ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកខ្លះ មិន​ស្គាល់​ល្បែង​ប្រជាប្រិយ​ខ្មែរ​!
14, Apr 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រមាណ​១០​ឆ្នាំមុន ល្បែង​ប្រជាប្រិយ​ខ្មែរ​ដូចជា ល្បែង​ចោល​ឈូង លាក់កន្សែង បោះអង្គញ់ ដណ្ដើម​ស្លឹកឈើ ស្តេចចង់  ទាញព្រ័ត្រ ជាដើម​នោះ ពិតជា​ពេញនិយម​ណាស់​សម្រាប់​កម្ម​ករ​រោងចក្រ​។ កាលណោះ​រោងចក្រ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ ដោយ​ផ្ដល់​ពេល​សមរម្យ​ណាមួយ​ឱ្យ​ពួកគេ​បាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​។ មិនតែប៉ុណ្ណោះ​កម្មករ​ខ្លួនឯង តែង​ប្រមូលគ្នា​លេងល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃ​ឈប់សម្រាក ឬ​នៅពេល​ល្ងាច​ក្រោយ​ចេញពី​ធ្វើការ​យ៉ាង​អ៊ូអរ​។ ១០​ឆ្នាំក្រោយ កម្មករ​រោងចក្រ​មួយចំនួន​បែរជា​មិន​ស្គាល់​ថា​អ្វី​ទៅ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទៅវិញ​។​

 
​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​សួរ​កម្មករ​ដែល​ធ្វើការ​នៅ​រោងចក្រ​៣​កន្លែង​ផ្សេងគ្នា ពី​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុងឱកាស​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ​។ ពួកគេ​ទាំងនោះ​ខ្លះ​ស្គាល់ ហើយ​ខ្លះទៀត​បែរជា​ច្រឡំ​ថា​ការ​រាំលេង​កម្សាន្ត ល្បែង​ជះ​ទឹក ល្បែង​ប៉ាត​ម្សៅ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទៅវិញ​។​
 
​ដើរចេញ​ពីរ​បង​រោងចក្រ​ប្រញាប់ប្រញាល់​តម្រង់​ទៅផ្ទះ​ជួល​កញ្ញា ផាត ស៊ីណា ថា​ក្នុង​រោងចក្រ​របស់​នាង​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដែរ​។ ពេល​សួរថា​តើ​មាន​លេងល្បែង​អ្វីខ្លះ នាង​បែរជា​ឆ្លើយថា មាន​ដាក់​បាស់​(​ឧបករណ៍​បំពង​សំឡេង​) រាំលេង​ទៅវិញ​។ «​មាន​លេងល្បែង​ប្រជាប្រិយ​តើ​បង​។ គេ​ដាក់​បា​ស់រាំ ហើយនឹង​ចាប់​រង្វាន់​»​។ នេះ​ជាការ​បញ្ជាក់​របស់​នារី​រូប​ស្រស់ ស៊ីណា​។​
 
​មិន​ខុសពី​នារី​ខាងលើ​ឡើយ អ្នកនាង ហ៊ុត ស៊ីណា ជា​អ្នក​ខេត្តរតនគិរី ដែល​បានមក​ធ្វើការ​ក្នុង​រោងចក្រ​មួយ​នៅ​ខណ្ឌទួលគោក អះអាងថា​នៅ​ម្ដុំ​ផ្ទះជួល​របស់​នាង​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដែរ​។ តែ​រឿង​គួរឱ្យ​ខកចិត្ត​នោះ ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​នារី​រោងចក្រ​រូបនេះ​យល់ឃើញ​គឺ ការ​រាំលេង​កម្សាន្ត ច្រៀង ការទទួល​ទាន​ស្រា ល្បែង​ប៉ាត​ម្សៅ និង​ល្បែង​ជះ​ទឹក​ទៅវិញ​។ 
 
​ស៊ីណា បញ្ជាក់​ដូច្នេះ ៖«​មាន​លេង​តើ​បង​។ មិនមែន​ជិត​ចូលឆ្នាំ​នេះ​ទេ តែ​គេ​លេង​យូរថ្ងៃ​ហើយ​។ គេ​រាំ ច្រៀង ញ៉ាំ​ស្រា​តិចតួច លេង​ប៉ាត​ម្សៅ និង​ជះ​ទឹក​»​។ 
 
