អន្តរជាតិ
លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​រក​មូលហេតុ​នៃ​អគ្គិភ័យ​អគារ Central World ដែល​សម្លាប់​មនុស្ស​២​នាក់​
11, Apr 2019 , 2:18 pm        
រូបភាព
រូបភាព៖ កាសែតបាងកកប៉ុស្តិ៍
រូបភាព៖ កាសែតបាងកកប៉ុស្តិ៍
ដោយ:
​អាជ្ញាធរ​ថៃ បាន​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការឆាបឆេះ​អគារ​១៦​ជាន់​ក្នុង​តំបន់ Ratchaprasong នៃ​ទីក្រុង​បាងកក ដែល​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១០ មេសា ។ អគ្គិភ័យ​នេះ​បាន ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​២​នាក់​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោយពី​ទទួលបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា​។​

 
​អគ្គិភ័យ​នេះ ត្រូវបាន​រាយការណ៍​ថា ផ្ទុះឡើង​នៅ​ម៉ោង​ប្រហែល ៥​ល្ងាច ដោយ​គេ​មើលឃើញ ផ្សែងខ្មៅ​យ៉ាងច្រើន​ខ្មួលខ្មាញ់​ហោះ​ឡើង​ទៅលើ​អាកាស​។ ផ្សែង​នេះ​ហុយ​ចេញពី​ជាន់​ទី​៨​នៃ​អគារ CentralWorld ដែល​គេ​សង្ស័យថា ជា​ចំណុច​ផ្តើម​នៃ​ការឆេះ​។ យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ ស្នងការរង​ប៉ូលីស​ក្រុង​បាងកក លោក​ឧ​ត្ត​ម​សេនីយ៍ Theerasak Suriwong អះអាងថា មនុស្ស​២​នាក់​ស្លាប់ និង​១៦​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​នេះ​។​
 
​បើតាម​ប្រភព​ដដែល អភិបាលក្រុង​បាងកក លោក Aswin Kwanmuang និយាយថា ផ្នែក​ខ្លះ​នៃ​អគារ​១៦​ជាន់​នេះ ត្រូវបាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការ​អគ្គីភ័យ​នេះ និង​ពិនិត្យ​លើ​ប្រព័ន្ធ​ប្រកាសអាសន្ន​អំពី​អគ្គិភ័យ​របស់​អគារ CentralWorld នេះ​។ 
 
​សូមបញ្ជាក់ថា របាយការណ៍​ជាបឋម បង្ហាញថា ការឆាបឆេះ​បានចាប់ផ្តើម​ក្នុង​បន្ទប់​ដាក់​ឯកសារ​មួយ​នៅ​ជាន់​ទី​៨​នៃ​អគារ​។ ក្រុម​អ្នកគ្រប់គ្រង​អគារ CentralWorld បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន​ថា អគ្គិភ័យ​ផ្ទុះឡើង​នៅ​ម៉ោង ៥:៤០​នាទី​ល្ងាច ដែល​ផ្សែងហុយ​ចេញពី​អគារ​ជាន់​ទី​៨​នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​៕
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  អគារ CentralWorld
© រក្សាសិទ្ធិដោយ thmeythmey.com