ជាតិ
សម្ដេច ស ខេង ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យមើល​ទីតាំង​អាជីវកម្ម​សិន មុននឹង​ផ្ដល់​អាជ្ញា​បណ្ណ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​
11, Apr 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កន្លែង​អាជីវកម្ម​មួយចំនួន កំពុង​បង្កបញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាង​អស់ ត្រូវ​ចូលរួម​ដោះស្រាយ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​សម្ដេច ស ខេង ដែល​បាន​មើលឃើញ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ បាន​សង្កត់​ថា កន្លែង​ភោជនីយដ្ឋាន និង​ទីតាំង​ផ្ដល់​សេវា​ផ្សេងៗ​ខ្លះ មាន​ទីធ្លារ​តូចៗ ហើយ​ខ្វះ​កន្លែង​ចំណត​យានយន្ត​គ្រប់គ្រាន់ បែរ​យក​ផ្លូវ​សាធារណៈ ធ្វើជា​កន្លែង​សម្រាប់​ចត​យានយន្ត​របស់​ភ្ញៀវ​ទៅវិញ​។ ការបំពាន​របស់​ម្ចាស់​អាជីវកម្ម​ទាំងនេះ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​។​



 
​ដោយសារ​មើលឃើញ​ចំណុច​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យមើល​ទីតាំង​អាជីវកម្ម​សិន មុននឹង​ផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដំណើរការ​រកស៊ី ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​។ 
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយថា​៖«​ដូច​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​គឺថា អ្នក​ដែល​ផ្ដល់​ច្បាប់​អនុញ្ញាត​អាជ្ញា​បណ្ណ​ឲ្យ​បើក​សណ្ឋាគារ​នៅជាប់​ផ្លូវ ហើយ​អត់​មាន​ធ្វើ​កន្លែង​ចត​។ ភោជនីយដ្ឋាន ក្នុង​ផ្លូវ​មួយ​ប្រហែល​កន្លះ​គីឡូ មាន​ភោជនីយដ្ឋាន​៤​ទៅ​៥ កន្លែង ប៉ុន្តែ​អត់​មា​នរក​ដំណោះស្រាយ​ចត​ឡាន​ទេ​។ តែ​គាត់​មាន​ភ្ញៀវ​ប្រហែល​៥០​នាក់ ឡាន​នៅ​ពេញ​ហ្នឹង​បណ្ដោយ វា​កកស្ទះ​បាត់​ហើយ​»​។​
 
​អម​ជាមួយ​ការលើកឡើង​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ អះអាងថា អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នេះ ប៉ុន្តែ​វា​នៅតែ​កើតមាន ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ថែមទៀត​៕
 

Tag:
 ស ខេង​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com