វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
បើ​រន្ទះបាញ់​ចំ​យន្តហោះ​កំពុង​ហោះហើរ តើ​នឹង​មានរឿង​អ្វី​កើតឡើង​?
18, Apr 2019 , 9:00 am        
រូបភាព
​នៅពេលដែល​យន្តហោះ​ត្រូវ​ហោះហើរ​ឆ្លងកាត់​កន្លែង​ដែលមាន​អាកាសធាតុ​មិនសូវ​អំណោយផល មានដូចជា​ព្យុះ ភ្លៀង​ជាដើម យន្តហោះ​នោះ​ក៏មាន​ឱកាស​ខ្ពស់​អាច​នឹងរង​ចរន្ត​អគ្គិសនី​ពីរ​ន្ទះ​ដែរ​។ ហេតុការណ៍​នេះ​មិនមែន​មិនដែល​ធ្លាប់​កើតមាន​នោះទេ​។​

 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ scientificamerican.com ករណី​ដែល​យន្តហោះ​បាន​ធ្លាក់​ដោយសារ​រន្ទះបាញ់​នោះបាន​កើតឡើង​លើ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​មួយ​នៅក្នុង​សហរដ្ឋអាមេរិក នា​អំឡុង​ឆ្នាំ​១៩៦៧​។ 
 
​មូលហេតុ​គឺ​ដោយសារតែ​ចរន្ត​អគ្គីសនី បានធ្វើ​ឲ្យ​ធុះ​សាំង​របស់​យន្តហោះ​នោះ​ឆាបឆេះ​។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ប្រភេទ​នេះ​មិនសូវ​ជា​កើតឡើង​ប៉ុន្មាន​នោះទេ​។ ភាគច្រើន ដោយសារតែ​ប្រព័ន្ធ​ណែនាំ​ផ្លូវ គុណភាព​របស់​យន្តហោះ ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​បានធ្វើ​ឲ្យ​ការហោះហើរ​មាន​សុវត្ថិភាព​ច្រើនជាង​មុន​។ ចុះបើ​ហេតុការណ៍​មួយ​នេះ​កើតឡើង តើ​យន្តហោះ​ទំនើប​ក្នុង​សម័យកាល​ថ្មី​មួយ​នេះ​ទប់ទល់​យ៉ាងដូចម្តេច​?
 
​អ្នកដំណើរ​អាច​ឃើញ​ពន្លឺភ្លើង​ភ្លឺ ជាមួយនិង​សំឡេង​ខ្លាំង ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ​វិស្វករ​ផលិត​យន្តហោះ​តែងការ​ពារ​ឧបករណ៍​អេឡិចត្រូនិក​ជាមួយនឹង​សារធាតុ​ដែល​មិន​ចម្លង​អគ្គីសនី​។​
 
​នេះ​ក៏​ព្រោះថា បើ​ឧបករណ៍​សំខាន់ៗ​ទាំងនោះ​ត្រូវបាន​រំខាន​ដោយ​ចរន្ត​ខាងក្រៅ អ្នកបើក​យន្តហោះ​នឹង​ជួបប្រទះ​បញ្ហាលំបាក​ហើយ ដោយសារ​យន្តហោះ​ធ្វើដំណើរ​យ៉ាងខ្ពស់​នៅ​ខាងលើ​មេឃ ហើយ​អ្នកបើកបរ​មិនអាច​មើល​ដឹងថា​ពួកគេ​នៅទីណា​មួយ​ឡើយ បើ​មិនមាន​ការជួយ​ចែករំលែក​ទិន្នន័យ​ពី​ឧបករណ៍​អេឡិចត្រូនិក​ទាំងនោះ​។ 
 
​ម្យ៉ាងវិញទៀត រន្ទះ​តែង​បាញ់​នៅចាំ​កន្លែង​ណា​ដែល​វែង ហើយ​ស្រួច ជាពិសេស​នៅ​ខាងចុង​នៃ​ស្លាប និង​ផ្នែក​ក្បាល ឬ​ចុងកន្ទុយ​។ បានន័យថា ឧបករណ៍​ដែលមាន​សារសំខាន់​ភាគច្រើន​ស្ថិតនៅក្នុង​តួរ​កណ្តាល​របស់​យន្តហោះ​។ ចរន្ត​អគ្គិសនី​ពីរ​ន្ទះ ភាគច្រើន​ធ្វើដំណើរ​ឆ្លងកាត់​តែ​ផ្ទៃ​ខាងក្រៅ​តែប៉ុណ្ណោះ មិន​ប៉ះពាល់​ទៅដល់​មនុស្ស​ដែល​អង្គុយ​ខាងក្នុង​នោះទេ​។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ប្រើប្រាស់​សារធាតុ​លាយ​បញ្ចូល​គ្នា​ដែល​គេ​ហៅថា Composite ជំនួស​ឲ្យ​សារធាតុ​អាលុយមីញ៉ូម ដោយហេតុថា Composite បាន​លទ្ធភាព​ចម្លង​អគ្គីសនី​តិច​។ 
 
​ខ្សែភ្លើង​អគ្គិសនី​នានា​នៅក្នុង​យន្តហោះ​ត្រូវបាន​រុំ​ព័ទ្ធ​ដោយ​អង្គធាតុ​បង្ការ​ចរន្ត​អគ្គិសនី​ដែល​មិន​ប្រក្រតី​ពី​ខាងក្រៅ​។ តែ​នៅមាន​កន្លែង​មួយទៀត​ដែល​ធ្វើ​ឲ្យ​វិស្វករ​ផលិត​យន្តហោះ​នៅតែមាន​ការបារម្ភ​។ កន្លែង​នោះ​គឺ​ធុងសាំង​យន្តហោះ​ដែលមាន​វត្តមាន​នៅក្នុង​តួរ​របស់​ស្លាប​ទាំងសងខាង​។ 
 
​រន្ទះ​អាច​បង្ក​ឲ្យ​មាន​ផ្កាភ្លើង ដែល​អាចធ្វើ​ឲ្យ​សាំង​ទទួល​ចំហេះ​បាន​។ ដូចនេះ​គេ​ត្រូវ​ផលិត​ស្លាប​ដែល​ក្រាស់​ល្មម មិន​ឲ្យ​មាន​ផ្កាភ្លើង​ឆ្លងកាត់​បាន ដែល​វា​អាច​ការពារ​ការចម្លង​ទាំងនោះ​ពី​ចំហាយ​របស់​សាំង​។ នៅតាម​កន្លែង​មួយចំនួនទៀត​នៃ​តួរ​យន្តហោះ អ្នក​ផលិត​បាន​បំពាក់​ម្ជុល​ដែក​ការពារ​រន្ទះ ស្រដៀង​នឹង​ប្រដាប់​ការពារ​ដែល​គេ​ដា​ក់នៅ​ខាងលើ​ផ្ទះ​ដែរ ក្នុងការ​ទប់ស្កាត់​ឲ្យ​បានល្អ​ថែមទៀត​៕

Tag:
 ​រន្ទះ​
  យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com