​ខុសពី​នារី​ខាងលើ​ទាំងពីរ ស្រីមុំ មកពី​ខេត្តកំពង់ចាម ដែល​ទើប​ដើរ​ចេញពី​រោងចក្រ​នា​ម៉ោងជាង​៤​ល្ងាច ថា​ម្ចាស់​ផ្ទះជួល​របស់ខ្លួន​បាន​ទិញ​ក្អម​ឱ្យ​អ្នក​ជួល​ផ្ទះ​លេង​មុន​ចូលឆ្នាំ​តាំងពី​មួយខែ​មុន​ចូលឆ្នាំ​ម្ល៉េះ​។ នារី​វ័យ​២១​ឆ្នាំ​រូបនេះ​មិនបាន​ចូលទៅ​លេងល្បែង​វាយក្អម​នឹង​គេ​ឡើយ ដោយ​គ្រាន់តែ​នៅ​ឈរ​មើល​តែប៉ុណ្ណោះ​។ កញ្ញា​បញ្ជាក់​ទាំង​អៀនប្រៀន​ផង ៖«​ម្ចាស់​ផ្ទះជួល​របស់ខ្ញុំ​បាន​ទិញ​ក្អម​ឱ្យ​អ្នក​ជួល​ផ្ទះ​លេង តាំងពី​ជិត​មួយខែ​មុន​ចូលឆ្នាំ​ឯណោះ​។ ក្រៅពី​វាយក្អម មានតែ​រាំ​»​។ 


 
​ចំណែក​អ្នកនាង សុភ​ណ្ឌ គឺជា​អតីត​កម្មការិនី​រោងចក្រ​មួយ​នៅ​ម្ដុំ​ទួល​សង្កែ បាន​រម្លឹក​គ្រា​ដែល​ខ្លួន​នៅ​ធ្វើការ​ថា ពេល​ជិត​ចូលឆ្នាំ​ម្ដងៗ អ្នកធ្វើការ​នៅក្នុង​រោងចក្រ​របស់​អ្នកនាង​ពិតជា​ត្រេកត្រអាល​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ណាស់​។ កាលពី​ប្រមាណ​១០​ឆ្នាំមុន កម្មករ​រោងចក្រ​តែង​និយាយ​គ្នា​ពី​រឿង​ល្បែង​ផ្សេងៗ​ដែល​ពួកគេ​បាន​លេង​កាលពី​ម្សិល​។​
 
«​ព្រឹក​ឡើង​ពេល​ចូលធ្វើការ​វិញ អ្នកខ្លះ​មិន​សុខចិត្ត​ព្រោះ​កាល​លេង​អង្គញ់ គេ​ជួស​ឈឺៗ​ពេក​។ ហើយ​លេង​លាក់កន្សែង គេ​វាយ​គ្នា​មួយ​ទំហឹង អ្នកខ្លះ​ចង់​ស្រក់​ទឹកភ្នែក​។ អ្នកខ្លះ​គេ​ថា​លេង​លើក​ក្រោយ​គេ​នឹង​សង​វិញ​។ កាលណោះ​សប្បាយ​ណាស់ ចេញពី​ធ្វើការ​គ្មាន​គិត​ហត់​ទេ ដឹង​តែ​ប្រមូលគ្នា​លេង​»​។ នេះ​ជាការ​រំឭក​របស់​អ្នកនាង សុភ​ណ្ឌ ទាំង​ទឹកមុខ​ស្រស់ញញឹម​ផង​។​
 
​លោក សំ សំអាង ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា បើ​យុវជន​មិន​ស្គាល់​ល្បែង​ប្រជាប្រិយ​ខ្មែរ​ថា​មាន​អ្វីខ្លះ គឺជា​រឿង​គួរឱ្យ​បារម្ភ​។ លោក​បន្តថា យុវជន​ខ្លះ​លេងល្បែង​តាម​គ្នា ដោយ​មិនមាន​យល់ដឹង  ហើយ​ការ​ប៉ាត​ម្សៅ​អាចជា​ឱកាស​ដល់​បុរស​មានគំនិត​អាក្រក់​មួយ​ចំនួន​បាន​ប៉ះ​សាច់​នារី​។ ទោះជា​យ៉ាងណា​ទីប្រឹក្សា​អម​ក្រសួង​រូបនេះ ថា​ការអប់រំ​របស់​មនុស្ស​ចាស់ និង​ការចូលរួម​ស្វែងយល់​និង​កំណត់​គោលដៅ​ស្នេហា​សិល្បៈ​វប្បធម៌​ជាតិ​របស់​យុវជន​ជំនាន់​ក្រោយ ជា​រឿង​ដ៏​សំខាន់​។​
 
​កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ចូលរួម​លើកស្ទួយ​សិល្បៈ​វប្បធម៌ ប្រពៃណីជាតិ និង​ជាពិសេស​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យបាន​ច្រើន​។ ក្រសួង​ក៏បាន​ស្នើ​មិនឱ្យ​ពលរដ្ឋ​លេងល្បែង​ណា​ដែល​អាចមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​ដែរ​៕
 
 

Tag:
 ជាតិ​
  ល្បែង​ប្រជាប្រិយ​ខ្មែរ​
  ចូលឆ្នាំ​
  សិល្បៈ​
  របាំ​
  ចម្រៀង​
 
© រក្សាសិទ្ធិដោយ thmeythmey.com