អន្តរជាតិ
ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី ព្រមាន​ពិនិត្យឡើងវិញ​ទំនាក់ទំនង​ជាមួយ EU ខណៈ​ទីផ្សារ​ដូងប្រេង​ខ្លួន​ប្រឈម​នឹង​ការបិទ
16, Apr 2019 , 2:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​កាតា និង​ក្រុង​កូ​ឡា​ឡាំ​ពួរ បានដាក់​លិខិតផ្លូវការ​ទៅកាន់​ក្រុង​ព្រុ​ច​សែ​ល ដោយ​បង្ហាញ​ការមិន​ពេញចិត្ត និង​ជំទាស់​ដាច់ខាត​លើ​គោលនយោបាយ​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​ដែល រឹតត្បិត​ផលិតផល​ដូងប្រេង​ខ្លួន​។ រដ្ឋាភិបាល​ទាំងពីរ ជាថ្មី​ម្តងទៀត បាន​ព្រមាន​តទល់​ជាមួយ EU តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

 
​តាមរយៈ​លិខិតផ្លូវការ​រួម​ចុះ​ថ្ងៃ​៥ មេសា​កន្លងទៅ ដែលជា​សេចក្តីថ្លែងការណ៍​ថ្មី​បំផុត​របស់​ប្រទេស​ផលិត​ដូងប្រេង​ធំ​បំផុត​របស់​ពិភពលោក​ទាំងពីរ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ និង​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បាន​គូសបញ្ជាក់​ពី​ផលប៉ះពាល់​ខ្លាំង​ពី​ផែនការ​សហភាព​អឺរ៉ុប និង​ថែមទាំង​គំរាម​តបត​វិញ​តាមរយៈ​វិធានការ​ពាណិជ្ជកម្ម​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe មេដឹកនាំ​ទាំងពីរ បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ប្រសិនបើ​បទប​ញ្ញត្តិ​ចូល​ជា​ធរមាន រដ្ឋាភិបាល​របស់​ពួកយើង នឹង​ពិនិត្យឡើងវិញ​លើ​ទំនាក់ទំនង​ជាមួយនឹង​សហភាព​អឺរ៉ុប​ជារួម ក៏ដូចជា​សមាជិក​រប​ស់​សហភាព​អឺរ៉ុប​ផង​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង ការពិនិត្យ​លើ​ភាពជា​ដៃគូ​ចរចា​, កិច្ចសន្យា​ដេញថ្លៃ និង​ការ​នាំចូល​សំខាន់ៗ​ពី​សហភាព​អឺរ៉ុប​ផងដែរ​»​។​
 
​លិខិត​ដដែល​នោះ បាន​បន្តថា រដ្ឋាភិបាល​ទាំងពីរ នឹង​ប្រឈម​ជាមួយនឹង​បទបញ្ញត្តិ​នេះ​តាមរយៈ​យន្តការ​ដោះស្រាយ​វិវាទ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងទៀត ដ្បិត​បទបញ្ញត្តិ​នេះ បាន​ប្រឆាំងនឹង​ផលិតផល​ដូងប្រេង​យ៉ាងពិត​ប្រាកដ​។ រដ្ឋាភិបាល​ទាំងពីរ ថែមទាំង​ចោទ​គោលនយោបាយ​ថ្មី​នេះ ថា​ប៉ះពាល់​ដល់​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាមរយៈ​លិខិតផ្លូវការ​រួម​លើ​ដំបូង​នេះ មេដឹកនាំ​ទាំងពីរ បានលើកឡើង​ត្រង់​ថា ច្បាប់ ឬ​បទបញ្ញត្តិ​ថ្មី​របស់​សហភាព​អឺរ៉ុប មាន​ច​រិ​ត​លក្ខណៈ​នយោបាយ និង​ទំនោរ​ទៅរក​ការ​គាំពារ​និយម ជាជាង​ការសម្រេចចិត្ត​បែប​វិទ្យាសាស្ត្រ​។ សម្រាប់​រដ្ឋាភិបាល​ទាំងពីរ នេះ គឺជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ​ដកចេញ​ផលិតផល​ដូងប្រេង​ចេញពី​ទីផ្សារ​សហភាព​អឺរ៉ុប​តែម្តង​។​
 
​សូម​ជម្រាប​ផងដែរ​ថា នៅ​ឆ្នាំ​២០១៨​កន្លងទៅ សហភាព​អឺរ៉ុប បានអនុម័ត​ច្បាប់​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ តាមរយៈ​ច្បាប់​ថ្មី​នោះ សហភាព​អឺរ៉ុប បានសម្រេច​ចាប់ផ្តើម​រឹតត្បិត​លើ​មុខទំនិញ​ពាក់ព័ន្ធ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន ដែល​ត្រូវអនុវត្ត​ពី​ឆ្នាំ​២០១៩​នេះ​តទៅ និង​កាត់បន្ថយ​បរិមាណ​នាំចូល​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០២៣ និង​ឈានទៅដល់​ការបិទ​ការនាំ​ចូល​តែម្តង​នៅក្នុង​ឆ្នាំ​២០៣០​។ ផលិតផល​ដូងប្រេង ដែល​កន្លងមក​ត្រូវបាន​អឺរ៉ុប​នាំចូល និង​ប្រើប្រាស់​ជា​ប្រេងឥន្ធនៈ គឺជា​គោលដៅ​ចម្បង​មួយ​ដែល​ត្រូវ​ហាមឃាត់​ផងដែរ​៕  
 

Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com