ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​ខ្មែរ​ធ្វើឱ្យ​ពលរដ្ឋ និង​និស្សិត​នៅក្រៅ​ប្រទេស កាន់តែ​នឹករលឹក​ស្រុកកំណើត​!
14, Apr 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលករ និង​និស្សិត​ខ្មែរ​មួយចំនួន ដែល​កំពុង​រស់នៅ​បរទេស​ក្នុងការ​បំពេញការងារ និង​សិក្សា បានបង្ហាញ​ក្តី​នឹករឭក​ដល់​ស្រុកកំណើត​យ៉ាងខ្លាំង ពិសេស​នឹក​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ​ចូលមក​ដល់​។ ពួកគេ​នឹកគិត​ដល់​ការជួប​ជុំគ្នា​ជាមួយ​ឪពុក​-​ម្តាយ បងប្អូន មិត្តភក្តិ ទៅ​វត្ត​ជុំគ្នា និង​ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម​។​

 
​លោក ប្រាក់ ដា​រ៉ា ជា​ពលករ​ខ្មែរ​មួយរូប ដែល​ធ្វើ​ការងារ​ផ្នែក​ឧស្សាហកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​។ លោក​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៧​។  ដា​រ៉ា បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ពិតជា​នឹក​ដល់​ស្រុកកំណើត ឪពុកម្តាយ បងប្អូន មិត្តភក្តិ និង​គូ​ដណ្តឹង​ខ្លាំងណាស់​។ អ្នក​ខេត្តកណ្តាល​រូបនេះ កាន់​តែមាន​អារម្មណ៍​ក្តុកក្តួល និង​នឹក​ផ្ទះ​ទ្វេដង នៅពេលដែល​រដូវចូលឆ្នាំ​ខ្មែរ​បាន​ដល់​មក​។ 


 លោកប្រាក់ ដារ៉ា ជាពលករខ្មែរទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង
 
​និយាយ​ដោយ​សំឡេង​តិចៗ​និង​អួលដើមក បុរស​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​« សម្រាប់​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​ខ្ញុំ​មិនបាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ និង​មិនបាន​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​ជាមួយ​ពួកគាត់​។ ខ្ញុំ​ពិតជា​ឯកា កំសត់ និង​ច្រណែន​គេ​ណាស់ នៅពេល​ឃើញ​មិត្តភក្តិ​កំពុង​សប្បាយ​ជាមួយ​គ្រួសារ​គេ មិត្តភក្តិ​គេ លេងល្បែង​កម្សាន្ត​ប្រពៃណី​ក្នុង​វត្ត​នានា ខណៈពេលដែល​ខ្ញុំ​ត្រូវបំពេញ​ការងារ​ឱ្យគេ​រហូតដល់​ឆ្នាំ​២០២០»​។​
 
​បើតាម​លោក ប្រាក់ ដា​រ៉ា ក្នុង​អំ​ឡុ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ក៏មាន​កន្លែង​មួយចំនួន​រៀបចំ​កម្មវិធី​រាំលេង​កម្សាន្ត និង​លេងល្បែង​ប្រពៃណី​ខ្មែរ ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ ប៉ុន្តែ​លោក​មិនបាន​ទៅ​ចូលរួម​ទេ ព្រោះ​ទីតាំង​ប្រារព្ធ​ពិធី​ទាំងនោះ ឆ្ងាយ​ពី​កន្លែងធ្វើការ​និង​រស់នៅ​ពេក​។​
 
​ចំពោះ​ក្តី​នឹករលឹក ភាព​ចង់​ជួប​មុខ​ក្រុមគ្រួសារ   មិត្តភក្តិ និង​ចង់​លេងល្បែង​ប្រជាប្រិយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ក៏បាន​កើតឡើង​ចំពោះ​កញ្ញា លី សុជាតា ដែលជា​ពលករ​មួយរូប​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។ រូបភាព​អនុស្សាវរីយ៍ និង​រឿង​សប្បាយៗ​មួយចំនួន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ បាន​ឃ្លាត​ពី សុជាតា ជាង​ពីរ​ឆ្នាំ​មកហើយ​។  សុជាតា បញ្ជាក់ថា​៖«​គ្មាន​នរណាម្នាក់​ដែល​មិន​ចង់​ជួបជុំ​គ្រួសារ​របស់ខ្លួន​នោះទេ​។ ខ្ញុំ​ពិតជា​ចង់​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាមួយ​គ្រួសារ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាច​ចូលរួមបាន​។ ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​»​។​
 
