កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទ​រាជ្យ ប្រាប់​ចំណុច​សំខាន់​ពេល សុខ ធី ប្រកួត​ពីរដង​នៅ​សង្វៀន One Championship ឆ្នាំ ២០១៨
18, Apr 2019 , 9:19 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​គ្រូបង្វឹក​ប្រចាំ​នៅ​ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បង្ហើប​ចំណុច​សំខាន់​មួយចំនួន ពេល សុខ ធី ចាញ់ កីឡាករ​ជើង​ខ្លាំង​ថៃ ដោយ​ពិន្ទុ​ទាំងពីរ​លើក​នៅ​សង្វៀន One Championship ចុងឆ្នាំ ២០១៨​កន្លងទៅ​។ ច័ន្ទ​រាជ្យ ថា Leardsila ជា​កីឡាករ មានបទពិសោធន៍​ច្រើនជាង និង​ឡើង​វាយ​តាំងពី សុខ ធី មិនទាន់​កើត​ម្ល៉េះ​។

 
​គ្រូបង្វឹក​ដដែល នេះ​រៀបរាប់​ដោយ​ផ្ដោតលើ​អាយុ​បច្ចុប្បន្ន សុខ ធី ទើបតែ ២២​ឆ្នាំ ប៉ុន្តែ ជើង​ខ្លាំង Leardsila មាន​អាយុ​រហូតដល់​៣៨​ឆ្នាំ​ឯណោះ និង​ឡើង​សង្វៀន​រហូតដល់ ២៩៧​។ 
 
​ដោយមាន​បទពិសោធន៍​ជោកជាំ​លើស​ង្វៀន​ល្បីៗ​នៅ​ប្រទេស​ថៃ Leardsila  ឈ្នះ​ខ្សែក្រវាត់​ច្រើន​ស្ថាប័ន​ដូចជា 2013 WLF Muaythai Lightweight World Champion , 2011 WCK Muaythai Lightweight World Champion , WMC Lightweight World Champion, WPMF Lightweight World Champion , WKN Lightweight World Champion , Rajadamnern Stadium Super Bantamweight Champion , Rajadamnern Stadium Bantamweight Champion , និង Rajadamnern Stadium Super Flyweight Champion ជាដើម​។ រឹតតែ​អស្ចារ្យ​ទៅទៀត កីឡាករ​មកពី​ក្លិប Phuket Top Team រូបនេះ​ឡើង​ប្រកួត ១០០ ដង​ជាប់​គ្នា​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​នៅក្នុង​អាជីព​របស់ខ្លួន​។ នេះ​ជា​កំណាត់​ត្រា​ល្អ​ឯក​សម្រាប់​កីឡាករ​ប្រដាល់​ថៃ​រូបនេះ​។ 
 
​គ្រូបង្វឹក​វ័យ ៣១ ឆ្នាំនេះ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ខាង​សង្វៀន One គេ​មិន​រៀបចំ​ឲ្យ​សងសឹក​ជា​លើក​ទី​៣ ទេ​តាមមើល ព្រោះថា​កាល​លើក​ទី​១ គឺ ពិន្ទុ​ប្រដំប្រសង​គ្នា​។ ដូច្នេះ​គេ​រៀប​ឲ្យ​សងសឹក​លើក​ទី​២​បាន​។ ប៉ុន្តែ​លើក​ទី​២ យើង​ចាញ់​ពិន្ទុ​គេ​ដាច់​តែម្ដង​។ ដូច្នេះ​ទំនង​មិនអាច​ជួប​លើក​ទី​៣ ទេ​។ យើង​ក៏​មិន​ចង់​សងសឹក​អ្វី​ដែរ តែ​គេ​អាច​រៀបចំ​ឲ្យ​ប៉ះ​គូប្រកួត​ផ្សេង​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​»​។​
 
​សុខ ធី ឡើង​ប្រកួត​នៅ​សង្វៀន One Championship បាន​ចំនួន ២ ដង ពោល ការប្រកួត​លើក​ទី​១ កា​កា ចាញ់​ជើង​ខ្លាំង​កីឡាករ​ថៃ Leardsila ដោយ​ពិន្ទុ នា​ពាក់កណ្ដាល​ឆ្នាំ ២០១៨ និង ចាញ់​លើក​ទី​២​នៅ​ចុងឆ្នាំ ២០១៨ ដែលជា​ជំនួប​សងសឹក​។ 
 
​ទោះជា​បែបណា​ក្ដី  កីឡាករ​វ័យ​២២​ឆ្នាំ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បានទទួល​ស្គាល់​លទ្ធផល​កន្លងមក​ថា​ខ្លួន​ធ្វើ​មិនសូវ​បានល្អ​ក្នុងការ​ប្រកួត​លើក​ទី​២ ពិសេស​ការ​ភ្លាត់​ដួល​នៅ​ទឹក​ទី​៣ ដែលជា​ទឹក​ចុងក្រោយ ប៉ុន្តែ គេ​ធ្វើ​បានល្អ​នៅ​ទឹក​ទី​២​។ 
 
​យ៉ាងណាក៏ដោយ ម្ចាស់​ក្លិប​ប្រដាល់ Cambodian Top Team នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​សង្វៀ​ន អន្តរជាតិ​ក្រៅពី​សង្វៀន​ល្បីៗ​នៅ​ថៃ​ដូចជា ប៉ុស្ដិ៍​លេខ​៧ និង លេខ​៨​ថៃ ក្នុង​គោលបំណង​នាំ សុខ ធី ទៅ​វ៉ៃ​ជាថ្មី​នាពេល​ឆាប់ៗ​ខាងមុខ ដែល​ត្រូវ​ចាប់​គូ​ប្រហាក់ប្រហែលគ្នា ហើយ​ធានាថា​វ៉ៃ​ល្អមើល​ជាក់​ជាមិនខាន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com