមន៍​អឺរ៉ុប នៅក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ថែមទៀត​»​។ 
 
​បើតាម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ ,​គោលនយោបាយ​គាំពារ​វិនិយោគ គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម ,​គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា វា​ជា​អនុគ្រោះ​ដ៏​សមរម្យ​សម្រាប់​វិនិយោគិន​បរទេស​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​៕
 

Tag:
 អប់រំ​
  សិក្សា​
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com