អន្តរជាតិ
លោក ក្វៃ​ដូ ប្រកាស​ធ្វើបាតុកម្ម​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ទម្លាក់​លោក ម៉ា​ឌុយ​រ៉ូ
20, Apr 2019 , 12:29 pm        
រូបភាព
​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ នៅ​ថ្ងៃទី​១៩ ខែមេសា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ធ្វើបាតុកម្ម​ធំ​សម្បើម​មួយ​នៅ​ខែឧសភា សំដៅ​ទាមទារ​ឲ្យ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចុះ​ចេញពី​តំណែង​។ លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរនោះ បាន​ប្រឹងប្រែង​រក​ផ្លូវ​គ្រប់​ច្រកល្ហក​ដើម្បី​បញ្ចប់​អំណាច​លោក ម៉ា​ឌុយ​រ៉ូ ដែល​លោក​ថា កំពុង​កាន់អំណាច​ខុសច្បាប់ ប៉ុន្តែ​លោក ម៉ា​ឌុយ​រ៉ូ ហាក់​មិន​រង្គើ​អ្វី​សោះ​។

 
​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​តាំងពី​ថ្ងៃទី​២៣ ខែមករា​មក លោក ហ័ន ក្វៃ​ដូ នៅតែ​មិនទាន់​អាចធ្វើ​អ្វី​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ដដែល​។ ទោះ​មាន​ប្រទេស​ច្រើនជាង​៥០​គាំទ្រ​រាប់ទាំង​ត​អាមេរិក​ផង​នោះ​ក្ដី មេដឹកនាំ​ប្រឆាំង​រូបនេះ ហាក់​ពិបាក​នឹង​គាស់​រំលើង​អំណាច​របស់​គូប្រជែង​របស់ខ្លួន ដែល​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ជាច្រើន​លើ​ឆាក​អន្តរជាតិ និង​ពី​សំណាក់​ក្រុម​យោធា​ក្នុងស្រុក​ទៅទៀត​។ 
 
​ជា​ញឹកញយ ប្រធានរដ្ឋសភា​វ័យក្មេង​រូបនេះ បានស្នើ​ឲ្យ​ប្រជាជន​ធ្វើបាតុកម្ម​ដើម្បី​បង្ខំ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចុះ​ចេញពី​តំណែង​។ នៅ​ថ្ងៃទី​១៩ ខែមេសា លោក ក្វៃ​ដូ ក៏​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ធ្វើបាតុកម្ម​ធំ​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ដាក់​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​លើ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស់​។ គម្រោង​នៃ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី​១ ខែឧសភា​ដើម្បី​បញ្ចប់​នូវ​អ្វីដែល​លោក ក្វៃ​ដូ ហៅថា ការដណ្ដើម​អំណាច​រប​ស់លោក ម៉ា​ឌុយ​រ៉ូ ។​
 
​លោក ក្វៃ​ដូ ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​អ្នក​ដណ្ដើម​អំណាច​ព្រោះតែ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨ ធ្វើឡើង​ពោរពេញ​ដោយ​ភាពមិនប្រក្រតី ហើយ​គ្មាន​បក្សប្រឆាំង​ចូលរួម​ផង​។ ជា​លទ្ធផល លោក ម៉ា​ឌុយ​រ៉ូ ក៏​ឈ្នះឆ្នោត​ដោយ​ស្រួល​។ 
 
​វិ​ប​ត្ត​នយោបាយ​ក្នុងស្រុក បាន​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យ៉ាងខ្លាំង ខណៈ​វិបត្តិ​មនុស្សធម៌​ក៏​ផ្ទុះឡើង​កាន់តែខ្លាំង​រហូត​បង្ខំ​ឲ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​ត្រូវ​រត់ចោល​ផ្ទះ​ទៅកាន់​ប្រទេសជិតខាង​ដូចជា​កូ​ឡុំ​ប៊ី​ជាដើម​។ លោក ក្វៃ​ដូ ក៏​ឆ្លៀត​យក​បញ្ហា​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​លោក ម៉ា​ឌុយ​រ៉ូ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ច្រក​ទទួល​ជំនួយ​ដែល​លោក ក្វៃ​ដូ សុំ​បាន​ពី​បរទេស​។ ប៉ុន្តែ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលបាន​បញ្ជា​បិទ​ព្រំដែន​ទៅវិញ​។​
 
​តាមពិតទៅ លោក ម៉ា​ឌុយ​រ៉ូ បារម្ភ​ថា ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដែល​ភាគច្រើន​ជា​របស់​អាមេរិក ជាការ​បើកផ្លូវ​ឈ្លានពាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​សំណាក់​អាមេរិក​ផ្ទាល់​។ ទោះជា​យ៉ាងណា ក្នុង​សប្ដាហ៍​នេះ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​បើកផ្លូវ​ឲ្យ​កាកបាទក្រហម​អន្តរជាតិ​ដឹកជញ្ជូន​ជំនួយ​ថ្នាំពេទ្យ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​តាម​មន្ទីរពេទ្យ​នានា​។ អង្គការសហប្រជាជាតិ​ប៉ាន់​ស្មានថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រមាណ​៣០​លាន​នាក់ ត្រូវការ​ជំនួយ​បន្ទាន់​៕ 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com