ជាតិ
សង្គមជាតិ
ចាប់​ប៉េអឹម​សក្តិ​បួន​កន្លះ​ម្នាក់ និង​គ្នីគ្នា​ពីរ​នាក់​ទៀត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​
10, Apr 2019 , 5:31 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្លាំង​ពី​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះទៅ​ចាប់​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ ហោ រ៉ា​ពិ​ណាត ដែលមាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ (​សក្តិ​បួន​កន្លះ​) និង​មាន​តំណែង​ជា​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​បក្សពួក​ពីរ​នាក់​ទៀត កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​ច្បារអំពៅ ដោយ​សង្ស័យថា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។


 
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជា​នីតិវិធី ជនសង្ស័យ​ទាំងបី ត្រូវ​បញ្ជូនទៅ​តុលាការ ព្រោះ​សមត្ថកិច្ច មិនអាច​ទុក​ពួកគេ ឲ្យ​លើសពី​៤៨​ម៉ោង​ឡើយ​។ លោក មិនបាន​បញ្ជាក់​ទេ​ថា ជនសង្ស័យ​ពីរ​នាក់​ទៀត ជា​កងរាជអាវុធហត្ថ​ដែរ​ឬ​យ៉ាងណា​។ អ្នកនាំពាក្យ​រូបនេះ និយាយថា «​ខ្ញុំ មិនបាន​សួរ​ពីអត្តសញ្ញាណ​របស់​ពួកគេ​ទេ​។ យើង មិន​ខ្វល់​ថា​ជា​អ្នកណា​ទេ ឲ្យ​តែ​ខុសច្បាប់ គឺ​ចាប់​ហើយ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឡើយ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ 
 
​កន្លងមក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់​ដាស់តឿន​កងរាជអាវុធហត្ថ ឲ្យ​ចៀស​ពី​គ្រឿងញៀន​។​
 
​ចំណែក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹង​ព្រមាន​ថា ទោះជា​មាន​លុយ មានអំណាច និង​ពាក់​ដល់​លោក​ខែ​ក៏ដោយ ក៏ត្រូវ​តែ​ចាប់​ដែរ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ការព្រមាន​របស់​សម្តេច​នាយករដ្ឋមន្ត្រី គឺធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​រ៉ក់ (Rock) ដែល​ត្រូវបាន​បិទ​ចោល ដោយសារ​លួច​នាំចូល​គ្រឿងញៀន​៕ 
 

Tag:
 ប៉េអឹម​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com