អន្តរជាតិ
ផុតពី​មេដឹកនាំ​ផ្ដាច់ការ ស៊ូដង់ ធ្លាក់ចូល​កណ្ដាប់ដៃ​យោធា​វិញ​ម្ដង​
12, Apr 2019 , 9:45 am        
រូបភាព
ប្រធានក្រុមប្រឹក្សាយោធាស៊ូដង់ Awad Ibnouf (រូបភាព Xinhua)
ប្រធានក្រុមប្រឹក្សាយោធាស៊ូដង់ Awad Ibnouf (រូបភាព Xinhua)
​ប្រធានាធិបតី​ចាស់វស្សា​របស់​ស៊ូដង់ អូ​ម៉ា អាល់​-​បា​សៀ  (Omar al-Bashir) ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ចេញពី​អំណាច​ក្រោយ​ការធ្វើ​បាតុកម្ម​ទាមទារ​របស់​ប្រជាជន​ជាច្រើន​ខែ​មក​។ ទោះ​លោក អាល់​-​បា​សៀ អស់អំណាច​មែន ប្រជាជន​ស៊ូដង់​បែរជា​ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​ទៅវិញ​។ រដ្ឋមន្ត្រី​ការពារជាតិ​ស៊ូដង់  Awad Ibnouf ប្រកាសថា លោក​ដឹកនាំ​រដ្ឋាភិបាលយោធា​ចំនួន​២​ឆ្នាំ​សិន​។ ការប្រកាស​នេះ ធ្វើ​ឲ្យ​ការតវ៉ា​នៅតែ​បន្ត​ធ្វើឡើង ទោះ​របប​យោធា​រឹតត្បិត​សេរីភាព​ដើរហើរ​ក៏ដោយ​។

 
​ក្ដាប់​អំណាច​ពេញដៃ​៣០​ឆ្នាំ រជ្ជកាល​លោក អូ​ម៉ា អាល់​-​បា​សៀ ប្រធានាធិបតី​ស៊ូដង់ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែមេសា​។ លោក អាល់​-​បា​សៀ ដែល​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ឆ្នាំ​១៩៨៩ ត្រូវបាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង ស្របគ្នា​នឹង​ការតវ៉ា​តាម​ដងផ្លូវ​របស់​ប្រជាជន​ស៊ូដង់​ជាច្រើន​ខែ​មកនេះ​។ មេដឹកនាំ​យោធា​និយាយថា លោក អាល់​-​បា​សៀ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​កន្លែង​មាន​សុវត្ថិភាព​មួយ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ូដង់ Awad Ibnouf បានប្រកាស​ព័ត៌មាន​ពី​ការទម្លាក់​លោក អាល់​-​បា​សៀ ចេញពី​អំណាច​តាម​កញ្ចក់​ទូរទស្សន៍​។ លោក Ibnouf ដែល​ត្រូវបាន​លោក អាល់​-​បា​សៀ តែងតាំង​ជា​អនុ​ប្រធានាធិបតី​កាលពី​៦​សប្ដាហ៍​មុន បាន​ស្បថ​ចូលកាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​យោធា ដែល​ជំនួស​រដ្ឋាភិបាល​ចាស់​។ ក្រុមប្រឹក្សា​នេះ នឹង​ដឹកនាំ​ស៊ូដង់​រយៈពេល​ពីរ​ឆ្នាំ​។ ក្រោយ​ក្ដាប់​អំណាច​ហើយ យោធា​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ និង​អនុវត្ត​បម្រាម​គោចរ​រយៈពេល​មួយខែ​។​
 
​លើសពីនោះ មេដឹកនាំ​យោធា​ថ្មី ក៏​ប្រកា​សបិទ​ដែនអាកាស ដែន​គោក​របស់​ស៊ូដង់​រយៈពេល​២៤​ម៉ោង​រហូតដល់​មានការ​ណែនាំ​ថ្មី​។ តំណែង​ប្រធានាធិបតី អនុ​ប្រធានាធិបតី គណៈរដ្ឋមន្ត្រី និង​សភា​ផង​នោះ ត្រូវបាន​រំលាយចោល​ទាំងអស់ លើក​តែ​តំណែង​អនុរដ្ឋលេខាធិការ​ដែល​បន្តធ្វើ​ការចាំបាច់​នានា​។ 
 
​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​រូបនេះ ធ្វើ​ឲ្យ​ប្រជាជន​ស៊ូដង់​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​ស្នើ​ឲ្យ​ផ្ដល់​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ​។ តាមពិតទៅ បាតុករ​ជាច្រើន បាន​ប្រមូល​ផ្ដុំគ្នា​តាមផ្លូវ​តាំងពី​ខែធ្នូ​មក ដោយ​ផ្ដើម​ពី​ការទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​សង្គម​រហូត​ក្លាយជា​ការទាមទារ​ឲ្យ​លោក អាល់​-​បា​សៀ ចុះ​ចេញពី​តំណែង​។ ក្រុមបាតុករ​បានស្នើ​ឲ្យ​យោធា​ឈរ​នៅ​ខាង​ខ្លួន​ដើម្បី​ទម្លាក់​ប្រធានាធិបតី​របស់ខ្លួន​ទៀតផង​។​
 
​ការផ្ដួលរំលំ​របប​ដឹកនាំ​លោក អាល់​-​បា​សៀ ពេលនេះ ប្រែ​ក្លាយទៅជា​ការខកចិត្ត​ទៅវិញ​។ អាមេរិក បានស្នើ​ឲ្យ​ក្រុម​យោធា​ចែករំលែក​អំណាច​ខ្លះទៅ​ឲ្យ​មន្ត្រី​ស៊ីវិល និង​ទុក​ឱកាស​ឲ្យ​ប្រជាជន​សម្រេចចិត្ត​ពី​មេដឹកនាំ​ថ្មី​របស់​ពួកគេ​។ ចំណែកឯ​សហភាព​អឺរ៉ុប​វិញ ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​យោធា​ផ្ទេរអំណាច​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស៊ីវិល​ឲ្យ​បាន​ឆាប់​វិញ​ដែរ ខណៈ​សហភាព​អឺរ៉ុប​ចាត់ទុក​សកម្មភាព​រប​ស់​យោធា ជា​រឿង​មិន​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ស៊ូដង់​៕
 

Tag:
 អាហ្វ្រិក​
  ស៊ូដង់​
  Omar al-Bashir
© រក្សាសិទ្ធិដោយ thmeythmey.com