កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ត្រូវ​ប្រជែង​ជាមួយ​អតីត​សមាជិក Pahang FA នៅ​យប់​នេះ​
14, Apr 2019 , 1:22 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវ​ជួយ​ក្រុម PKNS ប្រជែង​ជាមួយ​ក្រុម Pahang FA សម្រាប់​ជំនួប​លី​គ​កំពូល​ម៉ាឡេស៊ី​នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​នេះ​។ នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់ វឌ្ឍនាកា ក្នុងការ​ប្រជែង​ជាមួយ​អតីត​សមាជិក​មិត្ត​រួម​ក្រុម​កាលពី​រដូវ​កាល​មុន​។

 
​ស្របពេល​លី​គ​កំពូល​កម្ពុជា​សម្រាក​មួយ​សប្តាហ៍​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ កីឡាករ ចាន់ វឌ្ឍនាកា ដែល​កំពុង​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី​ពុំបាន​សម្រាក ដើម្បី​មកជួបជុំ​ឪពុកម្តាយ សាច់ញាតិ​បងប្អូន​នោះទេ​។ នៅ​ម៉ោង​៨​យប់​ថ្ងៃទី​១៤ ខែមេសា​នេះ វឌ្ឍនាកា ត្រូវ​ជួយ​ក្រុម PKNS ប្រជែង​ជាមួយ​ក្រុម Pahang FA នា​ជំនួប​សប្តាហ៍​ទី​៩ នៃ​ក្រម​ខណ្ឌ​កំពូល​ម៉ាឡេស៊ី​។​


 
​នេះ​ជា​ជំនួប​ដ៏​សំខាន់​ដែល​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទន្ទឹង​រង់ចាំ ដោយសារ​វា​ជា​ឱកាសល្អ​សម្រាប់ វឌ្ឍនាកា ប្រជែង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម ដែល​គេ​ធ្លាប់​រស់នៅ​រួមគ្នា​ជាង​៤​ខែ​។ គួររំលឹកថា កាល​រដូវ​កាល​ឆ្នាំ​២០១៨ កីឡាករ ចាន់ វឌ្ឍនាកា បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្រុម Pahang FA ក្រោយ​ត្រឡប់​មកពី​ចូលរួម​ជាមួយ​លំដាប់​ទី​៣​ជប៉ុន Fujeida MYFC​។ ប៉ុន្តែ​រូបគេ បាន​ចែកផ្លូវ​ជាមួយ​ក្លិប​នេះ​វិញ ក្រោយ​រួមរស់​បាន​ជាង​៤​ខែ បន្ទាប់ពី​គ្រូបង្វឹក​មិនសូវ​ពេញចិត្ត​នឹង​ទម្រង់​លេង​របស់គេ​។​
 
​ដូច្នេះ​ការជួបគ្នា​រវាង PKNS ជាមួយ Pahang នៅ​យប់​នេះ វា​ជា​ឱកាសល្អ​សម្រាប់​ខ្សែប្រយុទ្ធ​កម្ពុជា​រូបនេះ បង្ហាញ​ពី​បច្ចេកទេស និង​ភាពខ្លាំង​នៅ​ចំពោះមុខ​អតីត​ក្លិប ដែល​ធ្លាប់​រួមរស់​មួយ​នេះ​។ បើ​មើ​លពី​ប្រវត្តិ​៨​ប្រកួត​កន្លងមក​ក្រុម Pahang FA មិនទាន់​ស្គាល់​បរាជ័យ​នោះទេ ខណៈ PKNS FC ចាញ់​ពីរ​ប្រកួត​។ បច្ចុប្បន្ន Pahang ស្ថិតនៅ​លេខ​២​មាន​១៨​ពិន្ទុ ក្រោយ​ឈ្នះ​៥ ស្មើ​៣ រីឯ PKNS ស្ថិតនៅ​លេខ​៥​មាន​១២​ពិន្ទុ ក្រោយ​ឈ្នះ​៣ ស្មើ​៣ និង​ចាញ់​២៕ 
 
 
 

Tag:
 Malaysia Super League
  ចាន់ វឌ្ឍនាកា​
  Pahang FA
  PKNS
© រក្សាសិទ្ធិដោយ thmeythmey.com