ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឈ្វេងយល់​ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ
14, Apr 2023 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការវិល​ទៅ​នៃ​ផែនដី​ចំនួន​៣៦៥​ថ្ងៃ ៦​ម៉ោង ១២​នាទី និង​ជាង ២៩​វិនាទី បាន​វិល​ជុំវិញ​ព្រះអាទិត្យ​ម្តង គេ​ហៅថា ១​ឆ្នាំ​។ ក្នុង ១​ឆ្នាំមាន​៣ ឬ ៤ ឬក៏ ៦​រដូវ ស្របទៅតាម​កន្លែង​នីមួយៗ​។​

 
​ការកំណត់​ពេល និង​ពិធី​ចូលឆ្នាំថ្មី គឺ​ប្លែកៗ​គ្នា ស្របទៅតាម​ជំនឿ​ទំនៀប​ទម្លាប់ និង ប្រពៃណី​របស់​ពួកគេ​។ ខ្មែរ​យើង ក៏មាន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ ពី​ដើម ខ្មែរ​យើង​កំណត់ពេល​ធ្វើបុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ខែ​មិគសិរ បានជា​រាប់​ខែ​មិគសិរ​នេះ ជា​ខែ​ទី​១​។ លុះ​មកដល់​សម័យ​មហានគ​រ ខ្មែរ​យើង​កែប្រែ​មក​ធ្វើបុណ្យ​ចូលឆ្នាំថ្មី​នៅ​ខែចេត្រ (១៣​មេសា​) វិញ ព្រោះ​ខែ​មិគសិរ​នៅមាន​កិច្ចការ​មមាញឹក​ច្រើនពេក​។​
 
​បុណ្យចូលឆ្នាំថ្មី​របស់​ខ្មែរ មិន​បញ្ចប់​ត្រឹម​ការឈប់​សម្រាក និង​ការសប្បាយ​ប៉ុណ្ណោះ​ទេ​។ គេ​ត្រូវធ្វើ​កិច្ច​តបស្នង​សងគុណ និង​សន្សំ​បុណ្យ​កុសល​ផ្សេងៗ​ផងដែរ​។​
 
​កិច្ច​ការដែល​ត្រូវធ្វើ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី មាន​៣​យ៉ាង​គឺ​៖
 
​ទី​១. សម្អាតផ្ទះ​សម្បែង វត្ត​អារាម និង​កាត់​សម្លៀកបំពាក់​ថ្មី​។ 
​ទី​២. រៀបចំ​ទេយ្យវត្ថុ សម្រាប់​ជូន​លោកអ្នក​មានគុណ និង​វត្ថុ​ផ្សេងៗ សម្រាប់​សប្បាយ​ក្នុងពេល ចូលឆ្នាំថ្មី​។​
​ទី​៣. រៀបចំ​ទេយ្យវត្ថុ សម្រាប់ធ្វើ​បុណ្យ​កុសល​ក្នុង​វត្ត​អារាម​។​
 
​បុណ្យចូលឆ្នាំថ្មី គេ​កំណត់​ធ្វើ​៣​ថ្ងៃ គឺ​៖
 
​ទី​១. ថ្ងៃ​ចូលឆ្នាំថ្មី ហៅថា ថ្ងៃ​សង្ក្រាន្ត​។ ក្នុងថ្ងៃនេះ គេ​នាំគ្នា​ទៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា ជាដើម​។​
​ទី​២. ថ្ងៃ​កណ្តាល ហៅថា ថ្ងៃ​វ័ន​ប័ត​។ ក្នុងថ្ងៃនេះ គេ​ជូន​ទេយ្យវត្ថុ​ដល់​លោកអ្នក​មានគុណ ចែកទាន​ដល់​អ្នក​ទ័លក្រ និង​នាំគ្នា​ទៅ​វត្ត​ដូច​ថ្ងៃមុន​។​
​ទី​៣. ថ្ងៃ​ឆ្លងបុណ្យ ហៅ​ថ្ងៃ​ឡើងស័ក​។ ក្នុងថ្ងៃនេះ គេ​នាំគ្នា​ទៅ​ឆ្លងបុណ្យ នៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា ស្រង់​ព្រះ និង​ស្រង់​ភិក្ខុសង្ឃ ជាដើម​។ 
 
​ដោយ​វត្ត​អារាម ជា​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ ពិធីបុណ្យ​ទាំងឡាយ គេ​ច្រើនតែ​នាំគ្នា​ទៅធ្វើ​ក្នុង​ទីវ​ត្ត​អារាម សូម្បីតែ​ល្បែង​ប្រជាប្រិយ​ផ្សេងៗ ដូច​លេង​អង្គញ់ ចោល​ឈូង ជាដើម ក៏​គេ​អាច​ទៅលេង​ក្នុង​ទីវ​ត្ត​អារាម​បានដែរ​៕
 
​ប្រភព​៖ សៀវភៅ​ពុទ្ធសាសនា និង​ការអប់រំ​សង្គម​
 

Tag:
 ​ចូលឆ្នាំ​
  ប្រវត្តិ​ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com