ជាតិ
សង្គមជាតិ
កម្ពុជា​-​ថៃ ចាក់​បេតុង​ភ្ជាប់​ស្ពាន​ឆ្លង​ព្រំដែន និង​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់
22, Apr 2019 , 9:39 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) ហើយ នៅ​ព្រំប្រទល់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​២២ មេសា​នេះ​។​


 
​ក្រៅពី​គម្រោង​ចាក់​បេតុង​ភ្ជាប់​ស្ពាន​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​ទី​៣. ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការ ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​ទៀតផង​។​
 
​ទាក់ទង​នឹង​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) ត្រូវបាន​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទរ​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) ក្រសួង​ដឹកជញ្ជូន​ថៃ ។ ស្ពាន​នេះ ទទួលបាន​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ជាង ១៩​លាន​ដុល្លារ​អាមេរិក ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្ពាន​នេះ​ជា​ស្ពាន​ធំ​ទីមួយ ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១​។ ស្ពាន​នេះ​មាន​ប្រវែង ៦២០​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ដោយនៅ​ផ្នែក​កម្ពុ​ជាមាន​ប្រវែង​២១៥​ម៉ែត្រ នៅ​ផ្នែក​ខាង​ថៃ មាន​ប្រវែង ៤០៥​ម៉ែត្រ​។ ថ្លែង​ក្នុង​ពិធី​ត​ភ្ជាប់​នេះ សម្ដេច ហ៊ុន សែន ចាត់ទុក​ស្ពាន​នេះ គឺជា​ការតភ្ជាប់​និស្ស័យ និង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​កម្ពុជា​-​ថៃ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​។​
 
​ងាក​មក​ការបើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន និង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​វិញ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់​, សំណង់​អគារ​អន្តេវាសិកដ្ឋាន​, ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ «​ឃ្លាំង និង​ទីលាន​កុង​តែ​ន័​រ​», ការជួសជុល​កែលម្អ​ផ្លូវ​ចាស់ និង​សំណង់​កាត់បន្ថយ​គ្រោះទឹកជំនន់​។ ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មី​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៤​ខែ ។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល​។​
 
​ក្នុង​ពិធី​ដដែល​នេះ កម្ពុជា​-​ថៃ ក៏​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ជា​ផ្លូវការ​ផងដែរ​។ ភាគី​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការ ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU)​ទៀតផង​។ រដ្ឋាភិបាល​ថៃ ប្រគល់​ក្បាលរថភ្លើង​ចំនួន​មួយគ្រឿង ដោយមាន​ទូ​ចំនួន​៤ ដល់​រដ្ឋាភិបាល​កម្ពុជា ។ ទូរថភ្លើង​ទាំង​៤​នេះ អាច​ផ្ទុក​អ្នកដំណើរ​បាន​៣២០​នាក់​។ 
 
​ផ្លូវដែក​ភ្នំពេញ​-​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់ឡើង​នៅ​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង​។ ហើយ​នៅ​ឆ្នាំ​១៩៧៣ កំណាត់​ផ្លូវដែក​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កាត់ផ្តាច់ នៅ​គ្រា​ដែល​កម្ពុជា​ជួប​បញ្ហា​សង្គ្រាម​។ តែ​យ៉ាងណា​ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវបាន​ស្តារឡើងវិញ​ជា​បន្តបន្ទាប់ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ កាលពី​ខែមេសា ឆ្នាំ​២០១៨  ដោយ​ចំណាយ​ថវិកា​ជិត ៨៤​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តំបន់​ប៉ោយប៉ែត នឹង​ក្លាយជា​ទីតាំង​អភិវឌ្ឍន៍​សំខាន់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕
 

Tag:
 ហ៊ុន សែន​
  ព្រំដែន​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com