អន្តរជាតិ
មូលហេតុ​អ្វី​បានជា​ផ្កា​មាន​ក្លិន​ខុសៗ​គ្នា​?
15, Apr 2019 , 7:00 am        
រូបភាព
​នៅពេលដែល​អ្នក​គិត​អំពី​ផ្កា អ្នក​តែង​នឹកឃើញ​អំពី​ក្លិន​ដ៏​ក្រអូប​របស់​វា​។ ដូចជា​ផ្កាម្លិះ ផ្កាចម្ប៉ា ឬ ផ្ការំដួល​ជាដើម​។ ប៉ុន្តែ​វា​មិនមែន​ផ្កា​សុទ្ធតែ​ក្រអូប​ហូត​នោះទេ​។ ផ្កា​មួយចំនួន​ដែលមាន​ដូចជា​ផ្កា Titan Arum ដែល​ភាគច្រើន​ដុះ​នៅតាម​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​ដឹងថា​មាន​ក្លិន​ស្រដៀង​នឹង​សាក​សព្វ​សត្វ​ស្លាប់​អ៊ីចឹង​។ ចុះ​មូល​ហេតុអ្វី​បានជា​ផ្កា​មាន​ក្លិន​ខុសៗ​គ្នាច្រើន​ម្ល៉េះ​?

 
​គេហទំព័រ explorecuriocity.org បាន​ពន្យល់​យ៉ាង​ដូចនេះ​ថា ផ្កា​មាន​ប្រភេទ​ក្លិន​ខុសៗ​គ្នា ដោយសារ​វា​មាន​ទំនោរ​ក្នុងការ​ទាក់ទាញ​ពពួកសត្វ​ល្អិត​ខុសៗ​គ្នា​។ ផ្កា​ដែលមាន​ក្លិនក្រអូប ភាគច្រើន​ត្រូវការ​ឃ្មុំ ឬ​មេអំបៅ​ធំៗ​ជាដើម​។​
 
​ចំណែកឯ​សត្វ​រុយ​ដែល​ចូលចិត្ត​កន្លែង​កខ្វក់ ភាគច្រើន​ចូលចិត្ត​ទៅរក​ផ្កា​ដែលមាន​ក្លិន​មិនល្អ​ដែរ​។ ផ្កា​ដែលមាន​ក្លិន​ផ្អួរ ទាក់ទាញ​សត្វ​ប្រចៀវ​។ ចំណែកឯ​ផ្កា​ដែល​បញ្ចេញ​ក្លិន​ដូច​ផ្លែឈើ ទាក់ទាញ​ពពួកសត្វ​កញ្ចែ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពពួក​ផ្កាអ័រគីដេ​មួយចំនួន​ក៏បាន​វិ​វត្ត​ខ្លួន​ឲ្យ​មាន​រាង​ដូច​សត្វល្អិត​ញី​។ នៅពេល​សត្វល្អិត​ឈ្មោល​ឃើញ វា​ក៏​ទៅ​បន្ត​ពូជ​នៅលើ​ផ្កា​នោះ តែ​វា​គ្រាន់តែ​ជាការ​បន្លំ​ភ្នែក​ទេ​។ 
 
​បាតុភូត​នៅ​ត្រូវបាន​គេ​ហៅថា «Coevolution» គឺ​បានន័យថា​ពពួក​សារពាង្គកាយ​ពីរ​ប្រភេទ​វិ​វត្ត​ដើម្បី​ទាញ​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។ ទាំងនេះ​គឺ​ដោយសារ​គោលបំណង​តែ​ម្យ៉ាង​គត់ គឺ​ការ​បំ​ភាយ​លំអង​របស់​ផ្កា​ទាំងនោះ​ឲ្យ​បាន​ឆ្ងាយ ពោលគឺ​នៅតាម​ជើង និង​ដងខ្លួន​របស់​សត្វល្អិត ដើម្បី​ឲ្យ​ដើម​រុក្ខជាតិ​ទាំងនោះ​បង្កើត​ពូជ​ជំនាន់​ក្រោយ​របស់​វាត​ទៅទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com