ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ងួន ថុល ចំណាយ​ដើមទុន​តិច តែ​អាច​រកចំណូលបាន​ច្រើន ពី​ការដាំ​មមាញ
21, Apr 2019 , 5:59 pm        
រូបភាព
ដោយ:
​ត្បូងឃ្មុំ៖ អ្នកស្រី ងួន ថុល ដាំ​មមាញ​លើ​ផ្ទៃដី​ប្រមាណ​៤០​អា ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី​។ ដំណាំ​មមាញ​នេះ អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ចន្លោះ​ពី​៦​ទៅ​៧​លាន​រៀល ក្នុង​មួយ​រដូវ​កាល​។



​មុខរបរ​ដាំ​មមាញ​របស់​អ្នកស្រី ងួន ថុល ពិតជា​រកចំណូលបាន​ច្រើនជាង​កាលដែល​អ្នកស្រី​នៅ​ដាំ​ថ្នាំជក់​។ អ្នកស្រី​បាន​ដាំ​មមាញ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ នៅ​លើដី​ជុំវិញ​ផ្ទះ​ដែល​នៅសល់ នៅក្នុង​ភូមិ​ជី​រោទិ៍​ក្រោម​ទី​២ ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​។ របរ​ដាំ​មមាញ​នេះ គឺ​អ្នកស្រី ងួន ថុល ប្រើ​ដើមទុន​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។



​ថ្វី​ត្បិត​ដំណាំ​មមាញ​ចំណាយ​ដើមទុន​តិច តែ​ក៏ត្រូវ​ចំណាយពេល​ថែទាំ និង​ដាក់​ទឹក​ឲ្យ​បាន​ដិតដល់ បើ​មិន​ដូច្នោះ​ទេ​ទិន្នផល​ដែល​ទទួលបាន​មិន​ច្រើន​ឡើយ​។ ប្រភេទ​មមាញ​ដែល​អ្នកស្រី ថុល ដាំ​ត្រូវ​ចំណាយពេល​២៨​ថ្ងៃ​ទើប​អាច​ប្រមូល​ផល​បាន​។ ចំពោះ​មមាញ​ដែល​កាត់​ម្ដង​ហើយ អ្នកស្រី ត្រូវដាក់​ទឹក​ឲ្យ​បាន​ទៀងទាត់​ហើយ កាត់​វា​រៀងរាល់​៣​ថ្ងៃ​ម្តង​។ ដើម្បី​ប្រមូល​ផល​មមាញ​នេះ អ្នកស្រី ថុល ត្រូវ​ជួល​ឈ្នួល​ឲ្យ​ដកស្មៅ​ផងដែរ ដោយ​ក្នុង​ម្នាក់​ថ្លៃឈ្នួល​២៥,០០០​រៀល ។ 


 
​មមាញ​ដែល​អ្នកស្រី ថុល កាត់​ហើយ គឺមាន​ឈ្មួញ​មក​ទិញ​ដល់ផ្ទះ​តែម្តង ។ អ្នកស្រី អាច​លក់បាន​តម្លៃ​៣៥០០​រៀល​ក្នុង​មួយ​គីឡូ ហើយ​វា​អាច​ផ្ដល់​ចំណូល​បាន​ចន្លោះ​ពី​៦​ទៅ​៧​លាន​រៀល ទម្រាំ​ដល់​រដូវ​ទឹក​ឡើងវិញ​។ 


 
​កាលដើមឡើយ​អ្នកស្រី ងួន ថុល ជា​កសិករ​ដាំ​ថ្នាំជក់​ទេ តែដោយសារ​តែ​ថ្នាំ​លែង​ទទួលបាន​ប្រាក់ចំណេញ គ្រា​៣​ឆ្នាំ​ចុងក្រោយ​នោះ អ្នកស្រី​ក៏​សម្រេចចិត្ត​យក​ផ្ទៃដី​ដែល​ដាំ​ថ្នាំ​ទៅ​ដាំពោត​វិញ​។ ក្រៅពី​ដាំពោត​នៅ​ចម្ការ អ្នកស្រី ក៏​ឆ្លៀត​យក​ពេល​ទៅ​ដាំ​មមាញ ដែលជា​បន្លែ​មួយ​ប្រភេទ​មាន​ទីផ្សារ​គួរសម​អាច​ផ្តល់​ចំណូល​សម្រាប់​យកទៅ​ផ្ត​ត់​ផ្គង​ជីវភាព​ប្រចាំថ្ងៃ និង​ការរៀនសូត្រ​របស់​កូន​ផងដែរ​៕







Tag:
 មមាញ​
 ​បន្លែ​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com