ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្រ្កាន្តឆ្នាំថ្មី
មាន​ស្ករផែន​យក្ស​ហើយ ឆ្នាំក្រោយ​បន្ទាយស្រី​សង្ក្រាន្ត ចង់​រៀបចំ​ធ្វើ​នំ​បញ្ចុក​យក្ស​ម្ដង​
20, Apr 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ ស្រុក​បន្ទាយស្រី​មាន​ភាព​ល្បី​ល្បាយ​តាមរយៈ​ប្រាសាទបន្ទាយស្រី ដែល​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​ឱ្យមក​ទស្សនា​។ ផលិតផល​ដែល​គេ​ស្គាល់​ថា​ជា​អត្ដ​សញ្ញាណ​របស់​ស្រុក​នេះ រួមមាន​ស្ករត្នោត និង​នំ​បញ្ចុក​ប្រដាក់​។ ឆ្នាំនេះ ស្រុក​បន្ទាយស្រី​ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នឹង​គេ​ដែរ គឺ​បន្ទាយស្រី​សង្ក្រាន្ត ដែលមាន​ការរៀបចំ​ក​ម្ម​វិធី​ជាច្រើន ក្នុងនោះ​មានដូចជា​ស្ករផែន​យក្ស​ជាដើម​។ អភិបាលស្រុក​បន្ទាយស្រី​បានឱ្យដឹងថា បន្ទាប់ពី​ជោគជ័យ​នៃ​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំនេះ​ដោយមាន​ស្ករផែន​យក្ស​ហើយ​នោះ នៅ​ឆ្នាំក្រោយ​ស្រុក​បន្ទាយស្រី​នឹង​រៀបចំ​នំ​បញ្ចុក​យក្ស​វិញ​ម្ដង ក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​



 
​គេ​សង្កេតឃើញថា ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​ធំៗ​បាន​រីក​សាយភាយ​តាម​បណ្ដា​ខេត្ត​ស្ទើរ​ពេញ​ប្រទេស បន្ទាប់ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ផ្អាក​ការរៀបចំ​នៅ​ឆ្នាំនេះ​។ ក្រៅពី​ការរៀបចំ​តាម​បណ្ដា​ខេត្ត​ធំៗ​ហើយ​នោះ នៅ​ខេត្តសៀមរាប​ឯណេះ​វិញ មានការ​រៀបចំ​ទាំង​នៅក្នុង​ក្រុង​ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត នៅ​ស្រុក​បន្ទាយស្រី​ឯណោះ​វិញ ក៏បាន​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​សមរម្យ​ផងដែរ​។ 


 
​ពេលមុនៗ​ដែលមាន​អង្គរ​សង្ក្រាន្ត អ្នកស្រុក​បន្ទាយស្រី​ក៏ដូចជា​តាម​បណ្ដា​ស្រុក​ជុំវិញ​ខេត្តសៀមរាប តែង​ឡើង​មកលេង​ក្នុង​ព្រឹត្តិការណ៍​នេះ ឯ​តាម​ស្រុក​ហាក់​រៀង​ស្ងាត់​។ ខុសពី​មុន ឆ្នាំនេះ​អ្នកស្រុក​បន្ទាយស្រី​ក៏មាន បន្ទាយស្រី​សង្ក្រាន្ត​ដែរ ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ស្រុក សហការ​ជាមួយ​ក្រុមយុវជន​។ 


 
​លោក ណុប វុ​ធ្ធី អភិបាលស្រុក​បន្ទាយស្រី ពេល​កំពុង​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​បរិវេណ​ប្រារព្ធ​កម្មវិធី​បន្ទាយស្រី​សង្ក្រាន្ត​បានឱ្យដឹងថា ឆ្នាំនេះ​ហាក់​ប្លែក​បន្ដិច​សម្រាប់​អ្នក​បន្ទាយស្រី ព្រោះ​មានកម្ម​វិធី​ធំ​ក្នុង​ភូមិស្ថាន​របស់ខ្លួន​។ លោក​បន្ថែមថា បំណង​សំខាន់​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​សាមគ្គីភាព និង​ឱ្យ​ពលរដ្ឋ​បានដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​។ ជាងនេះទៅទៀត​នោះ ស្រុក​បន្ទាយស្រី​ជា​ស្រុក​មាន​សក្កា​នុព​ល​មួយ​ដែល​ទេសចរ​តែង​ស្គាល់​ជាទូទៅ​នៅ​សំណង់​ប្រាសាទបន្ទាយស្រី ដូច្នេះ​រដ្ឋបាល​ស្រុក​ចង់​ផ្សព្វផ្សាយ​ពី​ភូមិសាស្ដ្រ​ស្រុក​នេះ​ឱ្យ​ទេសចរ​កាន់តែ​ស្គាល់​បន្ថែមទៀត​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​។​


 
​តាមរយៈ​អ្នកចូលរួម​ត្រឹម​ថ្ងៃ​ទីមួយ លោក​អភិបាលស្រុក​បន្ទាយស្រី​មើលឃើញថា មានការ​ចូលរួម​ច្រើន​ហួស​ពី​ការរំពឹងទុក​របស់​ក្រុមការងារ​។ កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត រួមមាន​កម្មវិធី​ប្រពៃណី​សាសនា ល្បែង​ប្រជាប្រិយ តំបន់​ត្រជាក់ចិត្ត ពិសេស​គឺមាន​ការរៀប​ចំ​ស្ករផែន​យក្ស​។ ការផលិត​ស្ករផែន​នេះ គឺ​ប្រើ​ទឹកត្នោត​ចំនួន ១,១១៩​លីត្រ ដែល​រំងាស់​បាន​ស្ករផែន​ទម្ងន់ ១,០១៩​គីឡូក្រាម​។​


