ត្រី​នួន​ចាន់ អាច​រស់នៅ​បាន​ដល់ ១៥​ឆ្នាំ និង​មាន​ប្រវែង​រហូតដល់​ជិត​២​ម៉ែត្រ​
ជាតិ
ត្រី​នួន​ចាន់ អាច​រស់នៅ​បាន​ដល់ ១៥​ឆ្នាំ និង​មាន​ប្រវែង​រហូតដល់​ជិត​២​ម៉ែត្រ​
20, Apr 2019 , 3:50 pm        
រូបភាព
រូបភាព​៖ ffish.asia/​ថាច់ ផា​ណា​រ៉ា
រូបភាព​៖ ffish.asia/​ថាច់ ផា​ណា​រ៉ា
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​រស់នៅក្នុង​ទឹក​ភ្លាវ​ផង «​ទឹកប្រៃ​លាយ​ទឹកសាប​» និង​ទឹកសាប ក្នុង​តំបន់​ជាប់​ឆ្នេរសមុទ្រ តាម​ស្ទឹង អូរ និង​ជួនកាល​វា​ចូលមកក្នុង​តំបន់​ទឹកសាប​។



​ត្រី​នួន​ចាន់ មានឈ្មោះ​វិទ្យាសាស្ត្រ (Chanos chanos) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Milkfish​។ វា មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៨០ ស​.​ម ទម្ងន់​អតិបរមា ១៤​គ​.​ក្រ និង​អាច​រស់​នៅបាន​រហូតដល់​អាយុ​អតិបរមា ១៥​ឆ្នាំ​។ ត្រី​នួន​ចាន់ ជា​ប្រភេទ​ត្រី​ទឹកប្រៃ ដែល​ចូលមកក្នុង​តំបន់​ទឹក​ភា្ល​វ និង​ទឹកសាប តាម​ទន្លេ​នានា​។ ត្រី​នួន​ចាន់​ពេញវ័យ ប្រមូលផ្តុំ​គ្នា​ជា​ហ្វូង​ធំៗ នៅក្បែរ​តំបន់ឆ្នេរ ជុំវិញ​កោះ​នានា ដែលមាន​មាន​ថ្ម​ប៉ប្រះ​ទឹក និង​មានការ​អភិវឌ្ឍ​ល្អ​។​
 
​ពង និង​កូន​ត្រី​នួន​ចាន់​តូចៗ រស់​នៅលើ​លំហ​សមុទ្រ ២-៣ សប្តាហ៍​។ កូន​ត្រី​ដែលមាន​អាយុ​ច្រើន​ថ្ងៃ​បន្តិច ធ្វើចរាចរ​ផ្លាស់​ទី​នៅ​តំបន់​មាត់សមុទ្រ និង​តាំងទី​ជម្រក​នៅតាម​តំបន់ដីសើម​នា​តំបន់ឆ្នេរ ក្នុង​ទឹក​ភ្លាវ​ដែលមាន​ព្រៃកោងកាង នៃ​ដំណាក់កាល​វិវត្តន៍​ជា​ត្រី​មិនទាន់​ពេញវ័យ ឬ​ម្តងម្កាល ចូលទៅក្នុង​ទឹកសាប​តាម​បឹង​។ ត្រី​នួន​ចាន់ មិនទាន់​ពេញវ័យ និង​ជិត​ពេញវ័យ វិលត្រឡប់​ចូលទៅក្នុង​សមុទ្រ​វិញ ទី​ដែល​អាច​បង្កាត់​ពូជ​បាន​។ វា​ពង​-​កូន តែ​ក្នុង​ទឹកសមុទ្រ​ប៉ុណ្ណោះ នៅ​កន្លែង​ទឹកថ្លា និង​រាក់ នា​បាតសមុទ្រ​ដែលមាន​ខ្សាច់ ឬ​ផ្កាថ្ម និង​មាន​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ពី​មាត់សមុទ្រ​។ ត្រី​នួន​ចាន់​ញី អាច​ពង​បាន​រហូតដល់ ៥​លាន​ពង និង​ញ៉ាស់​រយៈពេល ២៤​ម៉ោង​ក្រោយ​។ កូន​ត្រី​នួន​ចាន់​តូចៗ វា​ស៊ី​ពពួក​ប្លង់តុង​សត្វ ចំណែក​ត្រី​នួន​មិនទាន់​ពេញវ័យ និង ពេញវ័យ​ស៊ី បាក់តេរី ពណ៌​ផ្ទៃមេឃ ស្លែ​ទន់ៗ សត្វល្អិត ឬ​ពងត្រី និង​កូន​ត្រី​សមុទ្រ​ជា​អាហារ​។​
 
​ត្រី​នួន​ចាន់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១៦ ជា​ប្រភេទ​ត្រី​រងគ្រោះ​តិចតួច ដែល​អាច​នឹង​ឈានដល់​ការ​ផុត​ពូជ​។ បញ្ហា​ប្រឈម​ចំពោះ​ត្រី​នួន​ចាន់ មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។ ប៉ុន្តែ ការបាត់បង​ទីជម្រក​ក្នុង​ព្រៃកោងកាង និង​ការនេសាទ​ហួស​កម្រិត ហាក់ជា​កត្តា​ដែល​នាំ​ឲ្យ​ត្រី​ប្រភេទ​នេះ មានការ​ធ្លាក់ចុះ​។ សូមជួយ​ថែរក្សា​ទីជម្រក​មច្ឆជាតិ​ទាំងអស់គ្នា ដើម្បី​ឲ្យ​សម​នឹង​ពាក្យស្លោក​មួយ​ពោលថា ៖ ក្នុងប្រទេស​កម្ពុជា «​មានទឹក គឺមាន​ត្រី​»​។  
 

© រក្សាសិទ្ធិដោយ thmeythmey.com