ជាតិ
២៥ខេត្ត/រាជធានី
ល្បែង​ទាញព្រ័ត្រ បង្ហាញ​ពី​សាមគ្គីភាព​
16, Apr 2022 , 9:20 am        
រូបភាព
​ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​ល្បែង​មួយបែប  ដែល​យុវជន​ខ្មែ​ទាំង​បុរស ទាំង​ស្ដ្រី តែង​លេង​កំសាន្ដ​សប្បាយ ។​ល្បែង​ទាញព្រ័ត្រ គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ ហើយ​គេ​លេង​តែ ក្នុង​រដូវចូលឆ្នាំ​ខ្មែរ ប៉ុណ្ណោះ​។ ល្បែង​នេះ បង្ហាញ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​។​


​សមាសភាព​នៃ​អ្នកចូលរួម​លេងល្បែង​ទាញព្រ័ត្រ ចែកចេញជា​២​ក្រុម​។ មុនដំបូង​គេ​ជ្រើសរើស​បុរស​ម្នាក់ និង​ស្រី្ត​ម្នាក់ ដែលមាន​មាឌធំ​មាំ ឲ្យ​ធ្វើជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ​។ បុរស​និង​ស្ត្រី​នោះ ត្រូវ​កាន់ ចុង​ម្ខាង​ម្នាក់  ហើយ​ឲ្យ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ទៀត ដែលមាន​មាឌធំ ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំងពីរ​ឈរ សម្រាប់​នាំ​ពួកខ្លួន​ឲ្យ​ខំ​ទាញ​រៀងៗ​ខ្លួន​។ ចំណែកឯ​អ្នក​ដែលមាន​មាឌតូចៗ ស្គមៗ ក​ម្លាំ​អ​ខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​។ 
 
​លុះ​រៀបចំ​រួចហើយ គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​កាន់​សំភោរ ឬ​គង ឬក៏​រគាំង​ឈរ​ត្រង់​កណ្ដាល​ទីជិត​អ្នក​ទាំងពីរ​ដែល​កាន់​ខ្សែ​ឈរ​ប្រទល់​មុខ​គ្នា​នោះ ផ្ដើម​ស្រែក​ឡើង​ព្រម​គ្នា​ថា យក្ស​អរ​(១) !.!  ឮ​យ៉ាងខ្លាំងៗ ធ្វើ​សំឡេង​វែងៗ រលាក់រលែក​យ៉ាង​គ្រលួច​។ រីឯ អ្នក​ប្រុង​ទាញព្រ័ត្រ​ទាំង​ប៉ុន្មាន ជួយ​ស្រែក​ទទួល​ឡើង​ព្រម​គ្នា​ថា ហ៊ោ​វ៉ឺយៗ ៣​ដង ទើប​នាំគ្នា​ទាញ​ប្រុង​យកជ័យ​ជ​នះ​តែ​រៀងខ្លួន​។ 
​ពេល​លេង​ម្ដងៗ អស់​ថិរវេលា​ពី ៥-៦ នាទី ដល់ ១០​នាទី​ឡើងទៅ​ទើប​ឃើញ​ឈ្នះ ឃើញ​ចាញ់​។ កាល​ដឹងថា ខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់ហើយ គេ​ចាប់ផ្ដើម​លេង​សារជាថ្មី ម្តងទៀត ដរាប​ដល់​ហត់​រៀងៗ​ខ្លួន​ទើប​ឈប់​។ 
 
​ដើម្បី​ទទួលបាន​ជ័យជម្នះ ភាគី​នីមួយៗ ត្រូវ​រួម​កម្លាំង​គ្នា ដោយ​ឥត​រាថយ​។ ពួកគេ​ត្រូវ​សាម​គ្គឺ​គ្នា និង​ប្រើ​កម្លាំង​រួមគ្នា ព្រមទាំង​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ពី​ក្នុង​ខ្លួន ដើម្បី​យកឈ្នះ​លើ​ដៃគូ​ប្រកួត​របស់ខ្លួន​៕

ប្រភព​៖ សៀវភៅ ល្បែង​ប្រជាប្រិយ​ខ្មែរ

© រក្សាសិទ្ធិដោយ thmeythmey.com