ព្រលានយន្តហោះ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​គ្រោង​បញ្ចប់​នៅ​ឆ្នាំក្រោយ​
ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​គ្រោង​បញ្ចប់​នៅ​ឆ្នាំក្រោយ​
18, Apr 2019 , 7:59 pm        
រូបភាព
រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)
រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ៖ ជិត​ម៉ោង​បាយ​ថ្ងៃត្រង់ កម្មករសំណង់​ជនជាតិខ្មែរ​រាប់សិប​នាក់​នៅក្នុង​ក្រុមហ៊ុន​ចិន​ឈ្មោះថា Union Development Group (UDG) ក្នុង​ខេត្តកោះកុង កំពុង​ញាប់ដៃ​ញាប់ជើង ដើម្បី​បញ្ចប់​ការងារ​របស់​ពួកគេ ហើយ​ហូបបាយ​ថ្ងៃត្រង់​។ កម្មករ​ទាំងនេះ​កំពុងតែ​សាងសង់​ព្រលានយន្តហោះ​ដ៏​ធំ​មួយ​នៅក្បែរ​សមុទ្រ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ​។​





សំណង់ផ្លូវ​សម្រាប់​ការចុះចត​របស់​យន្តហោះ ដែល​មាន​ប្រវែង​៣២០០​ម៉ែត្រ នៅ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ ព្រលាន​យន្តហោះ​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​ការស្ថាបនា​នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

​កម្មករ​ម្នាក់ លោក វួ​ច វី អាយុ​២១​ឆ្នាំ ដែល​ធ្វើការ​នៅ​ព្រលានយន្តហោះ​នេះ​ប្រមាណ​៦​ខែ​មកហើយ​បាន​ថ្លែងថា ការសាងសង់​ព្រលានយន្តហោះ​នេះ​សម្រេចបាន​ជាង​៦០​ភាគរយ​ហើយ​។ ប៉ុន្តែ​លោក​មិនដឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ណា​នោះទេ​។​
 
​លោក វី មកពី​ខេត្តកំពង់ចាម ហើយ​ធ្វើការ​នៅទីនេះ​ទទួលបាន​ប្រាក់ខែ​ចំនួន​១​លាន​រៀល ដោយមាន​ការផ្តល់​កន្លែង​ស្នាក់នៅ​ស្រាប់​និង​ការ​រ៉ាប់រង​អាហារ​បាន​ថ្លែងថា នៅទីនេះ​មាន​គម្រោង​ច្រើន​ទៀត ក្រៅពី​ព្រលានយន្តហោះ​។ លោក​គិតថា ថ្ងៃក្រោយ តំបន់​នេះ​នឹង​ក្លាយជា​កន្លែង​ដែល​សំបូរ​ទៅដោយ​ជនជាតិ​ចិន​។​


បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ផ្សារទំនើប​របស់​ចិន ដែល​ស្ថិត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖
 
«​គេ​សាងសង់​ច្រើន​។ ធ្វើ​ព្រលាន​ផង ធ្វើ​ខុន​ដូ សណ្ឋាគារ ច្រើនណាស់​»​។ ធ្វើ​កន្លែង​ហ្នឹង​ធំ​មួយ​ហើយ អញ្ចឹង​តែ​ប៉ុណ្ណឹង​ហើយ​សំបូរ​ចិន​»​។​
 
​បើតាម​លោក វី ប្រធាន​គ្រប់គ្រង​របស់លោក គឺជា​ជនជាតិ ដែល​ចេះ​និយាយ​ខ្មែរ​តិចតួច​។​
 
​ព្រលានយន្តហោះ​ដែលមាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​៣២០០​ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ ដែល​វែង​ជាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០២០​ខាងមុខនេះ​។ ការស្ថាបនា​ព្រលានយន្តហោះ​ដ៏​ធំ​នេះ បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០១៨​។​
 
