អន្តរជាតិ
ចិន​និង​ប៉ា​គី​ស្ថាន​ចាត់វិធានការ​ប្រឆាំងនឹង​ការរៀប​អាពាហ៍ពិពាហ៍​ខុសច្បាប់​
20, Apr 2019 , 8:19 am        
រូបភាព
ដោយ: VOA
​អ៊ី​ស្លា​ម៉ា​បាដ ៖ ​ស្ថានីយទូរទស្សន៍​រប​ស់​ប៉ា​គី​ស្ថាន​បាន​បញ្ចាំង​អ្វីដែល​ខ្លួន​បាន​ហៅថា ការរៀប​អា​ពិ​ហ៍​ពិពាហ៍​ក្លែងក្លាយ​រវាង​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជនជាតិ​ប៉ា​គី​ស្ថាន រួមមាន​ក្មេងស្រី​ជំទង់​ផងដែរ​។ សេចក្តីរាយការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​រៀបការ​ក្លែងក្លាយ​ខ្លះ​ជាមួយ​បុរស​ជនជាតិ​ចិន​បាន​ត្រូវគេ​ជួញដូរ​និង​លក់​សរីរាង្គ​នៅ​ខេត្ត​សាង​ដុង​នៃ​ប្រទេស​ចិន​។

 
​បណ្តាញ​ផ្សាយ​ព័ត៌មាន​ប៉ា​គី​ស្ថាន​រាយការណ៍​ថា ពួក​ជួញដូរ​មនុស្ស​ចិន​កំពុងបើក​មជ្ឈមណ្ឌល​រៀបការ​ខុសច្បាប់​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដែល​នៅ​ទីនោះ ពួកគេ​បាន​រង​ការចោទប្រកាន់ថា បាន​ឆបោក​ស្ត្រី​មកពី​ក្រុមគ្រួសារ​ដែលមាន​បញ្ហា​សេដ្ឋកិច្ច​ឲ្យ​ធ្វើការ​រៀបការ​ក្លែងក្លាយ មុនពេល​ដឹកជញ្ជូន និង​បង្ខំ​ពួកគេ​ឲ្យ​ធ្វើជា​ស្ត្រី​ពេស្យា​ឬ​លក់​សរីរាង្គ​របស់​ពួកគេ​នៅ​ប្រទេស​ចិន​។​
 
​ការបញ្ចេញ​ព័ត៌មាន​នេះ​បាន​បណ្តាល​ឲ្យ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ធ្វើការ​ឆ្លើយតប​កាលពី​ថ្ងៃ​សៅរ៍ ដោយ​និយាយថា ពាណិជ្ជកម្ម​ទាំងនេះ ត្រូវបាន​ហាមឃាត់​យ៉ាងខ្លាំង​នៅក្នុង​ច្បាប់​ចិន ហើយ​សន្យា​ធ្វើការ​បង្ក្រាប​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​ស្តីពី​ការរក​ប្រាក់កម្រៃ​ខុសច្បាប់​តាមរយៈ​ការរៀប​ការខុសច្បាប់​ឆ្លងកាត់​ព្រំដែន​នេះ​។​
 
​ចំនួន​ជនជាតិ​ចិន ដែល​ទៅ​ទស្សនា​ប៉ា​គី​ស្ថាន​ដែលជា​ប្រទេសជិតខាង​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​ការចាប់ផ្តើម​របៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ចិន​និង​ប៉ា​គី​ស្ថាន​ដែលមាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​កាលពី​៥​ឆ្នាំមុន​។ គម្រោង​សាកល្បង​ដ៏​សំខាន់​នៃ​កិច្ច​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ ឬ​(BRI) របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​នាំ​ការវិនិយោគទុន​ចិន ដែលមាន​ទឹកប្រាក់​ចំនួន​១៩​ពាន់​លាន​ដុល្លារ​ដែល​មិន​ធ្លាប់មាន​កាលពី​ពេលមុន​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​។​
 
​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការ​រៀបការ​ក្លែងក្លាយ​រវាង​បុរស​ចិន​និង​ស្ត្រី​ប៉ា​គី​ស្ថាន​បាន​លេចឡើង​ក្នុង​បណ្តាញ​ព័ត៌មាន​ជាប្រចាំ ដែល​បាន​ជំរុញ​ឲ្យ​សមាជិកសភា​ជជែក​ដេញដោល​អំពី​បញ្ហា​នេះ ហើយ​បានទាមទារ​ឲ្យ​ពួក​មន្ត្រី​ពិនិត្យមើល​ការប្រតិបត្តិ​ខុសច្បាប់​នេះ​។​
 
