អន្តរជាតិ
កម្តៅ​ឡើងដល់​៥១​អង្សា ក្នុង​ទីក្រុង​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន
10, Apr 2019 , 8:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
​ការិយាល័យ​ឧតុនិយម​ហ្វីលីពីន បាន​កត់ត្រា​ស​ន្ទ​ស្សន៍​កម្តៅ​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន​ក្នុងឆ្នាំនេះ ដែល​ឡើងដល់​៥១,៧​អង្សា ក្នុង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ហ​។ ការិយាល័យ​នេះ ក៏​ណែនាំ​ឲ្យ​ពលរដ្ឋ​សម្ងំ​នៅក្នុង​ផ្ទះ និង​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ជាប្រចាំ​ផងដែរ​។​

 
​នៅ​ថ្ងៃ​​ទី​៩ មេសា ការិយាល័យ​ឧតុនិយម​ហ្វីលីពីន បាន​លើកឡើងថា ស​ន្ទ​ស្សន៍​កម្តៅ​នៅ​ម៉ោង​២​រសៀល​(​ម៉ោង​ក្នុងស្រុក​) ក្នុង​ទីក្រុង Dagupan ខេត្ត Pangasinan ដែល​ឡើងដល់​៥១,៧​អង្សា​នោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។​
 
​ជាមួយគ្នានេះ ការិយាល័យ​ដដែល បាន​ណែនាំ​ឲ្យ​ប្រជាជន​សម្ងំ​នៅក្នុង​ផ្ទះ​របស់​ពួកគេ  ហើយ​ប្រសិនបើ​ម៉ាស៊ីនត្រជាក់​ពុំ​ដំណើរការ​នោះ ពួកគេ​គួរ​នៅ​ជាន់​ក្រោម​បំផុត​ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​ឥទ្ធិពល​កម្តៅ​។ 
 
​បើតាម​ប្រភព​ដដែល ការិយាល័យ​ឧតុនិយម ក៏បាន​ប្រាប់​ឲ្យ​ប្រជាជន​ផឹកទឹក​ឲ្យ​បាន​ច្រើន និង​ជាប្រចាំ ដើម្បី​រក្សា​រាងកាយ​ឲ្យ​ត្រជាក់​ ព្រោះថា ទឹក គឺជា​វត្ថុ​រាវ​ដ៏​សុវត្ថិភាព​បំផុត​សម្រាប់​ផឹក អំឡុងពេល​អាសន្ន​ក្តៅ​បែបនេះ​។​
 
​ក្រៅពី​ទីក្រុង Dagupan តំបន់​ចំនួន​១៣​ផ្សេងទៀត ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់ «​គ្រោះថ្នាក់​» ផងដែរ​។ ក្នុងចំណោម​នោះ ក្រុង Cuyo ក្នុង​ខេត្ត Palawan ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន មាន​សីតុណ្ហភាព​ដល់ ៤៦,២​អង្សា ចំណែកឯ​រដ្ឋធានី ម៉ានីល មាន​សីតុណ្ហភាព​ដល់ ៤២​អង្សា​។​
 
​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​ហ្វីលីពីន កាលពីពេល​ថ្មីៗ​នេះ បាន​ណែនាំ​ឲ្យ​សាធារណជន​រក្សា​រាងកាយ​ពួកគេ​កុំ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន  និង​ស្លៀក​សំលៀកបំពាក់​ស្តើងៗ និង​មាន​ពណ៌​ភ្លឺៗ​ជាដើម​។ ខេត្ត​មួយចំនួន​ក្នុងប្រទេស​ហ្វីលីពីន កំពុង​ប្រឈមមុខ​នឹង​បញ្ហា​រាំងស្ងួត​ចាប់តាំងពី​ខែមីនា​មកម្ល៉េះ ហើយ​បញ្ហា​នេះ​នឹង​បន្ត​ដល់​ខែឧសភា ឬ​ខែមិថុនា​ទៀត ដោយសារ​បាតុភូត​អាកាសធាតុ El Nino ៕
 

Tag:
 ​ហ្វីលីពីន​
  សីតុណ្ហភាព
© រក្សាសិទ្ធិដោយ thmeythmey.com