ឆាកនយោបាយ​ថៃ​ឆ្នាំ​២០១៩ ៖ ជើងចាស់ បះជើង​ដោយសារ​ជើង​ថ្មី​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឆាកនយោបាយ​ថៃ​ឆ្នាំ​២០១៩ ៖ ជើងចាស់ បះជើង​ដោយសារ​ជើង​ថ្មី​
17, Apr 2019 , 7:39 pm        
រូបភាព
លោក Thanathorn Juangroongruangkit (រូបភាព AFP)
លោក Thanathorn Juangroongruangkit (រូបភាព AFP)
​ឆាកនយោបាយ​របស់​ប្រទេស​ថៃ លែង​ជាស​ង្វៀន​របស់​ក្រុម​អាវ​ក្រហម និង​អាវ​លឿង​ទៀតហើយ​។ លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បង្ហាញថា ប្រជាជន​ថៃ​ត្រូវការ​អ្នកនយោបាយ​ថ្មី ដោយ​លែង​ឲ្យ​អ្នកនយោបាយ​ជើងចាស់ ត្រួតត្រា​នយោបាយ​ក្នុងស្រុក​ទៀតឡើយ ហើយ​បានការ​ផ្លាស់ប្ដូរ​មួយ​ពិតប្រាកដ​។ អ្នកនយោបាយ​ជើង​ថ្មី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​សេដ្ឋី​វ័យក្មេង Thanathorn Juangroongruangkit ដែល​ធ្វើ​ឲ្យ​នយោបាយ​រង្គើ​យ៉ាងខ្លាំង​។​

 
​នៅពេល​សហគ្រិន​វ័យក្មេង Thanathorn Juangroongruangkit ប្រកាស​បង្កើត​បក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​នោះ ប្រជាជន​ខ្លះ​រួមទាំង​អ្នកនយោបាយ​ជើងចាស់​ផង​នោះ មិនបាន​ឲ្យ​តម្លៃ​អ្វី​ដល់​អ្នកនយោបាយ​ជើង​ថ្មី​វ័យក្មេង​នេះ​ទេ​។ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បក្ស​អនាគត​ឈានមុខ​របស់លោក Thanathorn បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​
 
​យោងតាម​លទ្ធផល​មិន​ផ្លូវ​ការដែល​ប្រកាស​ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ថៃ បក្ស​អនាគត​ឈានមុខ ស្ថិតនៅ​លេខ​រៀង​ទី​បី ទទួល​សំឡេងគាំទ្រ​៦,៣​លាន​សន្លឹក​ឯណោះ​។ វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​បក្ស​ថ្មីថ្មោង​របស់​អ្នករកស៊ី​មួយ​នេះ អាចធ្វើ​បាន​យ៉ាង​ល្អ​បែបនេះ​។ ស្ថិតនៅលើ​បក្ស​នេះ គឺ​បក្ស​កម្លាំង​ប្រជារាស្ត្រ និង​បក្ស​ភឿ​ថៃ​ដែលជា​ចាស់ទុំ​មួយ​។ ដ្បិត​ក្មេងខ្ចី​ក្នុង​រឿង​នយោបាយ​មែន លោក Thanathorn បែរជា​អាច​យកឈ្នះ​បក្ស​ប្រជាធិបតេយ្យ ដែលជា​បក្ស​ចាស់​ជាងគេ​នៅ​ថៃ​។ 
 
​តាមរយៈ​ឈ្មោះ​បក្ស គេ​អាច​ដឹង​ខ្លះ​ហើយពី​គោលនយោបាយ​របស់​បក្ស​ដែល​ពោរពេញ​ដោយ​អ្នកនយោបាយ​វ័យក្មេង​។ ការកែទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​សព្វថ្ងៃ គំនិត​ឆ្ពោះទៅ​អនាគត​ដើម្បី​ភាពរុងរឿង​របស់​មេដឹកនាំ​បក្ស​នេះ បាន​ទាក់ទាញ​ប្រជាជន​ថៃ​វ័យក្មេង ដែល​ចង់ឃើញ​អ្វីដែល​ថ្មី​ជាជាង​ការ​ប្រជែង​របស់​អ្នកនយោបាយ​ជំនាន់​មុន​។ ការ​លេច​ត្រដែត​របស់លោក Thanathorn ធ្វើ​ឲ្យ​អ្នកនយោបាយ​ជើងចាស់ និង​ក្រុម​ក្ដាប់​អំណាច​ពីក្រោយ​ឆាកនយោបាយ ឈឺក្បាល​យ៉ាងខ្លាំង​។​
 