​បើតាម​ផ្ទាំង​ព័ត៌មាន​ស្តីអំពី​ព្រលានយន្តហោះ​នេះ គម្រោង​នៃ​ការវិនិយោគ មានតម្លៃ​ប្រហែល​២០០​លាន​ដុល្លារ​អាមេរិក​។ ព្រលានយន្តហោះ​មួយ​នេះ អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ធំៗ​រួមមាន​ប្រភេទ Boeing777 Boeing787 និង Airbus A340-600 ចុះចត​បាន​។ ព្រលានយន្តហោះ​នេះ នឹងមាន​ជើងយន្តហោះ​ហើរ​ត្រង់​ទៅកាន់​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ផងដែរ​។ ក្រុមហ៊ុន​ចិន​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០៣០ អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន​៧៥​ម៉ឺន​នាក់ ហើយ​ការដឹក​ទំនិញ​ប្រចាំ​ឆ្នាំមាន​ចំនួន​៩​លាន​តោន​។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នកដំណើរ​ឆ្លងកាត់ មាន​ចំនួន​៤៤​លាន​នាក់ ហើយ​ការដឹកជញ្ជូន​ប្រចាំ​ឆ្នាំមាន​ចំនួន​៣៦​លាន​តោន​។​
 
​ក្រុមហ៊ុន​UDG បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៤៥០០០​ហិកតា​ក្នុងស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តកោះកុង​គឺ​ស្រុក​បុ​ទុម​សាគរ​និង​គី​រី​សាគរ តាំងពី​ឆ្នាំ​២០០៨ ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​នេះ ទៅជា​កន្លែង​ទេសចរ​ដ៏​ធំ​មួយ​ឈ្មោះថា​«​តារា​សាគ​រ‍​»​។ គម្រោង​ធំៗ​មាន​កាស៊ីណូ សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល តំបន់​កម្សាន្ត​នៅ​ឆ្នេរ ព្រលានយន្តហោះ​និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ជាដើម​។ គម្រោង​ដ៏​ធំ​ដែលមាន​តម្លៃ​៣៨០០​លាន​ដុល្លារ​អាមេរិក​នេះ ក៏​បញ្ចូល​ដែនសមុទ្រ​ខ្មែរ​ចំនួន​២០​ភាគរយ​ផងដែរ​។​
 
​កន្លងទៅ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការព្រួយបារម្ភ​ថា តំបន់​មួយ​នេះ​នឹង​ក្លាយជា​មូលដ្ឋានទ័ព​បរទេស​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​កម្ពុជា លោក ទៀ បាញ់ បាន​ប្រាប់​VOA​កាលពី​ចុងខែ​មីនា​ថា កម្ពុជា​មិន​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅក្នុង​ទឹកដី​របស់ខ្លួន​ទេ ហើយ​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Union គឺ​ក្នុង​គោលបំណង​ទេសចរណ៍​តែប៉ុណ្ណោះ​។​
 
​លោក ទៀ បាញ់ បាន​ថ្លែងប្រាប់​VOA​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​ថា​៖
 
«​ដូច្នេះ​រឿងនេះ​ច្រើន​នាក់​បានលើកឡើង​ហាក់ដូចជា​មើល​បញ្ហា​ហ្នឹង​ទៅជា​រឿង​ផ្សេង​។ ខ្ញុំ​ក៏​មិនអាច​ទៅ​បរិយាយ​បានដែរ​ថា ធ្វើ​ព្រលានយន្តហោះ​ធំ​របៀប​ហ្នឹង គេ​អាច​ចុះ​បាន​គ្រប់​ប្រភេទ​យន្តហោះ​អាច​ចុះ​បាន​។ នេះ​ជា​រឿង​របស់​ព្រលាន​។ ដូច្នេះ​ការ​ចាត់ទុកថា​អាចមាន​នាវា ឬក៏​មាន​យន្តហោះ​របស់​ចិន​ចុះចត​អីហ្នឹង រឿង​ហ្នឹង​គឺ​សមត្ថភាព​អធិបតេយ្យ​របស់​ប្រទេស​នីមួយ​គេ​ក៏មាន​កម្រិត​ដែ​រ‍​»​។​
 
​ចំណែក​តំណាង​ក្រុមហ៊ុន UDG ក៏បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ផងដែរ​។​នេះ​បើ​យោងតាម​លោក​Wang Chao អនុប្រធាន​ក្រុមហ៊ុន​UDG ដែល​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ឈ្មោះ Khmer Times កាល​ចុងឆ្នាំ​២០១៨​។​
 
