ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា តាមដាន​វីដេអូ​ប្រកួត​របស់ Rudy Agutian មុន​ជួបគ្នា​ដើមខែ ឧសភា
20, Apr 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​អ្នកលេង​ក្បាច់គុន​ចម្រុះ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ រតនា បានកត់សម្គាល់​ចំណុច​ពិសេស​មួយចំនួន​របស់​កីឡាករ​ម្ចាស់ផ្ទះ Rudy Agutian ដែល​ត្រូវ​ជួបគ្នា​នៅ​សង្វៀន ONE: FOR HONOR នៅ​ថ្ងៃទី​៣ ខែឧសភា នៅ​ឥណ្ឌូណេស៊ី​។



​ចាន់ រតនា បាន​ប្រាប់​ពី​ចំណុច​ពិសេស​របស់​គូប្រជែង​បែបនេះ​៖ «​ខ្ញុំ​បាន​តាមដាន​វីដេអូ Rudy Agutian ជាច្រើន ហើយ​យល់ឃើញថា គាត់​មាន​កម្លាំង​ខ្លាំងណាស់ រួមទាំង​វីដេអូ កាច់​ផ្ដួល ខុន ស៊ី​ចាន់ ត្រឹម ១ ទឹក​ប៉ុណ្ណោះ​។ ក្រៅពី​កម្លាំង ឬ ស៊ុ​ហ្វ របស់គាត់​ខ្លាំង ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់គាត់​ទេ​។ ប៉ុន្តែ​ខ្ញុំ​បានដឹងថា គាត់​មាន​ពិសោធន៍​វ៉ៃ​នៅ​សង្វៀន One Championship ចំនួន ៣ ដង​ចុងក្រោយ​មិនដែល​ចាញ់​ទេ​។ ហើយ​ប្រកួត​ចុងក្រោយ​ទល់នឹង​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ គេ​ក៏​ឈ្នះ​ដែរ​នៅ សិង្ហ​បុរី កាល​ខែ កុម្ភៈ​។ ខ្ញុំ​ផ្ដោតលើ​ការការពារ​កម្លាំង​បុក​របស់គាត់​ជាជាង​ក្បាច់​របស់គាត់​»​។​
 
​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​រយៈពេល​ជាង ១ ខែ​មកនេះ​ជាប្រចាំ ដើម្បី​ត្រៀម​ប្រកួត​ទល់នឹង​ជើង​ខ្លាំង​របស់ ឥណ្ឌូណេស៊ី​។ រតនា មិនបាន​នាំ​គ្រួសារ ឬ ប្រពន្ធ​កូន​ទៅ​ដើរលេង​នៅទីណា​ទេ ជាពិសេស​អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ តែ​ត្រូវ​សំងំ​ហ្វឹកហាត់​កំលាំង ពោលគឺ​ខ្លាច​ចាញ់​កម្លាំង Rudy ដែល​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​ដោយ​ប្រើ​ក្បាច់​គាប និង ក្លេរ ខ្លាំង​មហាសាល​។ 


 
​ទោះជា​បែបណា​ក្ដី ម្ចាស់​ក្លិប​ប្រដាល់​សិល្បៈ​មិន​ហ៊ាន​កំណត់ថា​ប្រើ​ក្បាច់​បែបណា​ដើម្បី​ស៊ី Rudy ក្នុង​គោលដៅ​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ខុន ស៊ី​ចាន់ ទេ ប៉ុន្តែ ផ្ដោតលើ​ក្បាច់​ណា​អាច​យកឈ្នះ​បាន និង មើល​តាម​កាលៈទេសៈ នៅលើ​សង្វៀន​រួម​នឹង​បច្ចេកទេស​វ៉ៃ​ព្រម​គ្នា​។  គ្រូបង្វឹក​ប្រចាំ​ក្លិប​សិល្បៈ សង្កត់ធ្ងន់ថា ៖«​រឿង​សំខាន់ គឺ ចេះ​ការពារ​ដើម្បី​កុំ​ឲ្យ​ចូល​ក្បាច់​ក្លេរ និង កម្លាំង​គាប​ខ្លាំង​របស់គេ​»​។​
 
​ទោះជា​ការប្រកួត​លំដាប់​អន្តរជាតិ​កាន់តែ​ខិតជិត​មកដល់ អ្នកលេង​ក្បាច់គុន​យុទ្ធ​ក្រម​ខម និង គុន​ខ្មែរ​ដដែល​នេះ​មិនបាន​ចេញទៅ​ហ្វឹកហាត់​នៅ​បរទេស​ដូចជា ថៃ ឬ មី​យ៉ាន់​ម៉ា នោះឡើយ​ពោល​ហ្វឹកហាត់​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ និង ឆ្លៀតឱកាស​មើលថែ​ក្លិប​ប្រដាល់​របស់ខ្លួន​ផង​។ ប្រសិនបើ​មានការ​ប្រកួត​លើក​ក្រោយ និង ពេលវេលា​សមរម្យ​ណាមួយ​នោះ កីឡាករ​ជួរមុខ​ក្បាច់គុន​ចម្រុះ​រូបនេះ អាច​នឹង​ទៅ​បង្កើន​សមត្ថភាព​ក្បាច់គុន​នៅក្រៅ​ប្រទេស​ពេល​ទទួលបាន​ឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ក្រោយៗ​ទៀត​។ 
 
​គួរ​ដឹងថា ចាន់ រតនា មានកំណត់​ត្រ​ប្រកួត​លើស​ង្វៀន MMA ចំនួន ៨ ដង ដែល​ក្នុងនោះ ឈ្នះ ៥ ដង និង​ចាញ់ ៣ ដង​។ ប្រកួត​លើកចុងក្រោយ​នៅ​សង្វៀន One Championship នៅ​ប្រទេស ហ្វីលីពីន កាល​ខែ ធ្នូ ឆ្នាំ ២០១៨ រតនា ឈ្នះ Abrou Fernandes ដោយ​វ៉ៃ​ឲ្យ​គូប្រជែង​ចុះចាញ់​ត្រឹម ទឹក​ទី​២ ប៉ុណ្ណោះ​។ មិន​ត្រឹម​ជា​កីឡាករ​ប្រចាំ​សង្វៀន​កម្រិត​ពិភពលោក One Championship អ្នកលេង MMA ប្រចាំ​ក្លិប ប្រដាល់​សិល្បៈ​រូបនេះ​ក៏ មាន​ប្រវត្តិ​ប្រកួត​ប្រដាល់សេរី​នៅ​កម្ពុជា និង ឡើង​សង្វៀន​តាម​ទូរទស្សន៍​ច្រើនដង​ដែរ​។ 
 
​នៅ​ថ្ងៃទី ៣ ឧសភា ខាងមុខ​នា​ប្រទេស ឥណ្ឌូណេស៊ី ក្រៅពី ចាន់ រតនា ដែល​តំណាង​ឲ្យ​កម្ពុជា តតាំង​នឹង​កីឡាករ​ម្ចាស់ផ្ទះ  Rudy Agutian នៅ​សង្វៀន ONE: FOR HONOR ក៏មាន​កីឡាការិនី​ឆ្នើម​ជម្រើសជាតិ នៅ ស្រី​ពៅ ជួប​កីឡាការិនី​ជើង​ខ្លាំង​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដែរ​៕ 

Tag:
 ចាន់ រតនា​
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com