  
​លោក វ៉ាន់​ឆៃ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត​ដែរនោះ​យល់ថា ការរៀបចំ​ពិធី​នៅតាម​ស្រុក​គឺជា​ការល្អប្រសើរ ដើម្បី​បង្ហាញ​ពី​ភាពសម្បូរ​បែប​របស់​ស្រុក​បន្ទាយស្រី​ដែលមាន​ដំណាំ​ធម្មជាតិ​ចម្រុះ​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​។ សម្រាប់​លោក វ៉ាន់​ឆៃ ជាការ​ប្លែក​ភ្នែក​ម្យ៉ាងដែរ​សម្រាប់​អ្នកស្រុក​បន្ទាយស្រី ដើម្បី​ផ្សព្វផ្សាយ​ពី​ភាពល្បីល្បាញ​របស់​ស្រុក​នេះ​បន្ថែមទៀត​ដល់​ទេសចរ​បានដឹង ក្រៅពី​ប្រាសាទ​ស្រុក​បន្ទាយស្រី​ក៏មាន​សក្កា​នុព​ល​លើ​វិស័យ​ផ្សេងទៀត​ផងដែរ​។​


  
​ជាមួយគ្នានេះ លោក វ៉ាន់​ឆៃ គាំទ្រ​ឱ្យ​បណ្ដា​ស្រុក​ដទៃទៀត​ចេះ​រៀបចំ​សង្ក្រាន្ត​ដូច​ស្រុក​បន្ទាយស្រី​ដែរ ដើម្បី​កាត់បន្ថយ​ការកម្សាន្ត​ទៅ​តំបន់​ឆ្ងាយៗ និង​មានឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ពី​វប្បធម៌ និង​អារ្យធម៌​ខ្លួន​ដល់​អ្នក​ខាងក្រៅ​បានដឹង និង​ចូលរួម​។​


 
​ស្រីរ័ត្ន គឺជា​យុវជន​ស្រុក​បន្ទាយស្រី ដែល​ចូលរួម​ផលិត​ស្ករផែន​យក្ស​។ ស្រីរ័ត្ន​ថា នាង​ពិតជា​រីករាយ​ណាស់​ដែលមាន​ឱកាស​ចូល​រួម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាមួយ​ក្រុមការងារ ហើយ​ការផលិត​ស្ករផែន ក៏​ដើម្បី​បង្ហាញ​ពី​អត្ដ​សញ្ញាណ​របស់​ស្រុក​បន្ទាយស្រី​នេះ​ផងដែរ​។ ឆ្នាំនេះ ស្រីរ័ត្ន​សង្កេតឃើញថា អ្នកភូមិ​នៅ​ជួបជុំគ្នា​ល្អ ដោយសារ​មានកម្ម​វិធី​ធំ​ក្នុងភូមិ​របស់ខ្លួន ដោយឡែក​ឆ្នាំមុនៗ​ពួកគេ​ចេញទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​


  
​រីឯ សុ​ភី​វិញ ក៏​សប្បាយរីករាយ​មិន​ខុសពី​ស្រីរ័ត្ន​ប៉ុន្មាន​ដែរ​។ ជា​យុវជន​ស្ម័គ្រ​ចូលរួម​ផលិត​ស្ករផែន​មួយរូប សុ​ភី​ថា ចង់ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​ដើម្បី​ភាពសប្បាយ​រីករាយ​ក្នុងភូមិ​។ មានកម្ម​វិធី​ច្រើន​ក្នុង​ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត តែ​សុ​ភី​ចាប់អារម្មណ៍​កម្មវិធី​ស្ករផែន​យក្ស​ជាងគេ ព្រោះថា​ក្រុមការងារ​នាង​ជា​អ្នក​អ្នក​ចំ​នៅទីនេះ​។ នាង​ថា ទម្រាំ​ចេញ​ស្ករផែន​យក្ស​នេះ​បាន ក្រុមការងារ​របស់ខ្លួន​នឿយហត់​គ្រប់គ្នា និង​ប្រើពេល​ពេញ​មួយថ្ងៃ​កូរទឹក​ត្នោត​ចេញ​ជា​ស្ករ​។​
 
​ជា​ឆ្នាំ​ដំបូង​ក្នុង​ការរៀបចំ​បន្ទាយស្រី​សង្ក្រាន្ត និង​មានការ​គាំទ្រ​ច្រើន លោក ណុប វុ​ធ្ធី អភិបាលស្រុក​បាន​បង្ហើ​ប​ឱ្យដឹងថា ឆ្នាំក្រោយ​បន្ទាយស្រី​សង្ក្រាន្ត​នឹង​រៀបចំ​ទៀត និង​មាន​កម្មវិធី​ពិសេស គឺ​ការផលិត​នំ​បញ្ចុក​យក្ស​វិញ​ម្ដង​។ លោក​អភិបាលស្រុក​មិនទាន់​លម្អិត​ពី​គម្រោង​នេះ​ទេ តែ​ថា​នំ​បញ្ចុក​ជា​អត្ដ​សញ្ញាណ​មួយ​របស់​ស្រុក​បន្ទាយស្រី ដែល​នំ​បញ្ចុក​របស់​អ្នកភូមិ​ប្រដាក់​មាន​ភាពល្បីល្បាញ​ពី​សំណាក់​ទេសចរ​ទូទៅ​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​៕

© រក្សាសិទ្ធិដោយ thmeythmey.com