​លោក​ត្រូវបាន​ដកស្រង់​សម្តី​កាលនោះ​ថា​៖
 
«​វា​មិន​ពិត​ទេ វា​មិន​ពិត​ទេ​។ ខ្ញុំ​គិតថា​នាយករដ្ឋមន្ត្រី​បានលើកឡើង​អ្វី​ជា​ការពិត​រួចមកហើយ​។ យើង​ធ្វើ​ពាណិជ្ជកម្ម​។ យើង​មិន​ពាក់ព័ន្ធ​នឹង​រឿង​យោធា​ឡើយ​»​។​
 
​នៅពេល​ខាងមុខនេះ ក៏​នឹងមាន​ការស្ថាបនា​ផែពាណិជ្ជកម្ម​ចំនួន​២​ទៀត បន្ថែម​លើ​ផែ​ទេសចរណ៍​ដែល​មាននៅ​ទីនោះ​។ នេះ​បើ​យោងតាម​លោក Wang Chao​។​
 
​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ជា អូន មានប្រសាសន៍ថា ព្រលានយន្តហោះ​ក្នុង​ក្រុមហ៊ុន​ចិន​នេះ​នឹង​អាច​ទទួល​យន្តហោះ​ដែល​ហោះ​ក្នុង​ចម្ងាយ​ឆ្ងាយ​នៅពេល​ខាងមុខ​។​


លោក ហួត ហាក់ អាយុ​៣៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ ខេត្តកោះកុង ព្រួយ​បារម្ភ​ការបណ្តេញ​ចេញ​នៅ​ពេល​ខាងមុខ ក្រោយ​ដឹងថា ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​កន្លែង​លោក​រស់នៅ ដើម្បី​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ។ (ស៊ុន ណារិន/VOA)
 
​លោក​បញ្ជាក់ថា​៖
 
«​ខ្ញុំ​គិតថា​ក្នុង​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ទៀត ដោយសារ​វា​ទើបតែ​ចាប់ផ្តើម​»​។​
 
​ស្របពេល​មាន​ព័ត៌មាន​ស្តីអំពី​ការស្ថាបនា​ផែ​ទឹក​ជ្រៅ​នេះ អ្នកភូមិ​មួយចំនួន​ក្នុងភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ បានបង្ហាញ​ការព្រួយបារម្ភ​នឹង​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ពួកគេ​នៅ​ថ្ងៃ​ខាងមុខ​។​
 
​រស់នៅក្នុង​ភូមិ​ចម្លង​គោ លោក ហួត ហាក់ អាយុ​៣៧​ឆ្នាំ មានប្រសាសន៍ថា លោក​ពឹង​ផ្អែកលើ​ការនេសាទ​ក្នុង​ទឹកសមុទ្រ​នៅទីនេះ​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​មានការ​នេសាទ​ត្រី ក្តាម និង​បង្គា​ជាដើម​។​
 
​ប៉ុន្តែ​លោក ហាក់ ដែលមាន​កូន​២​នាក់ កូនស្រី​អាយុ​៥​ឆ្នាំ និង​កូនប្រុស អាយុ​៣​ឆ្នាំ កំពុង​បារម្ភ​ការ​ឲ្យ​រុះរើ​ផ្ទះ និង​ចេញពី​ធ្លី​នៅពេល​ខាងមុខ ដោយសារ​ការចង់បាន​តំបន់​នេះ​មក​ធ្វើ​ផែ​ទឹក​ជ្រៅ​។​
 
​លោក ហាក់ បញ្ជាក់ថា​៖
 
«​តែ​ឥឡូវ​ហ្នឹង គេ​ថា​ចង់​ធ្វើ​កំពង់ កំពង់​អី​មែនទែន​ហើយ​។ ហើយ​ចង់​ដោះដូរ​អី​ជាមួយ​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​វា​អត់​ឃើញ​តំណាង​អី​ដែល​គួរ​មក​ដោះស្រាយ ហើយ​និយាយ​វា​ក៏​អត់​មាន​អ្នកណា​មកជា​មុខសញ្ញា ហើយ​អាជ្ញាធរ​គាត់​និយាយថា គាត់​អត់​ហ៊ាន​ទេ​»​។​
 