​ទំនង​ចង់​ផ្ដាច់​ក្ដីសង្ឃឹម​របស់​អ្នក​កែទម្រង់ របប​ដឹកនាំ​យោធា​បច្ចុប្បន្ន ក៏​ប្ដឹង​លោក Thanathorn ចំនួន​បី​បទល្មើស​។ របប​យោធា បាន​យក​ហេតុការណ៍​តាំងពី​ឆ្នាំ​២០១៥ ដើម្បី​គាំទ្រ​បទល្មើស​ទាំងបី​ដែល​បានដាក់​ពាក្យ​ទៅ​តុលាការ​។ លោក​ត្រូវបាន​តំណាង​យោធា​ប្ដឹង​ពីបទ​បង្កចលាចល​តាម​មាត្រា​១១៦​នៃ​ក្រមព្រហ្មទណ្ឌ​, បទល្មើស​ជួយ​ជនសង្ស័យ​ឲ្យ​រត់គេច​តាម​មាត្រា​១៨៩ និង​ប្រមូលផ្ដុំ​មនុស្ស​លើសពី​១០​នាក់​ដែល​អាច​បង្កបញ្ហា​តាម​មាត្រា​២១៥ ។ ទោស​បង្កចលាចល ត្រូវ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​, ទោស​ជួយ​ជនសង្ស័យ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ ហើយ​ទោស​ចុងក្រោយ​ត្រូវ​ជាប់ពន្ធនាគារ​៦​ខែ​។​
 
​ការ​គាស់​រំលើង​រឿង​ចាស់​ឡើងវិញ គ្មានអ្វី​ផ្សេង​ក្រៅតែពី​ការបង្អាក់​ដំណើរ​ទៅមុខ​របស់​អ្នកនយោបាយ​រូបនេះ​ឡើយ​។ ក្រុម​ដែល​ក្ដាប់​អំណាច​ពីក្រោយ​ឆាក បែរជា​បះជើង​ដោយសារ​អ្នកនយោបាយ​ជើង​ថ្មី ពិតជា​ត្រូវ​ប្រើ​គ្រប់​យុទ្ធសាស្ត្រ​សូម្បីតែ​វិធីសាស្ត្រ​ចាស់គំរិល​បែបនេះ ដើម្បី​ទប់ស្កាត់​ការបាត់បង់​អំណាច​របស់​ពួកគេ​។ 
 
​ហេតុអ្វី​លោក Thanathorn ជា​គោលដៅ​របស់​យោធា​? ចម្លើយ គឺ​គោលនយោបាយ​របស់ ជា​ព្រួញ​មុខស្រួច​បាញ់​ចំ​កន្លែង​សំខាន់​របស់​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រទេស​ដែលមាន​កងទ័ព​ស្នូល​តែម្ដង​។ ការតស៊ូ​មតិ​ដើម្បី​កែទម្រង់​កងទ័ព ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​អ្នកនយោបាយ​ជើងចាស់​លាក់​មុខ​មួយចំនួន​។ តាំងពីដើម​មក យោធា​ថៃ​តែង​អះអាងថា ខ្លួន​ជា​អ្នក​ស្រឡាញ់​ជាតិ និង​ប្រជាជន​ខ្លាំងជាងគេ​បង្អស់ ហើយ​ការរិះគន់​លើ​ទស្សនៈ​បែបនេះ នឹង​ជួប​បញ្ហា​មិន​ខាន​៕
 
 
 
 
 

Tag:
 ថៃ​
  Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com