អន្តរជាតិ
លោក មហា​ធៀ​៖ ការអភិវឌ្ឍ​ប្រទេសជាតិ គួរ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការអភិរក្ស​បរិស្ថាន​
22, Apr 2019 , 12:04 pm        
រូបភាព
រូបថត៖ Bernama
រូបថត៖ Bernama
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ និយាយថា ម៉ាឡេស៊ី នឹង​មិនអាច​ជោគជ័យ​ក្លាយជា​ប្រទេស​អភិវឌ្ឍបានទេ ប្រសិនបើ​បរិស្ថាន​ត្រូវ​ទុកចោល​ឲ្យ​បាត់​បង់ហើយ​នោះ​។ មេដឹកនាំ​ចាស់​វស្សា​រូបនេះ លើកឡើងថា ខណៈ​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេសជាតិ ម៉ាឡេស៊ី មិនគួរ​ភ្លេច​ពី​សារសំខាន់​នៃ​ការរក្សា និង​អភិ​រក្សា​បរិស្ថាន​នោះឡើយ​។

 
​នៅក្នុង​ពិធី​អបអរ​ទិវា​ផែនដី កាលពី​ថ្ងៃទី​២០ មេសា លោក មហា​ធៀ មហាម៉ាត់ ផ្ញើ​សារ​យ៉ាងច្បាស់​មួយ​ថា ការអភិរក្ស​ធម្មជាតិ និង​បរិស្ថាន​សម្រាប់​ប្រជាជន​ជំនាន់​នេះ ក៏ដូចជា​ប្រជាជន​ជំនាន់​ក្រោយ គឺជា​ទំនួល​ខុសត្រូវ​របស់​បុគ្គល និង​សហគមន៍​ទាំងមូល​។ ហើយ​ទំនួល​ខុសត្រូវ​នេះ នឹងត្រូវ​អនុវត្ត​ទៅមុខ​ជានិច្ច ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់ទីភ្នាក់ងារព័ត៌មាន Bernama ។​
 
«​យើង​មើលឃើញ ឥទ្ធិពល​នៃ​ការអភិវឌ្ឍ​ដែល​គ្មាន​តុល្យភាព ដោយ​ផ្តោត​សំខាន់​តែ​លើ​ផលចំណេញ​តែមួយ​មុខ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ ដោយ​បន្ថែមថា ម៉ាឡេស៊ី នឹង​មិនអាច​ទទួលស្គាល់​ជា​ប្រទេស​អភិវឌ្ឍន៍​បានទេ ប្រសិនបើ​ម៉ាឡេស៊ី​មានតែ​អគារ​ខ្ពស់ៗ​កប់​ពពក ប៉ុន្តែ​ព្រៃឈើ​ត្រូវបាន​កាប់​ទន្ទ្រាន ចំណែក​ទឹក និង​ខ្យល់​ត្រូវបាន​បំពុល​ហើយ​នោះ​។   
 
​និយាយ​បែប​ផ្សេង លោក មហា​ធៀ  គូសបញ្ជាក់ថា ម៉ាឡេស៊ី អាច​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​បាន លុះត្រាតែ​ខ្លួន​អាចមាន​តុល្យភាព​រវាង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិរក្ស​ធម្មជាតិ​បៃតង និង​បរិស្ថាន​ដែលមាន​ស្រាប់​របស់ខ្លួន​។​
 
​ស្រប​ពេលដែល​ទិវា​ផែនដី Earth Day នឹងត្រូវ​ប្រារព្ធ​ធ្វើ​ឡើងជា​សកល​នៅ​ថ្ងៃទី​២២ ខែមេសា លោក មហា​ធៀ គូសបញ្ជាក់ថា ការយល់ដឹង​ពី​ការ​គាំពារ​បរិស្ថាន គួរតែ​ត្រូវអនុវត្ត និង​ចែករំលែក​ដោយ​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​។ សូម​បញ្ជាក់ដែរថា ពិធី​សាទរ​ទិវា​ផែនដី​របស់​ម៉ាឡេស៊ី ត្រូវបាន​ធ្វើឡើង​នៅក្នុង​សួន​ព័ទ្ធ​ដោយ​ព្រៃ​ជាង​២៦​ហិកតា​មួយ​ឈ្មោះថា Taman Tugu ដែល​ស្ថិតក្នុង​បេះដូង​នៃ​ទីក្រុង កូ​ឡា​ឡាំ​ពួរ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​មហាម៉ាត់​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com