ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥មក គេឃើញមានសម្ទុះខ្លាំងក្លានៃការសាងសង់រោងចក្រសូឡា ខណៈរដ្ឋាភិបាលនៅទូទាំងពិភពលោក ប្រឹងប្រែងសម្រេចគោលដៅថាមពលបៃតងរបស់ពួកគេ និងដើម្បីចូលរួមចំណែកកាត់បន្ថយផ្សែងពុលជាសកល ត្រឹមឆ្នាំ២០២០។ បច្ចុប្បន្ននេះ ឥណ្ឌា និងចិន ឈានមុខគេក្នុងវិស័យថាមពលសូឡា ជាមួយគម្រោងសូឡាខ្នាតយក្សជាច្រើន ដែលកំពុងប្រតិបត្តិការនិងសាងសង់។
ខាងក្រោមនេះ ជារោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យធំបំផុតទាំងប្រាំក្នុងពិភពលោក ដោយផ្អែកលើវេបសាយ originenergy.com ៖
១. រោងចក្រថាមពលសូឡា Noor Complex ប្រទេស ម៉ារ៉ុក
មានទីតាំងក្នុងសមុទ្រខ្សាច់ សាហារ៉ា ក្នុងតំបន់អាហ្វ្រិក Noor Complex គឺជារោងចក្រថាមពលសូឡធំបំផុតរបស់ពិភពលោក។ គម្រោងថាមពលបៃតងនេះ មានអនុភាព៥៨០មេហ្កាវ៉ាត់ និងរំពឹងថា អាចផ្តល់ថាមពលអគ្គិសនីសម្រាប់មនុស្ស១លាននាក់ ត្រឹមឆ្នាំ២០២០។ ចាប់តាំងពីរោងចក្រនេះបានបើកដំណើរការក្នុងឆ្នាំ២០១៦មក គេសង្កេតឃើញថា ឧស្ម័នពុលរបស់ប្រទេសនេះ ត្រូវបានកាត់បន្ថយរាប់រយពាន់តោនជារៀងរាល់ឆ្នាំ។
២. រោងចក្រថាមពលសូឡា Kamuthi ប្រទេសឥណ្ឌា
រោងចក្រថាមពលសូឡា Kamuthi នេះ មានទីតាំងស្ថិតក្នុងរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា។ គ្របដណ្តប់ផ្ទៃដី១០គីឡូម៉ែត្រការ៉េ រោងចក្រនេះ មានអនុភាព៦៤៨មេហ្កាវ៉ាត់។ រោងចក្រនេះ បង្កើតឡើងដោយសូឡាចំនួន២,៥លានផ្ទាំង និងចំណាយប្រាក់អស់ ៦៧៩លានដុល្លារ។ សម្រាប់អនុភាពថាមពលនេះ រោងចក្រថាមពលសូឡា Kamuthi រំពឹងថា អាចផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្ទះចំនួន ១៥ម៉ឺនខ្នង។
៣. រោងចក្រថាមពលសូឡា Longyangxia Dam Solar Park ប្រទេសចិន
លាតសន្ធឹងលើផ្ទៃដី ២៥គីឡូម៉ែត្រការ៉េ រោងចក្រថាមពលសូឡានេះ បង្កើតឡើងដោយសូឡាចំនួន ៤លានផ្ទាំង។ រោងចក្រនេះ មានអនុភាព៨៥០មេហ្កាវ៉ាត់ ដែលត្រូវបានចាត់ទុកជា រោងចក្រសូឡាធំបំផុតក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ គម្រោងថាមពលបៃតងដ៏ធំនេះ មានទីតាំងក្នុងខេត្ត Qinghai ប្រទេសចិន ហើយវាមានសមត្ថភាពផលិតថាមពលអគ្គិសនី ២២០ ០០០ មេហ្កាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ផ្ទះចំនួន២០ម៉ឺនខ្នង។
៤. រោងចក្រ Kurnool Ultra Mega Solar Park ប្រទេសឥណ្ឌា
ជាមួយរោងចក្រសូឡា Longyangxia Dam Solar Park ចិនបានទទួលដំណែងជាប្រទេសមានរោងចក្រថាមពលសូឡាធំបំផុតក្នុងពិភពលោក។ យ៉ាងណាមិញ ភ្លាមៗនោះ ឥណ្ឌាបានដណ្តើមតំណែងនេះវិញ ជាមួយការបើកដំណើរការរោងចក្រ Kurnool Ultra Mega Solar Park ដែលមានអនុភាព១០០០មេហ្កាវ៉ាត់ ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។
លាតសន្ធឹងលើផ្ទៃដី២៣គីឡូម៉ែត្រការ៉ែ រោងចក្រសូឡានេះ បានបើកប្រតិបត្តិការកាលពីខែឧសភាឆ្នាំ២០១៧។ គិតមកត្រឹមខែតុលា ឆ្នាំ២០១៨ រោងចក្រមនេះបានផលិតថាមពលអគ្គិសនីរាប់លានវ៉ាត និងជួយកាត់បន្ថយឧស្ម័នពុលប្រមាណ ៧០ម៉ឺនតោន។
៥. រោងចក្រថាមពលសូឡា Shakti Sthala ប្រទេសឥណ្ឌា
ស្ថិតនៅក្នុងរដ្ឋ Karnataka ភាគខាងនិរតីប្រទេសឥណ្ឌា គម្រោងថាមពលសូឡានេះ នឹងធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសមានរោងចក្រសូឡាធំបំផុតលំដាប់ទីបី ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ជាមួយអនុភាព២០០០មេហ្កាវ៉ាត់ រោងចក្រនេះ លាតសន្ធឹងលើផ្ទៃដី ៥២,៥គីឡូម៉ែត្រការ៉េ លើភូមិចំនួន៥។ កាលណាគម្រោងនេះបញ្ចប់រួចរាល់ រោងចក្រនេះ នឹងមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាជនយ៉ាងហោចណាស់៧០ម៉ឺនគ្រួសារ៕