មនុស្សមិនតិចទេ ដែលមិនទាន់យល់ច្បាស់ ឬក៏អាចយល់ខុសទៀតផងពីពាក្យថា «បុណ្យ»។ មនុស្សភាគច្រើនគិតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច។ ការធ្វើបុណ្យច្រើន ឬតិចនេះ ពួកគេសំដៅដល់សកម្មភាពខាងក្រៅនៃការលះបង់ទ្រព្យសម្បត្តិក្នុងការធ្វើបុណ្យផ្សេងៗ ។ ត្រង់ចំណុចនេះ ពួកគេក៏សន្មតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច ដែលក្លាយទៅជាវប្បធម៌នៃការគិតក្នុងសង្គមខ្មែរទៅហើយ។
បុណ្យ គឺជាធម្មជាតិដែលញ៉ាំងចិត្តរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់អ្វីមួយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ។ បុណ្យ សំដៅដល់ទឹកចិត្ត ដែលស្អាតបរិសុទ្ធ សោមនស្សរីករាយ មិនក្តៅក្រហល់ក្រហាយ មិនសោកស្តាយពេលខ្លួនបានបរិច្ចាគសេចក្តីសុខ និងទ្រព្យរបស់ខ្លួន ដើម្បីជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកផងទាំងពួង។
ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ឬធ្វើបុណ្យតិចបានបុណ្យតិច មិនអាស្រ័យលើសកម្មភាពនៃការបះបង់ទ្រព្យសម្បត្តិខាងក្រៅច្រើនឬតិចប៉ុនណានោះទេ តែអាស្រ័យលើចេតនា និងទឹកចិន្តបរិសុទ្ធរបស់អ្នក។
បុណ្យមិនអាចវាស់ស្ទង់ទៅលើសកម្មភាពខាងក្រៅបានទេ ព្រោះវាជាសភាវធម្មជាតិដែលកើតក្នុងចិត្ត ដែលយើងមើលមិនឃើញ។ ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច អ្នកដទៃមិនអាចដឹងបានទេ មានតែយើងខ្លួនឯងទេ ដែលអាចដឹងពិតប្រាកដ។ អ្នកប្រារព្ធនូវកម្មវិធីបុណ្យធំៗ អស់លុយរាប់ម៉ឺនដុល្លារ តែការលះបង់នោះគ្រាន់តែដើម្បីឲ្យគេសរសើរ ចង់បានកិត្តិយសមុខម៉ាត់ បុណ្យប្រាកដជាមិនពេញលក្ខណៈឡើយ។ តែផ្ទុយទៅវិញ បាយមួយវែក ទឹកមួយកែវ លះបង់ធ្វើជាទាន ប្រកបដោយចិត្តសប្បុរស ចង់ឲ្យអ្នកដទៃបានឆ្អែត នោះហើយគឺជាបុណ្យ។
បើមិនមានចេតនា មិនសប្បាយរីករាយ មិនពេញចិត្តក្នុងអ្វីដែលខ្លួនលះបង់ទេ ទោះបីជាយើងកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ដោយចំណាយថវិកាអស់រាប់ម៉ឺនដុល្លារក៏ដោយ ក៏មិនមានឈ្មោះថា ជាអ្នកធ្វើបុណ្យដែលពេញលក្ខណៈនិងប្រកបដោយបញ្ញាដែរ។ ពេលនោះ ការធ្វើបុណ្យច្រើនបានបុណ្យច្រើន នឹងមិនកើតឡើងនោះទេ។
ហេតុដូច្នេះហើយ គ្រប់ពេលដែលអ្នកធ្វើបុណ្យសាងកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តឲ្យបានសប្បាយ រីករាយជ្រះថ្លា និងប្រកបដោយបញ្ញា។ បើអ្នកមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តហើយ សូម្បីតែធ្វើបុណ្យ ដោយការលះបង់ទ្រព្យតិចតួចក៏ដោយ ក៏បានអានិសង្សច្រើនដែរ ទៅតាមចេតនា ដែលជ្រះថ្លានិងពេញចិត្តនោះឯង។
ចេតនា គឺសំដៅដល់សេចក្តីជ្រះថ្លា សេចក្តីសប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អ និងអំពើបុណ្យដែលធ្វើដោយឥតសៅហ្មង។ ចេតនាដែលនាំឲ្យសម្រេច បានបុណ្យកុសលមានបីគឺ៖
ចេតនាមុនធ្វើ ៖ ការតាំងចិត្ត និងរៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា និង សប្បាយរីករាយក្នុងការធ្វើបុណ្យ។
ចេតនាកំពុងធ្វើ៖ សេចក្តីសោមនស្ស និងសកម្មភាពរបស់ខ្លួន ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លាក្នុងការបំពេញ បុណ្យកុសល។
ចេតនាក្រោយពេលធ្វើ ៖ ពេលបានបំពេញកុសលរួច ខ្លួនក៏មានសេចក្តីសុខ និងរីករាយ ពេញចិត្តចំពោះការលះបង់របស់ខ្លួនក្នុងការជួយអ្នកដទៃ ដោយមិនមានការក្តៅក្រហាយ ឬស្តាយក្រោយអ្វីឡើយ។
ដូច្នេះ ធ្វើបុណ្យច្រើន ពិតជាបានបុណ្យច្រើន ប្រសិនបើការលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើទាន រក្សាសីល ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ គ្មានសេចក្តីសៅហ្មងក្នុងការលះបង់នោះ។ តែផ្ទុយទៅវិញ ធ្វើបុណ្យច្រើន មិនប្រកដថាបានបុណ្យច្រើនទេ បើការលះបង់របស់អ្នក មិនប្រកបដោយបញ្ញា ការលះបង់មិនមានសទ្ធា លះបង់ដើម្បីសម្ញែង បង្អួតញាតិ ចង់បានកិត្តិយស ឬខ្លាចគេថាអន់៕