អន្តរជាតិ
វាយប្រហារ​នៅ​ស្រីលង្កា​៖ អ្នកស្លាប់​ឡើង​ជិត​៣០០​នាក់ ខណៈ​២៤​នាក់​ត្រូវបាន​ចាប់ខ្លួន​
22, Apr 2019 , 12:19 pm        
រូបភាព
តួលេខអ្នកស្លាប់​ដោយការវាយប្រហារនៅ​៨ទីតាំងក្នុងក្រុង Colombo កាលពីថ្ងៃអាទិត្យ ឡើងដល់២៩០នាក់ ត្រឹមព្រឹកថ្ងៃចន្ទ។ រូបថត AFP
តួលេខអ្នកស្លាប់​ដោយការវាយប្រហារនៅ​៨ទីតាំងក្នុងក្រុង Colombo កាលពីថ្ងៃអាទិត្យ ឡើងដល់២៩០នាក់ ត្រឹមព្រឹកថ្ងៃចន្ទ។ រូបថត AFP
ដោយ: ថ្មីៗ
​ការវាយប្រហារ​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៨​លើក​នៅ​សណ្ឋាគារ និង​ព្រះវិហារ​កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមេសា  បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត​៣០០​នាក់​ស្លាប់ និង​របួស​ប្រមាណ​៥០០​នាក់​។ ដោយឡែក មនុស្ស​ចំនួន​២៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​។




​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ការ​បំផ្ទុះ​ចំនួន​៦​លើក​បានកើត​ឡើង​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​៣ (Shangri-La, Kingsbury និង Cinnamon Grand) និង​ព្រះវិហារ​ចំនួន​៣ ខណៈដែល​មនុស្សម្នា​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter Sunday នៅ​ក្រុង Colombo​។ ប៉ុន្មាន​ក្រោយមក ការផ្ទុះ​ពីរលើក​ទៀត​បាន​កើតឡើង​។​

AFP បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera ដែល​អះអាងថា យ៉ាងហោចណាស់ ការផ្ទុះ​ចំនួន​ពីរ​បង្កឡើង​ដោយ​អ្នក​ផ្ទុក​គ្រាប់បែក​អត្តឃាត​។ តាម​ប្រភពពី​មន្ទីរពេទ្យ ជនបរទេស​៣៥​នាក់ ស្ថិត​ក្នុងចំណោម​អ្នកស្លាប់ ដែល​ក្នុងនោះ​មាន​ជនជាតិ​អង់គ្លេស ហូ​ឡង់ អាមេរិក និង​ព័រ​ទុយ​ហ្គា​ល់​។ ជនជាតិ​ជប៉ុន ក៏​ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ចំណោម​អ្នករបួស​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បាន​ផ្តន្ទាទោស​ការវាយប្រហារ​ទាំងនេះ ដោយ​លោក​បាន​ចាត់ទុកថា ជា​អំពើហិង្សា​ដ៏​សាហាវ​បំផុត បើ​គិត​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ប្រមាណ​១​ទសវត្ស​កន្លងមក​។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ជុំវិញ​ការ​ប្រហារ​ទាំងនេះ​៕



Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com