​ប្រតិកម្ម​របស់​ស្ថានទូត​ចិន​បាន​កើតមានឡើង​មួយថ្ងៃ បន្ទាប់ពី​ស្ថានីយទូរទស្សន៍​ឯកជន​ដ៏​ល្បី​មួយ​របស់​ប៉ា​គី​ស្ថាន​បាន​បញ្ចាំង​រូបភាព​របស់​ពួក​បុរស​ចិន​ជាច្រើន​ជាមួយ​ស្ត្រី​ក្នុង​មូលដ្ឋានចំនួន​៦​នាក់​នៅក្នុង​បន្ទប់​ផ្សេងៗ​គ្នា រួមមាន​ក្មេងស្រី​ជំទង់​២​នាក់​ផង នៅឯ​មជ្ឈមណ្ឌល​រៀបការ​ខុសច្បាប់​ក្នុង​ទីក្រុង​Lahore ភាគ​ខាងកើត​។​
 
​ក្រុម​បណ្តាញ​ទូរទស្សន៍ ARY News បានបង្ហាញ​ខ្លួន​ដោយ​ការមិន​ប្រកាស​នៅឯ​មជ្ឈមណ្ឌល​នោះ រួមជាមួយ​ប៉ូលិស​មូលដ្ឋាន ហើយ​បាន​សម្ភាសន៍​ជនបរទេស អ្នកសម្របសម្រួល​ទីកន្លែង​រៀបការ​ខុសច្បាប់​នោះ និង​ស្ត្រី​ជា​ភរិយា​ជនជាតិ​ប៉ា​គី​ស្ថាន​របស់​បុរស​ចិន​ទាំងនោះ​។ ស្ថានីយទូរទស្សន៍​នោះបាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​សួរ​សមាជិក​របស់​ជន​ឥ​ន្ធ​ពាល​ដែល​រង​ការចោទប្រកាន់ថា ជា​អ្នកជួញដូរ​មនុស្ស​ជន​ជាតិចិន​មិនអាច​បង្ហាញ​លិខិត​រៀប​អាពាហ៍ពិពាហ៍​នៅ​មូលដ្ឋាន​ឬ​ឯកសារ​ដែល​បង្ហាញថា ពួក​បុរស​ទាំង​នោះបាន​ប្តូរ​ទៅជា​សាសនា​ឥស្លាម មុនពេល​រៀបការ​ស្ត្រីជាតិ​ប៉ា​គី​ស្ថាន​កាន់សាសនា​ឥស្លាម ដែលជា​តម្រូវការ​នៅក្នុង​ច្បាប់​មូលដ្ឋាន​។​
 
​ជនរងគ្រោះ​ជាតិ​ប៉ា​គី​ស្ថាន​បាន​ពន្យល់ថា ក្នុងការ​ដោះដូរ​ចំពោះ​ការ​រៀបការ​របស់ខ្លួន​ជាមួយ​បុរស​ជនជាតិ​ចិន ក្រុមគ្រួសារ​របស់​ពួកគេ​នឹង​ទទួលបាន​ប្រាក់​៣​រយ​ដុល្លារ​ក្នុង​មួយខែ​និង​ទិដ្ឋាការ​ចិន​សម្រាប់​សមាជិក​ប្រុសៗ​ក្នុង​ក្រុមគ្រួសារ​។ អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​រៀបការ​ក្នុង​មូលដ្ឋាន​នោះបាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ថា ពួកគេ​ទាក់ទាញ​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​ចូលក្នុង​កិច្ចព្រមព្រៀង​នោះ​ដោយ​និយាយថា កូនប្រសារ​ប្រុស​ជនជាតិ​ចិន​របស់​ពួកគេ​នឹង​ស្វះ​ស្វែងរក​សញ្ជាតិ​ប៉ា​គី​ស្ថាន​ដែល​គេ អាច​វិនិយោគទុន​នៅ​ប៉ា​គី​ស្ថាន​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​របៀង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន​និង​ប៉ា​គី​ស្ថាន​។​
 
​ស្ថានទូត​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​យើង​រំ​ឮ​ក​ទាំង​ពលរដ្ឋ​ចិន និង​ប៉ា​គី​ស្ថាន​ឲ្យ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ហើយ​កុំ​ចាញ់បោក​គេ​។ យើង​សង្ឃឹមថា សាធារណជន​មិន​ជឿ​ព័ត៌មាន​ដែល​នាំ​ឲ្យ​យល់​ខុស​នេះ​ទេ ហើយ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ការពារ​មិត្តភាព​រវាង​ប៉ា​គី​ស្ថាន និង​ចិន​»​។​
 
​សេចក្តីថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ទៀតថា ប្រទេស​ទាំង​២ ជំទាស់​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ដល់​ការជួញដូរ​មនុស្ស​និង​ការលក់ដូរ​សរីរាង្គ​មនុស្ស ហើយ​បាន​ច្រានចោល​ថា ជា​សេចក្តីរាយការណ៍ «​នាំ​ឲ្យ​យល់​ខុស​និង​គ្មាន​ហេតុផល​» អំពី​ការលក់ដូរ​សរីរាង្គ​មនុស្ស​ក្នុងប្រទេស​ចិន​។​
 
