ជាតិ
សេដ្ឋកិច្ច
​ត្រីមាស​ដំបូង​ឆ្នាំ​២០១៩ វិស័យ​សំណង់​កើនឡើង​ខ្ពស់ ជាពិសេស គម្រោង​បុរី ផ្ទះល្វែង និង​វីឡា​កូនកាត់​
14, Apr 2019 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​វិស័យ​សំណង់​ដែល​ត្រូវ​បានអនុម័ត​នា​ខែមករា និង​កុម្ភៈ ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ទំហំ​ប្រមាណ ១.៣៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវប៉ាន់​ស្មានថា​អាច​នឹង​ឈានដល់ ១.៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ការកើនឡើង​ចំនួន ៩៣ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់ ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា CBRE​។

 
 
​វិស័យ​បុរី​មាន​ក៏មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​ភាគច្រើន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​ស្ថិតនៅក្នុង ខណ្ឌ សែន សុខ មាន​ចំនួន​៤៥ គម្រោង​, ខណ្ឌឫស្សីកែវ​មាន​ចំនួន ៣១​គម្រោង​, ខណ្ឌមានជ័យ មាន​ចំនួន ២៤​គម្រោង និង​ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន ២៣​គម្រោង​។ គម្លាត​រវាង​តម្លៃ​លក់​នៃ​លំនៅដ្ឋាន​បុរី នៅក្នុង​រា​ធានី​ភ្នំពេញ​មាន​ភាពខុសគ្នា​អាស្រ័យ​ទៅតាម​ទំហំ និង​ទីតាំង​នៃ​ផ្ទះ​។ 
 
​ចំពោះ​ផ្ទះល្វែង និង​វីឡា​កូនកាត់ ដែល​ស្ថិតនៅក្នុង​តំបន់​ជាយក្រុង​មានតម្លៃ​មធ្យម​ប្រមាណ ១០១,១៤៤ ដុល្លារ សម្រាប់​ផ្ទះល្វែង និង​ផ្ទះ​វីឡា​កូនកាត់​មានតម្លៃ​ប្រមាណ ១០៨, ៥០៥ ដុល្លារ​។ ចំណែកឯ​ផ្ទះល្វែង​ដែល​ស្ថិតក្នុង​តំបន់​អាជីវកម្ម​មានតម្លៃ ២០២,៧៧៥ ក្នុង​មួយ​ល្វែង​។ សម្រាប់​ផ្ទះ​វីឡា​ភ្លោះ​មានតម្លៃ​ប្រមាណ ២៦២,៤៧២ ដុល្លារ និង​ផ្ទះ​វីឡា​មានតម្លៃ​ប្រមាណ ៧៨៩,៦២៩ ដុល្លារ​។​
 
​តាមរយៈ​របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ទៀតថា គម្រោង​បុរី​ថ្មីៗ ដែល​នឹងត្រូវ​ចូលមក​កាន់​ទីផ្សារ​នារ​យៈ​ពេល​៣​ឆ្នាំ​ខាងមុខ ភាគច្រើន​ស្ថិតនៅក្នុង ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​។ 
 
​ដោយឡែក​វិស័យ​ខុន​ដូ​មានការ​កើនឡើង​៧.៦៩ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​មុន ហើយ​ចំពោះ​តម្លៃ​លក់​គឺមាន​ការកើនឡើង​តិចតួច គឺ​ប្រមាណ ០.៤ ភាគរយ​ប៉ុណ្ណោះ ក្នុង​ដើមឆ្នាំ​២០១៩​នេះ​។ ចំពោះ​អគារ​ការិយាល័យ​សម្រាប់​ជួល​មានការ​កើនឡើង​ប្រមាណ​២.៧ ភាគរយ ធៀប​នឹង​ត្រីមាស​មុន ប៉ុន្តែ​តម្លៃ​នៃ​ការជួល​មិនមាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​៕
 
 

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com