​លោក​បាន​ឲ្យ​ដឹងថា កន្លងទៅ ជនជាតិ​ចិន ជាមួយ​ក្រុមការងារ​រ​បស់​ខ្មែរ ក៏បាន​មក​ចុះ​សិក្សា​នៅទីនេះ ហើយ​បានមក​មើល​អតីត​កំពង់ផែ​ជប៉ុន​ចាស់​ដែលមាន​មូលដ្ឋាន​នៅទីនេះ​ផងដែរ​។​
 
​លោក​បញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចង់បាន​តំបន់​ដែល​លោក​កំពុង​រស់នៅ លោក​មិនមាន​ការតវ៉ា​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​តែ​ខ្ញុំ​គិតថា ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​បាន ខ្ញុំ​អត់​ស្តាយ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​តំណាង​របស់​ក្រុមហ៊ុន អាហ្នឹង​ត្រូវតែ​សម្រួល ឬក៏​ដោះស្រាយ ដោយ​របៀប​ណាមួយ មុននឹង​ដើរចេញ កុំ​ឲ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​អី​មួយ​។ ខ្ញុំ​ចង់​បានតែ​ប៉ុណ្ណឹង​ទេ​»​។​
 
​នៅ​កន្លែង​លោក ហាក់ កំពុង​រស់នៅ គេ​អាច​មើលឃើញ​ព្រលានយន្តហោះ​ដែល​កំពុង​ត្រូវបាន​សាងសង់​។​
 
​ជាមួយ​ការអភិវឌ្ឍ​ដ៏​ច្រើន​នៅ​តំបន់​នេះ លោក ហួត ហាក់ ដែល​បានរស់នៅ​តំបន់​នេះ​ជាច្រើន​ឆ្នាំ​មកហើយ បាន​ថ្លែងថា លោក​ពេញ​ចិត្តនឹង​ការអភិវឌ្ឍ តែ​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅទីនេះ​។​
 
​លោក​បាន​បញ្ជាក់ថា​៖
 
«​សប្បាយចិត្ត​លុះតែ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​សុខ​ស្រួល​ដែរ​។ តែ​បើសិនជា​ធ្វើបាប​ប្រជាពលរដ្ឋ ក៏​ខ្ញុំ​អត់​សប្បាយចិត្ត​ដែរ​។ ក្រុមហ៊ុន​ចូលមក លុះត្រាតែ​កុំ​ឲ្យ​មាន​បញ្ហា​អី​ជាមួយ​ប្រជាពលរដ្ឋ​»​។​
 
​រហូតមកដល់​ពេលនេះ ចំនួន​អ្នកទេសចរ​ចិន​មក​កម្ពុជា​ស្ថិតក្នុង​លំដាប់​លេខ​១ គឺមាន​ទៅដល់​ជិត​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អ្នកទេសចរ​ចិន​ចំនួន​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ចំនួន​៥​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥ និង​៨​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ឃុន​។​


ជនជាតិ​ចិន​ពីរនាក់ ជិះម៉ូតូ ដោយ​មាន​ប្លាស្ទិច​បាំង​កម្តៅ​ថ្ងៃ នៅ​ខាងមុខ​ផ្សារ​ចិន នៅក្នុង​ខេត្តកោះកុង នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
 
​នៅក្នុង​ខេត្ត​ព្រះសីហនុ អ្នករកស៊ី​ជនជាតិ​ចិន​ក៏បាន​ចូលមក​យ៉ាងគំហុក​ផងដែរ ដែល​នាំ​ឲ្យ​ការរីកដុះដាល​នៃ​ចំនួន​សំណង់​នៅក្នុង​ខេត្ត​មួយ​នេះ ដូចជា​កាស៊ីណូ​រាប់រយ សណ្ឋាគារ និង​ហាង​ចិន​ផ្សេងៗ​។ ចំណែក​នៅ​ក្រុង​ខេមរភូមិន្ទ នៃ​ខេត្តកោះកុង ក៏មាន​កំណើន​ជនជាតិ​ផងដែរ ជាពិសេស​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​។ ខេត្ត​មួយ​នេះ ក៏​ត្រូវបាន​មើលឃើញថា​នឹងមាន​ជនជាតិ​ចិន​មក​ច្រើន​ដូច​ខេត្ត​ព្រះសីហនុ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com