អន្តរជាតិ
​មនុស្ស​ស្លាប់​ឡើងដល់​ជាង​២០០​នាក់ ក្រោយ​ការវាយប្រហារ​តាម​សណ្ឋាគារ និង​វិហារ​នៅ​ស្រីលង្កា​
21, Apr 2019 , 8:45 pm        
រូបភាព
ចំនួន​អ្នកស្លាប់​ដោយការវាយ​ប្រហារច្រើនកន្លែងនៅស្រីលង្កា កើនឡើងជាបន្តបន្ទាប់។ រូបថត AFP
ចំនួន​អ្នកស្លាប់​ដោយការវាយ​ប្រហារច្រើនកន្លែងនៅស្រីលង្កា កើនឡើងជាបន្តបន្ទាប់។ រូបថត AFP
ដោយ: ថ្មីៗ
ការវាយប្រហារ​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៨​លើក​នៅ​សណ្ឋាគារ និង​ព្រះវិហារ​នា​ថ្ងៃអាទិត្យ ទី​២១ ខែមេសា នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០០​នាក់​ហើយ បាន​ស្លាប់ និង​របួស​ជាច្រើន​នាក់​។ ជនបរទេស​ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​។​



 លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បាន​ផ្តន្ទាទោស​ការវាយប្រហារ​ទាំងនេះ ដោយ​លោក​បាន​ចាត់ទុកថា ជា​អំពើហិង្សា​ដ៏​សាហាវ​បំផុត បើ​គិត​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ប្រមាណ​១​ទសវត្ស​កន្លងមក​។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ជុំវិញ​ការ​ប្រហារ​ទាំងនេះ​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ការ​បំផ្ទុះ​ចំនួន​៦​លើក​បានកើត​ឡើង​នៅ​សណ្ឋាគារ​ចំនួន​៣ និង​ព្រះវិហារ​ចំនួន​៣ ខណៈដែល​មនុស្សម្នា​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter Sunday​។ ប៉ុន្មាន​ក្រោយមក ការផ្ទុះ​ពីរលើក​ទៀត​បាន​កើតឡើង​។​

AFP បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera ដែល​អះអាងថា យ៉ាងហោចណាស់ ការផ្ទុះ​ចំនួន​ពីរ​បង្កឡើង​ដោយ​អ្នក​ផ្ទុក​គ្រាប់បែក​អត្តឃាត​។ មកដល់ពេលនេះ មនុស្ស​យ៉ាងហោចណាស់​២០៧​នាក់ បាន​ស្លាប់ និង​ជាង​៤៥០​នាក់​រងរបួស ហើយ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​។​

​តាម​ប្រភពពី​មន្ទីរពេទ្យ ជនបរទេស​៣៥​នាក់ ស្ថិត​ក្នុងចំណោម​អ្នកស្លាប់ ដែល​ក្នុងនោះ​មាន​ជនជាតិ​អង់គ្លេស ហូ​ឡង់ អាមេរិក និង​ព័រ​ទុយ​ហ្គា​ល់​។ ជនជាតិ​ជប៉ុន ក៏​ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ចំណោម​អ្នករបួស​ផងដែរ​៕



Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com