​សេចក្តីថ្លែងការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា «​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ការទទួលខុសត្រូវ​ផ្នែក​ឧក្រិដ្ឋកម្ម ត្រូវធ្វើ​ការស៊ើបអង្កេត​ស្របទៅតាម​ច្បាប់​។ ចិន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ប៉ា​គី​ស្ថាន ដើម្បី​បង្ក្រាប​មជ្ឈមណ្ឌល​រៀបការ​ខុសច្បាប់​»​។ សេចក្តីថ្លែងការណ៍​នោះបាន​ថ្លែង​ទៀតថា ទាំង​យុវជន​ចិន​និង​ប៉ា​គី​ស្ថាន ជា​ជនរងគ្រោះ​របស់​ភ្នាក់ងារ​ខុសច្បាប់​។​
 
​អ្នកការទូត​ចិន​ម្នាក់​ក្នុង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ក៏បាន​បញ្ជូន​សេចក្តីរាយការណ៍​តាម Twitter កាលពី​ថ្ងៃ​សៅរ៍ ដោយ​ស្ថានីយទូរទស្សន៍​រដ្ឋ​ដែល​បង្ហាញ​ពី​ការបង្ក្រាប​របស់​ប៉ូលិស​លើ​មជ្ឈមណ្ឌល​រៀបការ​ខុសច្បាប់​២ ដែល​ទាក់ទិន​នឹង​ជនជាតិ​ប៉ា​គី​ស្ថាន​ក្នុង​ខេត្ត​សាន​ដុង​នៃ​ប្រទេស​ចិន​។​
 
​ខណៈដែល​និយាយប្រាប់​ត្រួសៗ​ដល់​សមាជិកសភា​ប៉ា​គី​ស្ថាន​ក្នុងជំនួប​កាលពីពេល​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ថា ក្រុមមន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិ​បាល​និយាយថា រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បានធ្វើការ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​បញ្ហា​នៃ​ការ​រៀបការ​ក្លែងក្លាយ​និង​វិធាន​ការដែល​ត្រូវធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​។ លោក​Tariq Sardar អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប៉ា​គី​ស្ថាន​បាន​ត្រូវគេ​ដកស្រង់​សម្តី​នៅពេល​ប្រាប់​ជំនួប​នោះ​ថា «​ការិយាល័យ​រៀប​អាពាហ៍ពិពាហ៍​ឯកជន​ខ្លះ បាន​ទាក់ទិន​ទៅនឹង​ការ​រៀបការ​ទាំងនោះ​។ ហើយ​ពាក្យបណ្តឹង​ជាច្រើន​ត្រូវបាន​ទទួល​មកពី​ទីក្រុង Lahore​និ ង​ទីក្រុង Abbottabad នៃ​ប្រទេស​ប៉ា​គី​ស្ថាន​»​។​
 
​ប៉ា​គី​ស្ថាន​និង​ចិន​មានការ​ប្រុងប្រយ័ត្ន​បំផុត​ដល់​សេចក្តីរាយការណ៍​ណា ដែល​រិះគន់​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​២​។ ក្រុមមន្ត្រី​ប្រទេស​ទាំង​២ ក៏បាន​រារាំង​កា​រិះគន់​របៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ចិន និង​ប៉ា​គី​ស្ថាន ឬ​(CPEC) និង​ការវិនិយោគទុន​កិច្ច​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ ឬ​(BRI)​ថា ជាការ​ឃោសនា​របស់​ប្រទេស​លោកខាងលិច​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ការពារ​របៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ចិន​និង​ប៉ា​គី​ស្ថាន ឬ​(CPEC)​ថា ជា​កិច្ច​ផ្តួចផ្តើម​ប្រកបដោយ​ផ្លែផ្កា​យ៉ាងខ្លាំង ដោយ​និយាយថា របៀង​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ចិន​និង​ប៉ា​គី​ស្ថាន ឬ​(CPEC)​បាន​បង្កើត​ការងារ​រាប់ពាន់​ក្នុងស្រុក និង​ដោះស្រាយ​វិបត្តិ​ថាមពល​ដែល​បានធ្វើ​ឲ្យ​ជាប់គាំង​អស់​រាប់​ទសវត្ស​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​
 
​សហរដ្ឋអាមេរិក​បាន​ពោល​អះអាងថា គម្រោង​កិច្ច​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន ជា​គម្រោង​សេដ្ឋកិច្ច​មានការ​មន្ទិលសង្ស័យ ហើយ​មាន​ផលប្រយោជន៍​ផ្នែក​សន្តិសុខ​ជាតិ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ព្រមាន​ប្រទេស​ផ្សេងៗ​ទៀត​អំពី​ហានិភ័យ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com