ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ខ្លាញ់​ល្អ និង​អាក្រក់​ខុសគ្នា​ដូច​ម្តេចទៅ​?
13, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​អាចធ្វើ​ឲ្យ​ទំហំ​ចង្កេះ​រីក​ធំ និង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​បាន​។ មែនហើយ វា​គឺជា​រឿង​ល្អ​វិញ ដោយសារតែ​ខ្លាញ់​ខ្លះ​គឺជា​ខ្លាញ់​ល្អ​ដែលមាន​ឥទ្ធិពល​ខុសគ្នា​។ ហេតុ​ដូច្នេះហើយ យក​ល្អ​គួរតែ​កុំ​បង្អត់​ជាតិ​ខ្លាញ់​សោះ​អី​។ មនុស្ស​យើង​ត្រូវការ​ខ្លាញ់​ល្អ​ដើម្បី​រស់នៅ​បានយូរ និង​មាន​សុខភាព​ល្អ​។ ម្យ៉ាងវិញទៀត អ្នក​អាច​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​អាក្រក់​បាន​បើសិនជា​គោលដៅ​របស់​អ្នក​ចង់​រស់នៅ​ឲ្យ​បាន​អាយុ​១០០​។


 
​និយាយ​ដល់​ខ្លាញ់​ល្អ វា​គឺជា​ខ្លាញ់​មួយ​ប្រភេទ​ដែល​បានមកពី​រុក្ខជាតិ និង​សត្វ​ខ្លះ​ដែរ​។ ខ្លាញ់​ល្អ​នឹង​ជួយ​សម្រួល​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ជាពិសេស វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ដូចជា វីតាមីន A, D, E និង K​។ រាងកាយ​ត្រូវការ​ខ្លាញ់​ល្អ ដើម្បី​បង្កើតជា​អ័រម៉ូន​។ អ្នក​ក៏ត្រូវ​ការ​ខ្លាញ់​ល្អ​ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​មើលទៅ​ក្មេង និង​គួរ​ឲ្យ​ស្រឡាញ់​ដែរ​។ ពិតណាស់ រាងកាយ​ត្រូវការ​ខ្លាញ់​ល្អ​ដើម្បី​ការពារ​បេះដូង​ពី​ភាពគ្រោះថ្នាក់​នានា​ដែរ​។ ខ្លាញ់​ល្អ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ថែរក្សា​ប្រព័ន្ធ​បេះដូង​សរសៃឈាម ថែរក្សា​សរសៃឈាម​ឲ្យ​នៅ​សុខភាព​ល្អ  ហើយក៏​ជួយ​បញ្ចុះ​ខ្លាញ់​អាក្រក់​ផងដែរ​។ ប្រភព​ខ្លាញ់​ល្អ ដែល​ល្អ​បំផុត​នោះ​មាន​ក្នុង​ត្រី​សាល​ម៉ុង ធូ​ណា និង​សា​ឌី​ន​។ គ្រាប់​សណ្តែកដី និង​គ្រាប់​ផ្លែឈើ​ក៏​ដូចគ្នា​ដែរ​។ 
 
​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់ យក​ល្អ​គួរតែ​បញ្ចូល​ខ្លាញ់​ល្អ​ទៅក្នុង​របប​អាហារ​អ្នកផង​ទៅ​។ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត វា​អាចជួយ​អ្នក​ពី​ការ​ញ៉ាំ​អាហារ​ច្រើនៗ​។ ក្រៅពីនេះ វា​នឹង​ផ្តល់​ជា​ថាមពល​តាម​តម្រូវការ ឬ​អាច​ហាត់ប្រាណ​បាន​ទៀងទាត់​ទៀត​។ 
 
​និយាយ​ដល់​ខ្លាញ់​អាក្រក់​វិញ គេ​ហៅ​វា​ថា​ខ្លាញ់​អាក្រក់​បែបនេះ​ដោយសារតែ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​បាន ជាពិសេស​បើសិនជា​ញ៉ាំ​ច្រើនពេក​។ គ្រូពេទ្យ​និយាយថា របប​អាហារ​ដែលមាន​ខ្លាញ់​អាក្រក់​ច្រើន​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា ធាត់​ជ្រុល ទឹកនោមផ្អែម ជំងឺ​បេះដូង និង​មហារីក​មួយចំនួន​ផង​។ ខ្លាញ់​អាក្រក់​អាចធ្វើ​ឲ្យ​រាងកាយ​បង្កើតជា​ជាលិកា​ខ្លាញ់​ច្រើន ដែល​អាច​ក្លាយជា​របៀប​បង្កើតជា​ជំងឺ​ធាត់​ជ្រុល និង​ទឹកនោមផ្អែម​។ ការ​ដែលមាន​ខ្លាញ់​ច្រើន អាចធ្វើ​ឲ្យ​ប្រឈម​នឹង​មហារីក​បាន​ដោយសារតែ​វា​បង្កើត​អ័រម៉ូន​ច្រើនពេក​។ 
 
​ការ​ដែលមាន​ជាលិកា​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​ដោយសារតែ​ការ​ធាត់​ជ្រុល និង​រលាក ដែល​វា​ទាំងពីរ​នេះ​អាចធ្វើ​ឲ្យ​កើត​ជំងឺ​ដល់​ស្លាប់​បាន​។ កាលណា​យើង​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់​អាក្រក់​នេះ​ច្រើន វា​នឹងធ្វើ​ឲ្យ​កើតជា​កំណក​ជាប់​សរសៃឈាម​អាក់ទែ និង​លើស​សម្ពាធ​ឈាម​។ ប្រភព​ខ្លាញ់​អាក្រក់​ភាគច្រើន​គឺមាន​ក្នុង​អាហារ​សាច់សត្វ​ដូចជា សាច់ និង​ស្បែក​របស់​សាច់មាន់​។ ក្រៅពីនេះ អាហារ​ចៀន ឬ​ឆា​ដែល​ប្រើ​ខ្លាញ់​ច្រើនៗ  និង​អាហារ​កៃ​ឆ្នៃ​ក៏​ជា​ប្រភព​ខ្លាំង​មួយ​នៃ​ខ្លាញ់​អាក្រក់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com