ជាតិ
២៥ខេត្ត/រាជធានី
បុណ្យ​-​បាប ប្រៀប​ដូចដើម​ឈើ​និង​បញ្ញើក្អែក
15, Apr 2019 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុណ្យ​និង​បាប គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ បុណ្យ មិនអាច​លុបលាង​បាប​បានទេ ហើយ​បុណ្យ​ក៏​មិនអាច​សាបសូន្យ​ដោយសារ​ការ​សាង​បាប​បានដែរ​។ ទោះបី​សាង​បុណ្យ​ប៉ុន​ផ្ទៃ​មហាសាគរ​ក៏ដោយ ក៏​អ្នក​មិនអាច​យកទៅ​លាងជម្រះ​បាប​បានដែរ សូម្បីតែ ប៉ុន​ល្អងធូលី​។​



​បុណ្យ​និង​បាប គឺជា​សភាវ​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ បុណ្យ​និង​បាប មិនអាច​យកមក​ស៊ីសង​គ្នា​បានទេ​។ អ្នក​មិនអាច​ធ្វើបាប ហើយក៏​ត្រឡប់មក​ធ្វើបុណ្យ ដើម្បី​លាងជម្រះ​បាប​ឡើយ​។ ធ្វើអំពើ​អាក្រក់ ត្រូវតែ​ទទួលផល​បាប ធ្វើអំពើ​ល្អ ត្រូវតែ​ទទួលផល​បុណ្យ​។ នេះ​ជា​ច្បាប់ធម្មជាតិ​។​

​បើ​អ្នក​សាង​អំពើ​បាប ដូចជា កាប់បំផ្លាញ​ព្រៃឈើ កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ ប្រព្រឹត្ត​អំពើពុករលួយ ឆក់យក​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែ​ចម្ការ ជិះជាន់ កាប់សម្លាប់​ជីវិត​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ផលប្រយោជន៍​គ្រួសារ បក្សពួក ដូច្នេះ​អ្នក​ក៏​ត្រូវតែ​ទទួលរង​នូវ​ផល​នៃ​អំពើ​បាប​នេះដែរ​។ អ្នក​មិនអាច​សាង​បាប​ទាំងនេះហើយ រួច​ទៅធ្វើ​បុណ្យ ដើម្បី​លាងបាប​នោះទេ​។ បើទោះបីជា​អ្នកធ្វើ​បុណ្យកឋិន ចំណាយ​ទ្រព្យ​កសាង​ព្រះពុទ្ធ​ប្បដិមា​គ្រប់​ព្រះវិហារ ឬ​កសាង​ព្រះវិហារ​គ្រប់​វត្ត​អារាម​ក៏ដោយ ក៏​អ្នក​មិនអាច​យកមក​ដោះដូរ​ជាមួយនឹង​អំពើ​បាប ដែល​អ្នក​បាន​ប្រព្រឹត្ត​ដែរ​។ បាប​គឺ​បាប បុណ្យ​គឺ​បុណ្យ​។ សាង​បាប​ប៉ុនណា អ្នក​ត្រូវតែ​ទទួល​បាប​ប៉ុណ្ណឹង​។ សាង​បុណ្យ​ប៉ុនណា អ្នក​ក៏​ត្រូវតែ​ទទួល​បុណ្យ​ប៉ុណ្ណឹង​ដូចគ្នា​ដែរ​។​

​បុណ្យ​និង​បាប មាន​សេចក្តី​ប្រៀង​ធៀប​ជាច្រើន​។ បុណ្យ​និង​បាប ប្រៀបដូចជា ដើមឈើ​និង​ដើម​បញ្ញើក្អែក​។ ទោះ​ដើម​បញ្ញើក្អែក ដុះ​ជាប់​នឹង​ដើមឈើ​នោះ​ក៏ដោយ ក៏​មិនអាច​ក្លាយទៅជា​ដើមឈើ​បានដែរ​។ ដើមឈើ នៅតែ​ជាដើម​ឈើ បញ្ញើក្អែក នៅតែ​ជា​បញ្ញើក្អែក​។ 

​វ​ល្លិ៍ ដែល​ដុះ​ហ៊ុមព័ទ្ធ​ស្ទើរ​ពេញ​ដើមឈើ តែ​វ​ល្លិ៍ នៅតែ​ជាវ​ល្លិ៍ ហើយ​ដើមឈើ នៅតែ​ជាដើម​ឈើ​។ វ​ល្លិ៍​មិនអាច​ក្លាយជា​ដើមឈើ​បានទេ ហើយ​ដើមឈើ ក៏​មិនអាច​ក្លាយ​ជាវ​ល្លិ៍​បានដែរ​។​
​បុណ្យ​និង​បាប ក៏​អាច​ប្រៀបដូចជា​ទឹក​និង​ប្រេង​ដូច្នេះ​ដែរ​។ ទោះបីជា​យក​ទឹក​និង​ប្រេង ទៅ​ដាក់​ក្នុង​កែវ​តែមួយ​ក៏ដោយ ក៏​វត្ថុ​ទាំងពីរ​នេះ មិនអាច​ក្លាយជា​វត្ថុ​តែមួយ​ដែរ​។ សារធាតុ​ទឹក​នៅតែ​ជា​ទឹក សារធាតុ​ប្រេង​នៅតែ​ជា​ប្រេង​។​

​ឧបមា​យ៉ាងណា សេចក្តី​ពិត​ក៏​ដូច្នេះ​ដែរ​។ បើ​អ្នក​ធ្វើបុណ្យ អ្នកនឹង​ទទួល​អំពើ​ជា​កុសល តែបើ​អ្នក​ធ្វើបាប អ្នក​ក៏​ត្រូវតែ​ទទួល​អំពើ​ជា​អកុសល​ដែរ​។ បាប មិនអាច​យកបុណ្យ​មក​លាងជម្រះ​បានឡើយ ហើយ​បុណ្យ ដែល​អ្នក​បានធ្វើ ក៏​មិន​រលាយ​សាបសូន្យ ដោយសារតែ​អ្នកប្រព្រឹត្ត​អំពើ​បាប​ដែរ​។ សភាវ​ទាំងពីរ​នេះ ឲ្យ​ផល​ពីរ​ផ្សេងគ្នា​ជា​ដរាប​។ នេះ​ជា​សច្ចធម៌​៕
 

Tag:
 ចូលឆ្នាំ​
  ទស្សនៈ​
  ធម៌​
  បុណ្យ​
  បាប​
© រក្សាសិទ្ធិដោយ thmeythmey.com