​ដើម្បី​រំសាយចិត្ត​នឹក​ដល់​ស្រុកកំណើត កញ្ញា សុជាតា ត្រៀម​ចូលរួម​ជួបជុំ​សិស្ស​-​និស្សិត ពលករ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កូរ៉េ ដែល​ខាង​សមាគម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី​១៤ ខែមេសា​នេះ​។​


 
​រីឯ​កញ្ញា សួន ស្រី​នាង និស្សិត​ខ្មែរ​មួយរូប​កំពុង​សិក្សា​លើ​ជំនាញ​សារព័ត៌មាន និង​ទូរគមនាគមន៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ក៏មាន​អារម្មណ៍​ស្រងេះ​ស្រងោចចិត្ត ដែល​មិនបាន​ជួបជុំ​គ្រួសារ​នៅ​ចូលឆ្នាំ​ខ្មែរ​នេះ ។ ស្រី​នាង ដែល​ទើប​ចាក​ចេញពី​កម្ពុជា ប្រមាណ​ជាង​មួយខែ ដើម្បី​បន្ត​ការសិក្សា​នេះ ពិតជា​ពិបាកធ្វើ​ចិត្ត​ខ្លាំងណាស់ ហើយ​ពេលខ្លះ ស្រី​នាង ក៏​លួច​យំ​ផងដែរ នៅពេល​គិតដល់​ថ្ងៃ​ចូលឆ្នាំ ដែល​ឃើញតែ​ស្នាម​ដាន​អនុស្សាវរីយ៍​ជួបជុំ​គ្រួសារ​នៅ​ចំពោះមុខ​។​


 កញ្ញា សួន ស្រីនាង កំពុងសិក្សាលើជំនាញ សារព័ត៌មាន នៅប្រទេសឥណ្ឌូនេស៊ី
 
«​រាល់​ឆ្នាំ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ចូល​ខ្មែរ ប៉ុន្តែ​ឆ្នាំនេះ​ខ្ញុំ​មិនបាន​ចូលរួម​ជា​ពួកគាត់​ទៅវិញ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល និង​បាន​យំ​ជា​ច្រើនដង ពេល​ឃើញ​គេ​ជួបជុំ​គ្រួសារ ហើយ​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​កាន់​រំជួល​ចិត្តខ្លាំង​នោះ គឺ​ពេល​ឃើញ​សាលារៀន​នីមួយៗ​បានធ្វើ​សង្ក្រាន្ត​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​»​។  នេះ​ជា​រៀបរាប់​របស់ ស្រី​នាង​។​
 
​មធ្យោបាយ​តែមួយគត់ ដែល​ស្រី​នាង អាច​កាត់បន្ថយ​ការ​នឹក​ក្រុមគ្រួសារ​នោះ គឺ​ការ​ទូរ​សព្ទ ឬ Video Call តាម​បណ្ដាញ​សង្គម មក​គ្រួសារ និង​សាច់ញាតិ​បងប្អូន ដើម្បី​បន្ធូរ​អារម្មណ៍​ក្រៀមក្រំ​ខ្លួន​។ នេះ​ជា​អ្វីដែល​ស្រី​នាង ប្រាប់​សារព័ត៌មាន​ថ្មីៗ​៕
 

Tag:
 ជាតិ​
  សង្គម​
  សាច់ញាតិ​
 ​ចូលឆ្នាំ​ខ្មែរ​)
© រក្សាសិទ្ធិដោយ thmeythmey.com