ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ចូលឆ្នាំ​៖ ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់ ដើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ទូទាំងប្រទេស​
17, Apr 2019 , 10:50 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ មាន​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរ​នានា ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​។​

 
​របាយការណ៍​បឋមរ​បស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​វាយតម្លៃ​ជំហាន​ដំបូង​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​តាម​ទីកន្លែង​ប្រារព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ មាន​ចំនួន​សរុប​ប្រមាណ ៤,៧២៦,៦០២ នាក់ កើនឡើង ៦៧.០២​ភាគរយ​។ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ៤,៦៣៩,៣៤១ នាក់ កើនឡើង ៦៦.៤០​ភាគរយ ហើយ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨៣,១២៣ នាក់ កើនឡើង ៩៨,២៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​
 
​របាយការណ៍​ដដែល បាន​លម្អិត​ទៀតថា ភ្ញៀវទេសចរ ដែល​ដើរ​កម្សាន្ត​នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​(១៤ ខែមេសា​)​នេះ មាន​ភ្ញៀវ​សរុប​ប្រមាណ ៨១៦,៤៩៦ នាក់ កើនឡើង ៩.៤០​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន ៧៨៣ ,៦៣២ នាក់ និង​ភ្ញៀវ​អន្តរជាតិ ៣២,៦៦៤ នាក់​។ ដោយឡែក​នៅ​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​(១៥ ខែមេសា ) មាន​ភ្ញៀវ​សរុប ១,៦០៩,៧២១ នាក់​កើនឡើង ២៨,៣៣​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​១,៥៨២,១២៩ នាក់ និង​ភ្ញៀវ​អន្តរជាតិ ២៧,៤៧៤ នាក់​។ ចំណែក​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​(១៦ ខែមេសា​) មាន​ភ្ញៀវ​សរុប ២,២៧៥១៨៥ នាក់ កើនឡើង​ប្រមាណ ១៥៩.៨៥​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២,២៧៣,១៨០ នាក់ និង​ភ្ញៀវ​អន្តរជាតិ ២២,៩៨៥ នាក់​។​
 
​ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​អះអាងថា ការចូលរួម​កម្សាន្ត​ដ៏​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​បានបញ្ជាក់​កាន់តែច្បាស់​ថា​ប្រជាពលរដ្ឋ ពេញចិត្ត នឹង​សភាពការណ៍​ប្រទេសជាតិ​បច្ចុប្បន្ន​។ 
 
​តាមរយៈ​ហ្វេ​សប៊ុក​ក្រសួង​ទេសចរណ៍ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី មក​សរសេរ​ដូច្នេះ​ថា​៖«​គ្រប់​ទីកន្លែង មិន​ថា​តាម​រម​ណីយ​ដ្ឋា​ន ទេសចរណ៍ ប៉ុន្តែ​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ តាម​ផ្ទះសំបែង​ គឺ​គ្រប់​គ្រួសារ​សុទ្ធតែ​បាន​ចូលរួម​យ៉ាង​សប្បាយរីករាយ​ក្នុង​បុណ្យចូលឆ្នាំថ្មី ប្រ​ពែ​ណី​ជាតិ​របស់ខ្លួន​ប្រកបដោយ​ស្មារតី​គោរព​ស្រឡាញ់​ប្រពៃណី​វប្បធម៌​របស់ខ្លួន មានការ​យល់ដឹង​កាន់តែច្រើន​អំពី​វប្បធម៌ ប្រពៃណីជាតិ ស្គាល់​តម្លៃ​បរិស្ថាន ផ្តល់​ភាពកក់ក្តៅ​ជិតស្និទ្ធ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជាន់ថ្នាក់ »​។​
 
​បើតាម​ក្រសួងទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់​នេះ មិនទាន់​គិតដល់​ប្រជាពលរដ្ឋ ដែល​នាំគ្នា​កម្សាន្ត​នៅតាម​វត្ត​អារាម សាលារៀន និង​តាម​ភូមិ​នៅឡើយ​ទេ​៕

Tag:
 ​ភ្ញៀវទេសចរ​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com