អន្តរជាតិ
Kamikaze៖ ទាហាន​ជប៉ុន​ធ្វើអត្តឃាត​ដោយ​បើក​យន្តហោះ​បុក​កម្ទេច​នាវា​អាមេរិក​
20, Apr 2019 , 7:29 pm        
រូបភាព
​ការវាយប្រហារ​លើ​កំពង់ផែ Pearl Harbor កោះ​ហា​វ៉ៃ​ពី​សំណាក់​ជប៉ុន​ឆ្នាំ ១៩៤១ បង្ខំ​ឲ្យ​អាមេរិក​ចូលប្រឡូក​ក្នុង​សង្គ្រាមលោកលើកទីពីរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងពេល​ប្រយុទ្ធ ជប៉ុន​ក៏បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​យោធា​ដ៏​ចម្លែក​តាមរយៈ​ការបើក​យន្តហោះ​ធ្វើអត្តឃាត ក្នុង​គោលបំណង​យក​ប្រៀប​លើ​ទាហាន​អាមេរិក​។

 
​គេហទំព័រ history.com បាន​ពន្យល់ថា កម្លាំង​ទ័ព​របស់​ភាគី​ជប៉ុន​ជួប​បញ្ហា​ជាច្រើន​ក្នុងពេល​ធ្វើសង្គ្រាម​ដែល​ក្នុងនោះ​មាន​សព្វាវុធ ធនធាន​សម្រាប់​ទ្រទ្រង់​ការវាយលុក និង​ទិន្នន័យ​អំពី​ការប្រយុទ្ធ​សំខាន់ៗ​ដទៃទៀត​។ ដោយសារ​ហេតុនេះ ក្នុង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​១៩៤៤ ជប៉ុន​បានសម្រេច​ឲ្យ​មានការ​វាយលុក​បែប​ថ្មី​មួយ​ដែល​ពិភពលោក​មិនអាច​នឹកស្មាន​ដល់​។ វា​ត្រូវបាន​ប្រជាជន​ជប៉ុន​ដាក់ឈ្មោះថា Kamikaze ឬ ជា​ភាសា​អង់គ្លេស​ថា «Divine Wind»​។ 
 
​យុទ្ធសាស្ត្រ​វាយប្រហារ​ផ្លូវការ​អាកាស​ថ្មី​នោះ គឺ​អ្នកបើក​យន្តហោះ​ភ្ជាប់​ខ្លួន​ជាមួយ​គ្រាប់បែក​ដោយ​បើក​តម្រង់​នាវាចម្បាំង​សំខាន់ៗ របស់​សត្រូវ​ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង​។ ទាហាន​ជប៉ុន​បានសម្លាប់​ខ្លួនឯង​ដោយ​មិន​ញញើត​ឡើយ ដើម្បី​ឲ្យ​ប្រទេស​របស់ខ្លួន​មានប្រៀប​ក្នុងពេល​សង្គ្រាម​។ 
 
​អ្នកបើក​នាវា​ជប៉ុន​កាលពី​សម័យ​នោះ លោក Motoharu Okamura បាន​និយាយថា​៖ «​ខ្ញុំ​ជឿជាក់ថា មធ្យោបាយ​តែមួយគត់​ដែល​អាច​បង្វិល​ទិសដៅ​សង្គ្រាម​មកកាន់​ការចង់បានរ​បស់​យើង​គឺ ការប្រើប្រាស់​យុទ្ធសាស្ត្រ​យន្តហោះ​អត្តឃាត​។ ដោយ​ធ្វើ​ដូចនេះ មាន​មនុស្ស​ជាច្រើន​សុខចិត្ត​ចូលរួម​ដើម្បី​ការពារ​ប្រទេសជាតិ​របស់គេ​»​។ 
 
​នៅក្នុង​សង្គ្រាម​ឆ្នេរ Leyte ទាហាន​កា​មី​កា​ហ្ស៊ី​ជប៉ុន​ជាង​៥០០០ នាក់​បាន​បូជាជីវិត ដើម្បី​ពន្លិច​នាវា​អាមេរិក​អស់​៣៤​គ្រឿង​។ ទាហាន​អាមេរិក និង​អង់គ្លេស​ប្រមាណ​៣០០០​នាក់​បាន​ស្លាប់​ដោយសារ​យុទ្ធសាស្ត្រ​របស់​ជប៉ុន​មួយ​នេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​អាមេរិក​មិនបាន​ចុះចាញ់ ក្នុង​សង្គ្រាម​ប្រឆាំង​ប្រទេស​ជប៉ុន​ដែរ​។ អាមេរិក​បាន​យកជ័យ​ជម្នះ​ក្នុងការ​កាន់កាប់​តំបន់​ជាច្រើន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com