ជាតិ
អន្តរជាតិ
វិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិន ក្វាងស៊ី ធ្លាប់បណ្ដុះបណ្ដាលយុវជនកម្ពុជាជាង៤០០នាក់
× ណាននីង-ចិន៖ វិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិន ក្វាងស៊ី ជាស្ថាប័នបណ្ដុះបណ្ដាលថ្នាក់អន្តរជាតិ ដែលបង្កើតដោយគណៈកម្មាធិការកណ្តាលនៃក្រុមយុវជនកុម្មុយនិស្តចិន និងគណៈកម្មាធិការក្វាងស៊ី។ ក្នុងរយៈពេល១៦ឆ្នាំកន្លងមក វិទ្យាស្ថាននេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីយុវជនអាស៊ានចំនួន៥២លើករួចមកហើយ ក្នុងនោះមានយុវជនកម្ពុជាជាង ៤០០នាក់ផងដែរ។
យុវជនកម្ពុជាជាង ៤០០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗពីវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិនក្វាងស៊ី នៅទីក្រុងណាននីង ប្រទេសចិន ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ។ លោក Qin Chaojie នាយករងវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិនក្វាងស៊ី បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០២មក យុវជនក្នុងតំបន់អាស៊ានរាប់ពាន់នាក់ បានមកចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថាននេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
តាមរយៈការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាល វិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិនក្វាងស៊ី មានគោលបំណងផ្លាស់ប្ដូរការសិក្សារវាងយុវជន និងយុវជន ដោយបណ្ដុះបណ្ដាលយុវជននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក។ លើសពីនេះ វិទ្យាស្ថានចង់បង្កើនមិត្តភាព និងការជឿទុកចិត្តរវាងយុវជន និងយុវជន រួមទាំងជំរុញមិត្តភាពប្រទេសចិន និងពិភពលោកផងដែរ។
នាយករងវិទ្យាស្ថានរូបនេះ បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានជួយបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាន។ សូមបញ្ជាក់ថា ដើម្បីអនុវត្តគម្រោងវគ្គបណ្ដុះបណ្ដាលដែលផ្ដួចផ្ដើមដោយ លោក ស៊ី ជិនពីង និង សម្ដេច ហ៊ុន សែន វិទ្យាស្ថាននេះ បានទទួលបន្ទុករៀបចំវគ្គបណ្ដុះបណ្ដាលយុវជនជាអ្នកជំនាញកសិកម្មកម្ពុជាចំនួន២០រូប កាលពីឆ្នាំ២០១៧។ បន្ថែមលើនេះ ក្នុងឆ្នាំ២០១៨ វិទ្យាស្ថានក៏បានបណ្ដុះបណ្ដាលយុវជនកម្ពុជាចំនួន២០រូប ទាក់ទងនឹងសហគ្រិនភាព និងឆ្នាំ២០១៩នេះ ទាក់ទងនឹងបច្ចេកវិទ្យាផងដែរ៕
Tag:
ចិន
ណាននីង
ក្វាងស៊ី
យុវជន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com